សន្តិសុខខណ្ឌត្រូវបានគេយកមកដាក់នៅជ្រោយចង្វាកាលពីម្សិលមិញ ដើម្បីស្ទាក់ឃាត់ក្រុមអ្នកភូមិដែលបានត្រៀមវាយបំផ្លាញបំពង់ ដែលបាននិងកំពុងបូមខ្សាច់ចូលដីរបស់ខ្លួនអស់រយៈពេលមួយឆ្នាំមកហើយ។
អ្នកភូមិប្រហែល៤០គ្រួសារកាន់កាប់ដីនៅជ្រុងភាគឦសាននៃផ្ទៃដីសើម៣៨៧ហិកតា ដែលត្រូវបានប្រគល់ឲ្យក្រុមហ៊ុនវិនិយោគ OCIC ក្នុងកិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំកាលពីឆ្នាំ២០០១។
លោក យ៉ា លួងហួង អាយុ៦៨ឆ្នាំបាននិយាយថា ” នេះជាដីរបស់យើង។ យើងបានរស់នៅទីនេះតាំងពីរបប ប៉ុល ពត ដួលរលំ ហើយយើងមានបង្កាន់ដៃបញ្ជាក់។ បើពួកគេព្យាយាមបូមខ្សាច់ចូលដីយើង យើងនឹងយកពូថៅវាយបំបែកបំពង់បូមខ្សាច់”។
ក្រុមអ្នកភូមិកំពុងការពារដី៧ហិកតាចុងក្រោយ ដែលត្រូវគេប្រគល់ទៅឲ្យក្រុមហ៊ុន OCIC សម្រាប់គម្រោងអភិវឌ្ឍអចលនទ្រព្យតម្លៃ៣.០០០លានដុល្លារ ដែលមានឈ្មោះថា ” ទីក្រុងជ្រោយចង្វា ទីក្រុងអនាគត”។ ក្រុមហ៊ុន OCIC បានបូមខ្សាច់រាប់លានម៉ែត្រគូបរួចហើយចូលតំបន់ដីសើមដែលធ្លាប់តែមានរុក្ខជាតិនេះ។
កាលពីព្រឹកម្សិលមិញ លោក លួងហួង បានភ្ញាក់ឡើងឃើញខ្សាច់ហៀរចូលដីផ្ទះរបស់គាត់ប្រហែល៥ម៉ែត្រ ហើយបានហៅអ្នកជិតខាងរបស់លោកឲ្យមានវិធានការ។
ប៉ុន្តែក្រុមអ្នកភូមិមិនទាន់បានបំផ្លាញបំពង់លើដីដែលបូមខ្សាច់ពីសាឡង់បូមខ្សាច់នៅទន្លេសាបផង សន្តិសុខខណ្ឌមួយក្រុមមានគ្នា២០នាក់ក៏បានមកដល់។
បុរសម្នាក់ដែលបានប្រាប់ថា ឈ្មោះ ផាន់នី ជាប្រធានសន្តិសុខខណ្ឌជ្រោយចង្វា បាននិយាយថា ” យើងការពារដីរបស់ក្រុមហ៊ុន ពីព្រោះពួកគេទទួលបានការអនុញ្ញាតបូមខ្សាច់ដាក់លើដីនេះ”។ ការប្រកែកតឹងមាត់តឹងករវាងភាគីទាំងពីរបានកើតឡើង ដោយសន្តិសុខម្នាក់បានប្រាប់ក្រុមអ្នកភូមិថា ” ទៅផ្ទះទៅ បើចង់យកបំពង់នេះចេញ វាមិនងាយស្រួលទេ”។
អ្នកភូមិម្នាក់បានស៊កទៅវិញថា ” វាមិនពិបាកទេ យើងមានពូថៅ និងកន្ត្រៃកាត់ដែក”។ លោក ផាន់នី បានស្នើសុំឲ្យអ្នកភូមិដែលមានចំនួនរាប់រយគ្រួសារចុងក្រោយនេះឲ្យគេបូមខ្សាច់ដាក់ដីរបស់ខ្លួន ឲ្យចាកចេញដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍប្រទេស។
មុនពេលយល់ព្រមសម្របសម្រួលឲ្យមានជំនួបមួយនៅថ្ងៃនេះរវាងមន្ត្រីខណ្ឌ ក្រុមហ៊ុន OCIC និងអ្នកភូមិ លោក ផាន់នី បាននិយាយថា ” មើលទំព័រហ្វេសប៊ុកសម្ដេច [ហ៊ុន សែន] ទៅ អ្នកនឹងឃើញអ្វីដែលគាត់កំពុងខិតខំធ្វើហើយ គាត់កំពុងព្យាយាមអភិវឌ្ឍប្រទេសសម្រាប់អ្នកគ្រប់គ្នា”។ តាមសំណើរបស់លោក ផាន់នី ជាប្រធានសន្តិសុខ គេបានបញ្ឈប់ការបូមខ្សាច់នៅតំបន់លិចទឹកភូមិកៀនឃ្លាំង នៅពេលរសៀលម្សិលមិញ។
លោក ជ្រៀង សុផាន់ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា លោក លួងហួង និងអ្នកផ្សេងទៀតដែលរារាំងដំណាក់កាលចុងក្រោយនៃគម្រោងបូមខ្សាច់របស់ក្រុមហ៊ុន OCIC អាចមានសិទ្ធិទទួលបានប័ណ្ណកម្មសិទ្ធិដី។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេមានបង្កាន់ដៃពិតប្រាកដ ដើម្បីបង្ហាញថា ពួកគេបានកាន់កាប់ដីនេះតាំងពីឆ្នាំ១៩៨០មកមែននោះ ពួកគេអាចស្នើសុំប័ណ្ណកម្មសិទ្ធិដី។ ប៉ុន្តែជួនកាលបង្កាន់ដៃតែប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ”៕ មានិត