ស្ត្រីម្នាក់ដែលជាប់ចោទពីបទបញ្ចុះបញ្ចូលប្រជាពលរដ្ឋងាយរងគ្រោះឲ្យលក់ក្រលៀនរបស់ខ្លួនទៅអ្នកជំងឺនៅតាមមន្ទីរពេទ្យថៃ ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃអង្គារ។ ក្នុងចំណោមជនរងគ្រោះប្រាំនាក់ មានពីរនាក់ជាបងប្អូនប្រុសបង្កើតរបស់ជនល្មើសនិងម្នាក់ទៀតជាបងប្អូនជីដូនមួយ។
ស្ត្រីជាជនល្មើសដែលមានឈ្មោះ យ៉ែម អាស៊ីសាស់ អាយុ២៩ឆ្នាំហៅ ស៊ីនួន ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សចាប់ខ្លួននៅក្បែរផ្ទះរបស់នាងក្នុងខណ្ឌជ្រោយចង្វា តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះម្នាក់ ដែលម៉ូតូរបស់ខ្លួនត្រូវបាននាងយកទៅរក្សាទុកដើម្បីទារប្រាក់លោះ ខណៈពេលនាងព្យាយាមកាត់យកចំណែករបស់ខ្លួននៃតម្លៃក្រលៀន១៣.០០០ដុល្លារ ដែលនាងបានចរចាជាមួយអ្នកទិញក្រលៀនរបស់បុរសនេះ។
បុរសឈ្មោះ ញ៉ែម ផល្លា អាយុ៤០ឆ្នាំដែលត្រូវជាឪពុកចុងរបស់ ស៊ីនួន ក៏ត្រូវបានចាប់ខ្លួនដែរ នៅពេលគាត់ទៅសួរសុខទុក្ខនាងក្នុងមន្ទីរឃុំឃាំងនៅយប់ថ្ងៃអង្គារដដែលនោះ។ បុរសនេះជាប់ចោទពីបទសមគំនិតជួយ ស៊ីនួន រត់ការធ្វើឯកសារក្លែងបន្លំប្ដូរឈ្មោះជនរងគ្រោះទៅជាសាច់ញាតិរបស់អ្នកទិញក្រលៀន ទើបក្រុមគ្រូពេទ្យថៃ អនុញ្ញាតឲ្យមានការវះកាត់យកក្រលៀនចេញ។
វរសេនីយ៍ទោ កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ” ស្ត្រីខ្មែរអុីស្លាមម្នាក់ ដែលមានមុខរបរជាអ្នកលក់កាហ្វេ និងឪពុកចុងរបស់នាង ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារ ហើយនឹងត្រូវបញ្ជូនខ្លួនទៅតុលាការដើម្បីធ្វើការចោទប្រកាន់ពីបទជួញដូរមនុស្ស និងបទបន្លំស្នើសុំឯកសារ។ យោងតាមច្បាប់ ទោះបីជាមនុស្សណាម្នាក់យល់ព្រមលក់ក្រលៀនរបស់ខ្លួនក៏ដោយ ក៏ការវះយកក្រលៀនចេញ គឺជារឿងខុសច្បាប់”។
ស៊ីនួន និង ញ៉ែម ផល្លា នឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីធ្វើការចោទប្រកាន់។ យោងតាមលោក កែវ ធា បានឲ្យដឹងថា ស៊ីនួន បានដំណើរការរបររកស៊ីធ្វើជាអ្នកចរចាទិញលក់ក្រលៀនអស់រយៈពេលជិតមួយឆ្នាំមកហើយ ហើយបានព្យាយាមបោកបញ្ឆោតអ្នកដែលជិតស្និទ្ធនឹងនាង។ លោកមានប្រសាសន៍ថា ការចាប់ខ្លួននេះធ្វើឡើងក្រោយពីការស៊ើបអង្កេតរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីយុវជនម្នាក់ឈ្មោះ មុត សាទីរិន អាយុ២៣ឆ្នាំ ត្រូវជាប្អូនជីដូនមួយរបស់ ស៊ីនួន ដែលជាជនរងគ្រោះទី៥។
លោក កែវ ធា មានប្រសាសន៍ទៀតថា ” ស៊ីនួន ជាមនុស្សម្នាក់ដែលបានបញ្ចុះបញ្ចូលមនុស្សក្មេងៗ ហើយនាងជាមនុស្សម្នាក់ដែលបានចរចាតម្លៃរវាងអ្នកជំងឺ និងអ្នកលក់។ ជនសង្ស័យទទួលបានប្រាក់មួយចំនួនពីជនរងគ្រោះសម្រាប់ការលក់ក្រលៀនរបស់ពួកគេ”។
យោងតាមនគរបាលបានឲ្យដឹងថា ស៊ីនួន បានចរចាតម្លៃជាមួយអ្នកជំងឺដែលទន្ទឹងរង់ចាំក្រលៀន ហើយបន្ទាប់មក ទទួលបានចំណែកប្រាក់បានពីការលក់ក្រលៀននោះ។ អ្នកទទួលក្រលៀនទាំងអស់នោះ គឺសុទ្ធតែជាប្រជាជនខ្មែរ ដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុងបាងកក ដើម្បីធ្វើការវះកាត់។
លោក កែវ ធា មានប្រសាសន៍ថា ជនរងគ្រោះរបស់ ស៊ីនួន ទទួលបានប្រាក់ចន្លោះពី១០.០០០ដុល្លារទៅ១៣.០០០ដុល្លារសម្រាប់ក្រលៀនម្ខាងរបស់ពួកគេ។ ប៉ុន្តែផែនការរបស់នាងបានបរាជ័យកាលពីថ្ងៃទី៥ ខែមិថុនា នៅពេល សាទីរិន ដែលនិយាយថា គេសន្យាឲ្យខ្លួន៥.០០០ដុល្លារថ្លៃក្រលៀនបានចុះឈ្មោះចូលមន្ទីរពេទ្យអន្តរជាតិបំរ៉ុងរ៉ាត ក្នុងក្រុងបាងកក ដើម្បីវះកាត់ក្រលៀនរបស់ខ្លួន។ នៅទីនោះ សាទីរិន បានជួបស្ត្រីអ្នកទទួលក្រលៀនរបស់ខ្លួនដោយចៃដន្យ។ សាទីរិន និយាយថា “អ្នកជំងឺនោះបានប្រាប់ខ្ញុំថា គាត់ចំណាយ១៣.០០០ដុល្លារដើម្បីទិញក្រលៀនម្ខាង ប៉ុន្តែ [ស៊ីនួន] បានប្រាប់ខ្ញុំថា គាត់លក់បានតែ៥.០០០ដុល្លារប៉ុណ្ណោះ”។ ជាផ្នែកនៃរបររកសីុនេះ ស៊ីនួន យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះទៅរក្សាទុក នៅពេលពួកគេធ្វើដំណើរទៅក្រុងបាងកក ដើម្បីវះកាត់។
គេមិនដឹងច្បាស់ថា តើការជួបគ្នានៅក្នុងមន្ទីរពេទ្យបំរ៉ុងរ៉ាត បានធ្វើឲ្យអ្នកទទួលក្រលៀនមិនធ្វើតាមការព្រមព្រៀងបង់ប្រាក់ឲ្យ ស៊ីនួន ឬយ៉ាងណានោះទេ ប៉ុន្តែនៅពេល សាទីរិន វិលត្រឡប់មកក្រុងភ្នំពេញវិញដោយគ្មានក្រលៀនម្ខាង ស៊ីនួន មិនព្រមប្រគល់ម៉ូតូរបស់ខ្លួនដែលត្រូវយកទៅរក្សាទុកជារបស់បញ្ចាំ មកវិញឡើយ។
សាទីរិន និយាយថា ” គាត់ខឹងខ្ញុំ ពីព្រោះប្រាក់ទាំងអស់ដែលបានពីការលក់ក្រលៀនរបស់ខ្ញុំមិនត្រូវបានផ្ទេរចូលគណនីរបស់គាត់”។ សាទីរិន និយាយទៀតថា ខ្លួនទទួលបានសាច់ប្រាក់៧.០០០ដុល្លារពីស្ត្រីដែលទទួលក្រលៀនរបស់ខ្លួន។ នៅថ្ងៃទី១១ ខែមិថុនា សាទីរិន បានប្ដឹងនគរបាលថា ម៉ូតូរបស់ខ្លួនត្រូវបានគេឃាត់ទុកដើម្បីទារប្រាក់លោះ។ រូបគេនិយាយថា ស៊ីនួន មិនត្រឹមតែលួងលោមរូបគេប៉ុណ្ណោះទេ សូម្បីតែបងប្អូនប្រុសបង្កើតពីរនាក់របស់នាង និងអ្នកជិតខាងម្នាក់ ក៏នាងបញ្ចុះបញ្ចូលឲ្យលក់ក្រលៀនទៅប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបញ្ជូនទៅទីក្រុងបាងកក ដើម្បីប្ដូរក្រលៀនដែរ។
រូបគេនិយាយថា បងប្អូនជីដូនមួយរបស់ខ្លួនបានព្យាយាមលួងលោមខ្លួនឲ្យចូលក្នុងស៊ងផែនការនេះចាប់តាំងពីឆ្នាំ២០១១មកម្លេ៉ះ ហើយថា ទើបតែពេលថ្មីៗនេះប៉ុណ្ណោះដែលរូបគេគិតពិចារណាទទួលយកសំណើនេះពេលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ក្រោយធ្វើការជាកម្មករសំណង់នៅទីនោះអស់រយៈពេលពីរឆ្នាំ។
សាទីរិន ជាកូនទី២ក្នុងចំណោមបងប្អូនបង្កើតប្រាំនាក់ក្នុងគ្រួសារមួយដែលគ្មានឪពុកនិយាយថា ស៊ីនួន បានមកជួបគេម្ដងទៀតនៅឆ្នាំនេះ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យឃើញថា ម្ដាយរបស់ខ្លួន [សាទីរិន] មានក្រួសក្នុងតម្រងនោម និងគីសក្នុងដៃស្បូន។
រូបគេនិយាយថា ” [ស៊ីនួន] បានមកបញ្ចុះបញ្ចូលខ្ញុំម្ដងទៀតឲ្យលក់ក្រលៀនម្ខាងដើម្បីបានប្រាក់ព្យាបាលម្ដាយរបស់ខ្ញុំ។ គាត់និយាយថា បើខ្ញុំមិនលក់ក្រលៀនទេ ធ្វើម៉េចខ្ញុំអាចព្យាបាលម្ដាយរបស់ខ្ញុំបាន? ខ្ញុំមានការស្ទាក់ស្ទើរក្នុងការលក់ក្រលៀនរបស់ខ្ញុំ ប៉ុន្តែគ្មានវិធីផ្សេងដើម្បីជួយសង្គ្រោះម្ដាយរបស់ខ្ញុំឡើយ”៕ សុខុម