28 C
Phnom Penh

គរុសិស្ស​ដែល​នាយក​សាលា​លុប​​ឈ្មោះ​មិន​ឲ្យ​ប្រឡង​បញ្ចប់​​ មាន​ឈ្មោះ​ចូល​ប្រឡង​វិញ​ក្រោយ​ការ​តវ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ទីរ​អប់​រំ យុវជន និង​កីឡាខេត្ត​សៀម​​រាប បាន​ច្រាន​ចោល​ការ​សម្រេច​ចិត្ត​របស់​នាយក​សាលា​គរុកោសល្យ​ និង​វិក្រឹត្យ​ការ​ខេត្ត​សៀម​រាប ក្នុង​ការ​ហាម​ឃាត់​គរុសិស្សពីរ​នាក់​ដែល​រិះ​គន់​មិន​សំចៃ​មាត់ ​មិន​ឲ្យ​ចូល​រួម​ប្រឡង​បញ្ចប់​ថ្នាក់​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​សំណាក​់​មិត្ត​ៗគរុសិស្ស​ប្រហែល​២៥​០​នាក់​កាលពីម្សិលមិញ។

កញ្ញា វិន សាវី អាយុ​២១​ឆ្នាំ​ និង​កញ្ញា សិញ លីហុង អាយុ២០​ឆ្នាំ​ ដែល​បាន​ចុះ​ឈ្មោះ​សិក្សា​ក្នុង​កម្មវិធី​គរុកោសល្យ​រយៈ​ពេល​ពីរ​ឆ្នាំ បាន​និយាយ​រិះគន់​លោក​ នាវ ឱរ៉ា នាយក​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​របស់ពួកគេ​កាលពី​ខែកុម្ភៈ ដោយ​ចោទ​ប្រកាន់​លោក នាវ ឱរ៉ា តាម​វិទ្យុ​ថា លោក​បាន​បង្ខំ​ឲ្យ​គរុសិស្ស​ធ្វើ​ជា​សន្តិសុខ​យាម​ពេល​យប់​នៅ​សាលា​នេះ។

កញ្ញា​ វិន សាវី និយាយ​ថា ចាប់​តាំង​ពីពេល​នោះ​មក លោក​ នាវ ឱរ៉ា ​បាន​ធ្វើ​បាប​ពួកគេ​​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា បាន​ប្រាប់​ពួកគេ​ថា ពួកគេ​ត្រូ​វ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​ប្រឡង​បញ្ចប់​ថ្នាក់​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៤ ខែកក្កដាឡើយ​ ដែល​ជា​ដំណាក់​កាល​ប្រឡង​ចុង​ក្រោយ​ដើម្បី​ក្លាយ​ខ្លួន​ជា​គ្រូបង្រៀន​។

កញ្ញា​និយាយ​ទៀត​ថា ” លោក​នាយក​មិន​សប្បាយ​ចិត្ត​ទេ​ នៅពេល​យើង​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដូច្នេះហើយ​គាត់​ក៏ចោទ​ប្រកាន់​យើង​ថា យើង​មិន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ឲ្យ​បាន​សមរម្យ ដើម្បី​ហាម​ឃាត់​ពួក​យើង​មិន​ឲ្យ​ប្រឡង​។ វា​មិន​ត្រឹម​ត្រូវ​ទេ”។

មិត្ត​ៗគរុ​សិស្ស​ប្រហែល​២០០​នាក់​បាន​ធ្វើការ​តវ៉ា​ជំទាស់​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក នាវ ឱរ៉ា នៅ​ខាង​ក្រៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការនេះ​កាលពី​ម្សិលមិញ ជាហេតុ​បង្ខំ​ឲ្យ​លោក អុ៊ង សិរីឌី ប្រធាន​មន្ទីរ​អប់​រំ​ យុវជន​ និង​កីឡា កោះហៅ​លោក​ នាវ ឱរ៉ា ទៅ​ជួប។

លោក​​ អ៊ុង សិរីឌី បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​សម្រេច​បញ្ចូល​ឈ្មោះ​ពួកគេ​ទៅ​ក្នុង​បញ្ជី​ប្រឡង​វិញហើយ​ ដោយ​សារ​តែ​ក្រោយ​ពី​យើង​ពិនិត្យ​កំហុស​របស់​សិស្ស​ទាំង​នេះ​រួច យើង​ឃើញ​ថា វា​ជា​កំហុស​តូច​តាច​។ ខ្ញុំនៅតែ​បន្ត​ពិនិត្យ​តាន​ដាន​ថា​ តើ​នាយក​សាលា​ [លោក​ នាវ ឱរ៉ា​]​​​​​​​​​ ពិត​ជា​បាន​ដាក់​ទណ្ឌកម្ម​សិស្ស​ទាំង​នេះ​ដោយ​សារ​តែ​ពួកគេ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មែ​ន​ឬក៏អត់​”។

លោក​ នាវ ឱរ៉ា នៅតែ​មានះ​នៅពេល​ទាក់​ទង​កាលពីម្សិល​មិញ ដោយ​លោក​និយាយ​ការ​ពារ​វិធាន​ការ​របស់​ខ្លួន​ និង​រិះគន់​មន្ទីរអប់​រំ យុវជន និង​កីឡាខេត្ត​ ចំពោះការ​ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​លោក​។ លោក នាវ ឱរ៉ា មាន​ប្រសាសន៍​ថា ” សិស្ស​ទាំង​នោះ មាន​ទម្លាប់​មិន​ល្អ​ពាក់ព័ន្ធ​នឹង​ឯក​សណ្ឋាន​របស​់ពួកគេ ហើយ​ពួកគេ​មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​ទេ​”។ លោក​បាន​បន្ថែ​ម​ទៀត​ថា គរុសិស្ស​ទាំង​ពីរ​នាក់​នេះ​មិន​បាន​ស្ដាប់​​ការ​រំឭក​ដាស់​តឿន​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​ការ​បំពាន​បទ​​បញ្ជាផ្ទៃ​ក្នុងពាក់​ព័ន្ធ​​ឯក​សណ្ឋាន​របស់​ពួកគេ​។

លោក​មាន​ប្រសាសន៍​ថា គរុសិស្ស​ទាំ​ង​នេះ​ពាក់​ស្បែក​ជើង​ផ្ទាត់​នៅ​ក្នុង​សាលា ដែល​គេ​តម្រូវ​ឲ្យ​ពាក់​ស្បែកជើង​ប៊ូ ជាការ​អះអាង​មួយ​ដែល​គរុសិស្ស​ទាំង​នេះ​ច្រាន​ចោល​។ លោក​បាន​លើក​ឡើង​ទៀត​ថា ” ខ្ញុំ​បាន​ធ្វើការ​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​វិស័យ​អប់​រំ​។ ខ្ញុំ​អប់រំ​សិស្ស​ជាច្រើន​ ហើយ​ខ្ញុំដឹង​ពី​ចរិត​របស់​សិស្ស​”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស