អ្នកស្រី ញែ៉ម សុវណ្ណារី ជាកសិករនៅខេត្តតាកែវ និយាយថា គាត់ដឹងពីផលប្រយោជន៍នៃការចិញ្ចឹមសត្វកង្កែបនៅក្នុងស្រែរបស់គាត់ ព្រោះសត្វកង្កែបដើរតួជាថ្នាំសម្លាប់សត្វល្អិតធម្មជាតិ។ ប៉ុន្តែអ្នកស្រីនិយាយថាបើគ្មានការការពារទេ ការចិញ្ចឹមសត្វកង្កែបគ្មានប្រយោជន៍ឡើយ។
អ្នកស្រី សុវណ្ណារី បាននិយាយថា “ស្រែខ្ញុំនៅឆ្ងាយពីផ្ទះ ដូច្នេះខ្ញុំមិនអាចមើលវាឲ្យបានដិតដល់ទេ។ ប្រសិនបើខ្ញុំចិញ្ចឹមកង្កែប កង្កែបទាំងនោះនឹងត្រូវគេលួចអស់នៅពេលដែលខ្ញុំមិនទៅមើល។ ភូមិខ្ញុំមិនមានបម្រាមហាមឃាត់ការចាប់កង្កែបដូចនៅភូមិផ្សេងទេ”។ នៅពេលចិញ្ចឹមក្នុងស្រែ សត្វកង្កែបស៊ីសត្វល្អិតដែលបំផ្លាញដើមស្រូវ ដោយនាំឲ្យទទួលបានផលស្រូវច្រើន និងមិនចាំបាច់ប្រើសារធាតុគីមីដែលមានតម្លៃខ្ពស់ និងមានសារធាតុពុលឡើយ។
ប៉ុន្តែ ជំនួសឲ្យការទុកសត្វកង្កែបឲ្យស៊ីសត្វល្អិតអំឡុងពេលបង្កបង្កើនផលស្រូវនោះ អ្នកស្រី សុវណ្ណារី ចាប់កង្កែបយកទៅធ្វើម្ហូប ឬលក់នៅពេលចាប់ផ្តើមរដូវភ្លៀងដែលនៅពេលនោះសត្វកង្កែបសម្បូរ បើមិនធ្វើដូច្នេះទេនឹងមានគេមកចាប់យកមុនអស់។
ចាប់តាំងពីឆ្នាំ១៩៩៧មក មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) បានផ្សព្វផ្សាយអំពីរឿងនេះដល់កសិករថា សត្វកង្កែបអាចដើរតួនាទីសំខាន់នៅក្នុងការរារាំងសត្វល្អិតមិនឲ្យស៊ីស្រូវ និងធ្វើឲ្យដីមានជីជាតិ។ ថ្វីបើមានការខិតខំរបស់អង្គការក្រៅរដ្ឋាភិបាលនេះនៅតាមខេត្តចំនួន២២ និងមានរយៈពេលជិតពីរទសវត្សរ៍មកហើយក៏ដោយ ក៏គំនិតនេះត្រូវបានគេយកទៅអនុវត្តបានតិចតួចប៉ុណ្ណោះ។
លោក ហឹុម ខទៀត មន្ត្រីផ្នែកទំនាក់ទំនងរបស់អង្គការ សេដាក បានមានប្រសាសន៍ថា “មានមូលហេតុពីរ។ មូលហេតុទី១គឺកង្វះការយល់ដឹងរបស់កសិករធ្វើស្រូវអំពីផលប្រយោជន៍នៃការចិញ្ចឹមសត្វកង្កែបនៅក្នុងស្រែ និងទី២គឺកង្វះការសហការពីអាជ្ញាធរមូលដ្ឋាន”។
លោក ស៊ុម ផាសុតសឺត មេឃុំតាភេម ជាកន្លែងដែលស្រែរបស់អ្នកស្រី សុវណ្ណារី ស្ថិតនៅនោះបាននិយាយថា លោកបានដាក់បម្រាមមិនឲ្យមានការចាប់កង្កែប ហើយបាននាំឲ្យការចាប់កង្កែបថយចុះបាន៥០ភាគរយ ប៉ុន្តែ លោកគ្មានអំណាចដោះស្រាយជាមួយអ្នកដែលមិនស្តាប់លោកទេ។ លោកបាននិយាយថា “ គួរតែមានវិធានការច្បាស់លាស់ដើម្បីដាក់ទោសអ្នកទាំងនោះ បើមិនដូច្នេះទេទៅថ្ងៃមុខក៏នៅតែអ៊ីចឹងដែរ”។
លោក យ៉ង សាំងកុមារ ប្រធានអង្គការ សេដាក បានមានប្រសាសន៍ថា លោកចង់ឲ្យមានការបង្កើតច្បាប់ហាមឃាត់ការចាប់កង្កែប នៅដើមរដូវវស្សា ប៉ុន្តែ ការអប់រំនៅថ្នាក់មូលដ្ឋាន គឺជាការសំខាន់ជាង។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា នេះគឺជាការទទួលខុសត្រូវមួយរបស់មេឃុំ ក្នុងការអប់រំប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួន”។ លោកបានបន្ថែមថា ការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិតច្រើននៅតាមស្រែក៏ធ្វើឲ្យប៉ះពាល់ដល់សត្វកង្កែបដែរ។
លោក យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ” យើងប្រើថ្នាំសម្លាប់សត្វល្អិតច្រើន ហើយថ្នាំទាំងនោះមិនល្អសម្រាប់សត្វកង្កែបទេ ពីព្រោះសត្វកង្កែបងាយរងគ្រោះដោយសារថ្នាំសម្លាប់សត្វល្អិត។ ប្រសិនបើើយើងបាញ់ ឬប្រើថ្នាំគីមី វាកាត់បន្ថយរយៈពេលរស់របស់សត្វកង្កែប”។ លោក បែ៉ន វុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានមានប្រសាសន៍ថា លោកក៏ចង់ជំរុញឲ្យមានការចិញ្ចឹមសត្វកង្កែបនៅក្នុងស្រែដែរ ប៉ុន្តែ មិនមានមធ្យោបាយបណ្តុះបណ្តាលកសិករទេ។
លោក រស់ ម៉ៅ ជាកសិករនៅឃុំពពេល ក្នុងខេត្តតាកែវ គឺជាភ័ស្តុតាងបង្ហាញថា ការចិញ្ចឹមសត្វកង្កែបអាចទទួលបានប្រាក់កម្រៃច្រើន។ ចាប់តាំងពីគាត់បានបាប់ផ្តើមចិញ្ចឹមសត្វកង្កែបកាលពីឆ្នាំ២០០៦មក ទិន្នផលស្រូវរបស់គាត់កើនឡើងជិត២ដង ពី៣តោន ទៅ៥,៥តោនក្នុងមួយហិកតា។ គាត់ក៏អាចលក់សត្វកង្កែបបាន៨.០០០រៀលផងដែរក្នុងមួយគីឡូក្រាមក្រោយពេលប្រមូលផលម្តងៗ។
លោក ម៉ៅ បាននិយាយថា ការចិញ្ចឹមសត្វកង្កែបក្នុងស្រែអាចធ្វើទៅបានលុះត្រាតែមេឃុំបារម្ភអំពីការរស់នៅរបស់សត្វកង្កែប ដោយហាមឃាត់ប្រជាជនមិនឲ្យចាប់សត្វកង្កែប អំឡុងរដូវភ្លៀង។ គាត់បាននិយាយថា “មនុស្សឆ្លុះកង្កែបនៅពេលយប់។ នៅពេលយប់ខ្ញុំត្រូវក្រោកបួនឬប្រាំដងទៅមើលស្រែខ្ញុំ ពីព្រោះខ្ញុំខ្លាចគេចូលចាប់កង្កែបក្នុងស្រែខ្ញុំ”។ ទោះជាយ៉ាងណា កង្វះបទប្បញ្ញត្តិ គឺជាបញ្ហាតែមួយ។ ការចិញ្ចឹមសត្វកង្កែបអាចចំណាយលុយច្រើន និងពេលវេលាយូរ។
លោក ម៉ៅ បានចំណាយដំបូងប្រហែល១០០.០០០រៀលទៅលើបង្គោល និងសំណាញ់ដើម្បីរក្សាទុកកង្កែបនៅក្នុងស្រែរបស់គាត់ និងបង្កើតស្រះសិប្បនិម្មិតសម្រាប់ចិញ្ចឹមសត្វកង្កែប។ គាត់បា៉ាន់ប្រមាណថា នៅក្នុងឃុំរបស់គាត់ មានកសិករតែ៣០ភាគរយប៉ុណ្ណោះកំពុងចិញ្ចឹមសត្វកង្កែប។ គាត់បាននិយាយថា ” ពួកគេមិនសូវចាប់អារម្មណ៍ក្នុងការចិញ្ចឹមសត្វកង្កែបទេ ហើយពួកគេមានទម្លាប់ធ្វើអ្វីដែលពួកគេធ្លាប់ធ្វើ។ ទម្លាប់ពិបាកផ្លាស់ប្តូរណាស់”៕ គឹមហឿន