29 C
Phnom Penh

កម្ពុជា​និង​ចិន​កំពុង​ធ្វើ​សេចក្ដី​ព្រាង MoU ដើម្បីទប់​ស្កាត់​ការ​ជួញដូរ​កូន​ក្រមុំ​ទៅចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​កំពុង​ធ្វើ​សេចក្ដី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ (MoU) មួយ​ដើម្បី​ទប់​ស្កាត់​ការ​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅកាន់​ប្រទេស​ចិន​ ទី​ដែល​មាន​សេចក្ដី​រាយការណ៍​កាន់​តែច្រើន​ឡើង​ៗ​ថា ស្ត្រីខ្មែរ​ត្រូវ​បាន​ប្ដី​ជន​ជាតិ​ចិន​ធ្វើបាប​ និង​លក់​ខ្លួន​ឲ្យ​ធ្វើ​ស្រីពេស្យា។

យោងតា​ម​ឧត្តម​សេនីយ៍ទោ ប៉ុល ពិថី ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការ​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ផ្នែក​ការទូត​នេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួនជន​ជួញដូរ​មនុស្ស​​យ៉ាង​ច្រើន​នៅ​ឯអាកាស​យាន​ដ្ឋាន​ក្នុង​ប្រទេស​ទាំង​ពីរ​។

លោក ប៉ុល ពិថី​ បាន​មាន​ប្រសាសន៍​ថា ” ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​នៅ​តាម​អាកាសយាន​ដ្ឋាន​មាន​ការ​កើន​ឡើង​មក​ នៅពេល​ថ្មីៗ​នេះ​ករណី​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅកាន់​ប្រទេស​ចិន​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​ធម្មតា។ ប៉ុន្តែ វា​ជា​ក្ដី​បារម្ភដ៏ធំ​សម្រាប់​យើង​ នេះ​ហើយ​ជាមូល​ហេតុ​ដែល​យើង​ធ្វើ​សេចក្ដី​ព្រាងMoU ជាមួយ​រដ្ឋាភិបាល​ចិន​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ប្រភេទ​នេះ​ដើម្បី​ទៅ​រៀបកា​រ​ជាមួយ​បុរស​ចិន​”។

របាយការណ៍​​ឆ្នាំ​២០១៣​របស់​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ខ្លួន​បានដោះ​ស្រាយ​ករណី​លក់​ស្ត្រី​ខ្មែរ​​ឲ្យ​ធ្វើ​ជា​កូន​ក្រមុំ​នៅ​ក្នុង​ប្រទេស​ចិន​ចំនួន​១២​ករណី ចាប់​ខ្លួន​បាន​​មនុស្ស​២០​នាក់ និង​សង្គ្រោះជន​រង​គ្រោះ​បាន​៣៦​នាក់​នៅ​តាម​អាកាសយាន​ដ្ឋាន​ មុនពេល​ពួកគេ​ឡើង​លើ​យន្ត​ហោះ។ ទោះ​ជាយ៉ាង​ណា លោក ប៉ុល ពិថី បានមាន​ប្រសាសន៍​ថា លោកគ្មាន​តួលេខ​បច្ចុប្បន្ន​ភាព​សម្រាប់​ឆ្នាំ​នេះទេ។

កាលពីខែ​កុម្ភៈ មន្ត្រី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំ​នាក់ រួម​ទាំង​ជន​ជាតិ​ចិន​ពីរ​នាក់​ផង​ ពីបទ​ព្យាយាម​នាំ​ស្ត្រី​ខ្មែរ​ទៅ​កាន់​ប្រទេស​ចិន​ កន្លែង​ដែល​មាន​ការ​រៀ​ប​ចំ​ឲ្យ​ពួកគេ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​បន​។

កាលពីខែ​មីនា សាលា​ដំបូង​រាជធានីភ្នំពេញ បាន​ចោទ​ប្រកាន់មនុស្ស​បីនាក់​ពីបទ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​សម្រាប់​ស្ត្រីខ្មែរ​ ដើម្បី​បញ្ជូន​ពួកគេ​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​រៀប​ការ​ជាមួយ​បុរស​ចិន។ នៅពេល​មាន​ការ​ឃាត់​ខ្លួន​នៅ​អាកាស​យាន​ដ្ឋាន​នេះ ជន​រង​គ្រោះ​ពីរ​នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ។

ក្រោយ​មក​នៅ​ក្នុង​ខែ​ដដែល​នោះ ក្រុម​គ្រួសារ​របស់​ស្ត្រី​បួន​នាក់​មក​ពី​ខេត្ត​រតនគិរី និង​ខេត្ត​តាកែវ បាន​ដាក់​ពាក្យ​បណ្ដឹង​ដាច់​ដោយ​ឡែក​ពីគ្នា​ដើម្បី​ស្វះស្វែង​ឲ្យ​មាន​អន្តរាគមន៍​បញ្ជូន​សាច់​ញាតិ​របស់​ខ្លួ​ន​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ដោយ​អះអាង​ថា ស្ត្រីទាំង​នោះត្រូវ​បាន​ប្ដីជន​ជាតិ​ចិន​របស់​ពួកគេ​ធ្វើ​បាប និង​​ចាត់​ទុក​ដូច​ជា​ទាសករ​។

ស្ត្រី​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ចិន​វិញនិយាយ​ថា បុរស​ៗ​នៅទីនោះ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ១៥.០០០​ដុល្លារ​ឲ្យ​មេអណ្ដើក​រៀប​ចំ​ចាត់​ចែង​អាពាហ៍ពិពាហ៍ និង​បញ្ជូន​កូន​ក្រមុំ​ខ្មែ​រ​ឲ្យពួកគេ​។

កាលពី​ម្សិលមិញ អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​លីកាដូ ​បាន​ស្វាគមន៍​ MoU ដែល​នឹង​ចេញ​ជារូប​រាង​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​បាន​លើក​ឡើង​​ថា អាជ្ញាធរ​គួរ​តែ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ប្រតិបត្តិការ​តាម​វែក​មុខ​ជន​ល្មើស​ ពីព្រោះ​​​ជាញឹក​ញាប់​ជន​ជួញដូរ​មនុស្ស​ទាំង​នោះ​​មាន​ខ្នង​បង្អែក​ក្រាស់។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេសស៊ើប​អង្កេត​នៅអង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា ” ការ​ជួញដូរ​ស្ត្រីខ្មែរ​ទៅ​កាន់​ប្រទេស​ចិន​ គឺ​ជា​បទ​ល្មើស​ដែល​មាន​ការ​រៀប​ចំ​ទុក​ជាមុន​ ដូច្នេះ​យើង​សង្ឃឹម​ថា MoU រវាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​អនុវត្ត​ឲ្យ​​តឹង​រ៉ឹង​នៅពេល​ចូល​ជាធរមាន​”។

ចន្លោះពី​ខែ​សីហា ឆ្នាំ​២០១៣​ ដល់​ខែមិថុនា​ឆ្នាំ​នេះ អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា ខ្លួន​ទទួល​បានពាក្យ​បណ្ដឹង​ចំនួន​២៦​ ដែល​រួម​មាន​ស្ត្រី​សរុប​៣៧​នាក់​ដែល​ត្រូវ​បាន​គេ​ធ្វើបាប​ ឬលក់​ឲ្យ​ធ្វើ​ជា​ស្ត្រីពេស្យា​ បន្ទាប់ពី​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិនឲ្យ​​ធ្វើ​ជាកូន​ក្រមុំ។ លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​នោះ ​ស្ត្រី​ខ្មែរ​ប្រាំមួយ​នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វ​ិញ​កាលពី​ឆ្នាំ​មុន ហើយ​បីនាក់​ទៀត​បាន​វិល​មក​ស្រុក​ជួប​ជុំក្រុម​គ្រួសារ​វិញ​នៅ​ឆ្នាំ​នេះ​៕ សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស