នគរបាលមូលដ្ឋានបាននិយាយថា រថយន្តមួយគ្រឿងដឹកកម្មកររោងចក្រកាត់ដេរប្រហែល៦០នាក់បានជ្រុលទៅបុកដើមឈើមួយដើមនៅក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញ ហើយបានធ្វើឲ្យកម្មករ៤០នាក់រងរបួសស្រាល និងប្រាំនាក់រងរបួសធ្ងន់។
គ្រោះថ្នាក់នេះ គឺជាគ្រោះថ្នាក់ថ្មីបំផុតនៅក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីស្រដៀងគ្នានេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេរដែលមានទឹកប្រាក់៥ពាន់លានដុល្លារនៅកម្ពុជា ដោយកម្មកររាប់រយពាន់នាក់ត្រូវជិះប្រជ្រៀតគ្នានៅលើរថយន្តទៅនិងមកពីធ្វើការនៅតាមរោងចក្រនៅពេលព្រលឹម និងនៅពេលជិតព្រលប់។
លោក សំ ណាល់ អធិការនគរបាលស្រុកបានឲ្យដឹងថា ” កង់រថយន្តនោះបានបែក ហើយបានជ្រុលទៅបុកដើមឈើមួយដើមធ្វើឲ្យកម្មករ៤០នាក់រងរបួសស្រាល និងប្រាំនាក់រងរបួសធ្ងន់នៅពេលដែលកម្មករផ្សេងទៀតសង្កត់លើពួកគេ”។ លោកបានមានប្រសាសន៍ថា កម្មករទាំងនោះកំពុងធ្វើដំណើរទៅរោងចក្រមូស៊ីនយួន នៅក្នុងស្រុកជើងព្រៃនៅជាប់គ្នានោះ។ លោក ណាល់ បានបន្ថែមថា ” បន្ទាប់ពីរថយន្តនោះបានបុកដើមឈើហើយ ដំបូលរថយន្តបានបាក់ ហើយកម្មករបានធ្លាក់ចេញពីរថយន្តនោះ”។
អ្នកបើកបរមិនបានរត់គេចខ្លួនទេនៅពេលដែលឧបទ្ទវហេតុនេះកើតឡើង។ គាត់បានព្យាយាមបញ្ជូនកម្មករទៅមន្ទីរពេទ្យ។ ឥឡូវនេះរថយន្តនោះកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំអ្នកបើកបរចូលមកដោះស្រាយបញ្ហា។ គាត់ធ្វេសប្រហែស មិនត្រួតពិនិត្យរថយន្តរបស់គាត់”។
លោក ឡោ ច័ន្ទលី អភិបាលស្រុកបានមានប្រសាសន៍ថា អ្នកបើកបរបានដឹកមនុស្សលើសចំណុះ។ លោកបានមានប្រសាសន៍ថា ” មានកម្មករម្នាក់ដែលបានបាក់ដៃ បន្ទាប់ពីបានធ្លាក់ពីលើរថយន្ត ហើយគេបានដឹកនាងទៅព្យាបាលនៅទីក្រុងភ្នំពេញ។ យើងនឹងណែនាំមន្ត្រីនគរបាលឲ្យណែនាំអ្នកបើកបរឲ្យគោរពច្បាប់ចរាចរណ៍”។
លោកស្រី ជីល ថាក់ឃើ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកបច្ចេកទេសនៅកម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា ដែលគ្រប់គ្រងដោយអង្គការពលកម្មអន្តរជាតិបានមានប្រសាសន៍ថា គ្មានចែងនៅក្នុងច្បាប់ការងារ និងគ្មានច្បាប់ពាក់ព័ន្ធនឹងការដឹកកម្មករដោយសុវត្ថិភាពទេ។ លោកស្រីបានមានប្រសាសន៍ថា ” មានរោងចក្រតិចតួចណាស់ដែលជួលរថយន្តក្រុងដឹកកម្មករ។ វាគឺជារឿងពិបាក ពីព្រោះកម្មករជាច្រើនមិនរស់នៅក្នុងតំបន់តែមួយទេ”។
ដំណើរការនេះក៏មិនមានការគ្រប់គ្រង និងពិបាកឃ្លាំមើលដែរ ដោយសារថា នៅតាមផ្លូវភាគច្រើនមានរោងចក្រតូចៗ។ លោកស្រី ថាក់ឃើ បានមានប្រសាសន៍ថា ” មនុស្សដែលមានរថយន្តទាំងនេះបើករថយន្តដឹកកម្មករទៅមកពីរោងចក្រ។ វាមិនមែនការដឹកជញ្ជូនសាធារណៈទេ វាសម្រាប់តែដឹកកម្មករទៅរោងចក្រ។ ពួកគេគឺជាអ្នកបើកបរឯករាជ្យ ដែលរកលុយបានពីកម្មករ”៕ គឹមហឿន (រាយការណ៍បន្ថែមដោយ LaurenCrothers)