31 C
Phnom Penh

អង្គ​ការ​អាហ្វេសីុប​បញ្ឈប់​បុគ្គលិក៣៩នាក់​ពី​​​​ការ​ងារ​​​បន្ទាប់​ពី​មាន​ការ​កាត់​ផ្តាច់​មូល​និធិ​ជំនួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​បុគ្គលិក​​​​អង្គ​ការ​អាហ្វេសីុប​កម្ពុជា (Afesip)បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បុគ្គលិក​​​​​​៣៩​​​នាក់​​​ត្រូវ​​​បាន​​​បញ្ឈប់​​​ពី​​​ការ​​​ងារ​​​ពី​​​​​អង្គការ​អាហ្វេស៊ីប ជា​​​អង្គការ​​​ប្រឆាំង​​​ការជួញ​ដូរ​​​មនុស្ស​​​ ដែល​​​មាន​​​បញ្ហា​​​ផ្នែក​​​ហិរញ្ញ​​​វត្ថុ​ និង​​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​លោក​ស្រី ម៉ម សុមា៉លី​​​ ជា​​​សកម្ម​​​ជន​​​ដែល​​​អប​​​យស។

កាល​​​ពី​​​សប្តាហ​​​៍​​​មុន​​​  អង្គការ​​​អាហ្វេស៊ីប​បាន​​​ឲ្យដឹង​​​ថា មូល​​​និធិ ម៉ម សុមា៉លី ដែល​​​អ្នកស្រី​​​ ម៉ម សុមា៉លី បាន​​​លា​​​លែង​​​ពី​​​ការ​​​ងារ​​​កាល​​​ពី​​​ខែ​​​ឧសភា បន្ទាប់​​​ពី​​​មាន​​​ការ​​​ចុះ​​​ផ្សាយ​​​ព័ត៌​​​មាន​​​ដែល​​​មិន​​​ស្រប​​​នឹង​​​រឿង​​​ជីវិត​​​ពិត​​​របស់​​​លោកស្រី​​​នោះ ​​​បាន​​​​​​បញ្ឈប់​​​ការ​​​ផ្តល់​​​មូល​​​និធិ​​​ដល់​​​អង្គការ​​អាហ្វេស៊ីប​ ដែល​​​​​​បាន​ចាប់​ផ្តើម​​​ភ្លាម​​​ៗ​​​កាល​​​ពីថ្ងៃទី​​​១២​​​ ខែ​​​មិថុនា។

យោង​​​តាម​​​លោក អួង​​​ ឆេង ប្រធាន​​​កម្មវិធី​​​ផ្តល់​​​ជំនួយ​​​របស់​​​អង្គការ​​អាហ្វេស៊ីប​បាន​​​ឲ្យដ​​​ឹង​​​ថា ដោយសារ​​​ការ​​​កាត់​​​ផ្តាច់​​​មូល​​​និធិ​​​នេះ  អង្គការ​​​អាហ្វេស៊ីប​​បាន​​​បញ្ឈប់​​​ការ​​​ងារ​​​បុគ្គលិក​​​ចំនួន​​​៣៩​​​នាក់ ដើម្បី​​​ទុក​​​មូល​​​និធិ​​​សម្រាប់​​​ថែ​​​ទាំ​​​កុមារ​​​ចំនួន​​​១៧០​​​នាក់​​​នៅ​​​តាម​​​មណ្ឌល​​​ចំនួន​​​បី​​​ដែល​​​ខ្លួន​​​គ្រប់​​​គ្រង។ លោក​​​បាន​​​និយាយ​​​ថា ” នៅ​​​ដំណាក​​​់​​​​​​​​​កាល​​​​​​​​​​​​​​​​​​​​​​​​ដំបូង​​​នេះ បុគ្គលិក​​​ អាហ្វេស៊ីប​ចំនួន​​​៣៩​​​នាក់​​​ត្រូវ​​​បាន​​​បញ្ឈប់​​​ពី​​​ការងារ​​​ ហើយ​​​យើង​​​មិន​​​ដឹង​​​ថា បុគ្គលិក​​​ប៉ុន្មាន​​​នាក់​​​ទៀត​​​នឹង​​​បាត់​​​បង់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​ទេ”។

លោក​​​បាន​​​បន្ថែម​​​ថា ” ដោយសារ​​​មាន​​​ការ​​​កាត់​​​ផ្តាច់​​​ជំនួយ​​​ភ្លាម​​​ៗ​​​នេះ​​​ កុមារ​​​ចំនួន​​​១៧០​​​នាក់​​​របស់​​​យើង​​​នៅ​​​តាម​​​មណ្ឌល​​​ទាំង​​​បី​​​ ព្រម​​​ទាំង​​​បុគ្គលិក​ផង​​កំពុង​​​ជួប​​​ការ​​​លំបាក​​​។ ដូច្នេះ អ្នក​ដឹក​​​នាំ​​​នៅ​​​ផ្នែក​​​គ្រប់​​​គ្រង​​​បាន​​​សម្រេច​​​ប្រើ​​​មូល​​​និធិ​​​មួយ​​​ចំនួន​ដែល​បាន​មក​​ពី​​​អ្នក​​​ផ្តល់​​ជំនួយ​​​ផ្សេង​​​ទៀត​​​សម្រាប់​​​គម្រោង​​​ផ្សេងនោះ​​​ដើម្បី​​​ជួយ​​​ចិញ្ចឹម​​​កុមារ​​​ទាំង​​​នេះ​​​សិន​​​”។

អ្នកស្រី សឿង កាម៉ារីយ៉ាន ដែល​​​ជា​​​ប្រធាន​​​ការិយាល័យ​​​ច្បាប់​​​នៃ​​​អង្គការ​​​អាហ្វេស៊ីប​​អស់​​​រយៈ​​​ពេល​​​១៤​​​ឆ្នាំ​​​មុន​​​ពេល​ត្រូវ​បាន​​បញ្ឈប់​​​ពី​​​ការ​​​ងារ​​​នៅ​​​សប្តាហ​​​៍​​​នេះ​​​បាន​​​និយាយ​​​ថា គេ​​​បាន​​​​ប្រាប់​បុគ្គលិកថា ​បុគ្គលិក​​​៧០​​​ភាគ​​​រយ​​​នឹង​​​ត្រូវ​​​បាត់​​​បង់​​​ការ​​​ងារ​​​ ប៉ុន្តែ ពួក​គេ​​​មិនបាន​​​ដឹង​​​ច្បាស់​​​ទេ​​​រហូត​​​​​​ដល់​​​សប្តាហ៍​​​នេះ​​​។ អ្នក​​​​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ” ការសម្រេច​​​បញ្ឈប់​​​ការ​​​ងារ​​​បុគ្គលិ​​​ក​​​នេះ​​​គឺ​​​មិន​​​ត្រឹម​​​ត្រូ​​​វ​​​ទេ ហើយ​​​​​​យើង​​​​​​មិន​​​សប្បាយ​​​ចិត្ត​​​ឡើយ”។ អ្នក​ស្រី​​​បាន​​​បន្ថែម​​​​​​ថា អ្នក​​​ដែល​​​ត្រូវ​​​បណ្តេញ​​​ចេញ​​​មិន​​​បាន​​​ទទួល​​​​​​ប្រាក់​​​អតីត​​​ភាព​​​ការ​​​ងារ​​​ទេ​​​។

អ្នកស្រី កាមា៉រីយ៉ាន បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​មិន​​​សប្បាយ​​​ចិត្ត​​​ទេ ពីព្រោះ​​​បុគ្គលិក​​​ដែល​​​មាន​​​​​​ទំនាក់​​​ទំនង​​​ជិត​​​ស្និទ្ធ​​​​​​ជាមួយ​​​លោកស្រី ម៉ម សុម៉ាលី មិន​​​ត្រូវ​​​បាន​​​បញ្ឈប់​​​​​​ការ​​​ងារ​​​ឡើយ​​​។ អ្នក​​​ស្រី កាម៉ារីយ៉ាន បាន​​​សួរ​​​ថា ​​​” ហេតុអ្វី​​​បាន​​​ជា​​​សម្រេច​​​បញ្ឈប់​​​ពី​​​ការ​​​ងារ​​​តែ​​​មនុស្ស​​​ដែល​​​មិន​​​មាន​​​​​​ខ្នង​​​ រីឯ​​​អ្នក​​​ដែល​​​ជា​​​សាច់​​​ឈាម​​​ ឬ​​​មាន​​​ទំនាក់​​​ទំនង​​​ល្អ​​​ជាមួយ​​​ ម៉ម សុម៉ាលី មិន​​​ត្រូវ​​​បាន​​​បញ្ឈប់​​​​​​ការងារ​​​?។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ទោះ​​​បី​​​ជា​​​លោកស្រី ម៉ម សុម៉ាលី បាន​​​លា​​​ឈប់​​​ពី​​​អង្គការ​​​អាហ្វេស៊ីប​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ក៏ដោយ​​​​​​​​​​​​​​​ ក៏​​​លោក​​​ស្រី​​​នៅ​​​តែ​​​ពាក់​​​ព័ន្ធ​​​ជិត​​​ស្និទ្ធ​​​​​​ជា​​​មួយ​​​អង្គការ​​​នេះ​​​ដែរ។

អ្នកស្រី​​​បាន​​​និយាយ​​​ថា លោក​​​ស្រី​​​​​​ប្រកាស​​​ពី​​​ការ​​​ចាក​​​ចេញ​​​ពី​​​អង្គការ​​​អាហ្វេស៊ីប​ប៉ុន្តែ លោកស្រី​​​នៅ​​​តែ​​​ត្រួត​​​ត្រា​​​អង្គការ​​​អាហ្វេស៊ីប​ដដែល។​កន្ទុយ​​​លោកស្រី​​​ស្ថិត​​​នៅ​​​ខាង​​​ក្រៅ​​​អង្គការ​​អាហ្វេស៊ីប​​​​ ប៉ុន្តែ ក្បាល​​​លោកស្រី​​​នៅ​​​តែ​​​ស្ថិត​​​នៅ​​​ក្នុង​អាហ្វេស៊ីប។

ប៉ុន្តែ អ្នកស្រី​​​ កាម៉ារីយ៉ាន និង​​​លោក​​​ លី មុនីរ័ត្ន​​​ អតីត​​​ប្រធាន​​​សាខា​​​អង្គការ​​​អាហ្វេស៊ីប​ខេត្ត​​​សៀម​​​រាប​​​ ដែល​​​ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​នៅ​​​សប្តាហ៍​​​នេះ បន្ទាប់​​​ពី​​​បាន​​​ធ្វើ​​​ការ​​​ប្រាំបី​​​ឆ្នាំ​​​នៅ​​​អង្គការ​​​នេះ​​​បាន​​​រៀប​​​រាប់​​​ប្រាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​មួ​​​យ​​​កាល​​​ពី​​​ដើម​​​​​​ឆ្នាំ​​​នេះ​​​ ដើម្បី​​​ឲ្យ​​​បុគ្គលិក​​​បោះ​​​ឆ្នោត​​​សម្រេច​ថា តើ​​​លោកស្រី​​​ ម៉ម សុមា៉លី គួរ​​​វិល​​​ត្រឡប់​​​មក​​​ធ្វើ​​​ជា​​​ប្រធាន​​​អង្គការ​​​នេះ​​​វិញ ឬ​​​យ៉ាង​​​ណា​​​។

លោក​​​ មុនី​​​រ័ត្ន បាន​​​និយាយ​​​ថា ” នៅ​​​ពេល​​​នោះ​​​អ្នក​​​ដឹក​​​នាំ​​​នៅ​​​ផ្នែក​​​គ្រប់​​​គ្រង​​​គិត​​​ថា លោកស្រី​​​ ម៉ម សុម៉ាលី គឺ​​​ជា​​​មនុស្ស​​​តែ​​​ម្នាក់​​​គត់​​​ដែល​​​អាច​​​ជួយ​​​សុំ​​​មូល​​​និធិ​​​ពី​​​អ្នក​​​ផ្តល់​​​ជំនួយ​​​ដោយសារ​​​លោក​​​ស្រី​​​មាន​​​បទពិសោធន៍​​​ច្រើន​​​”។

បុគ្គលិក​​​និយាយ​​​ថា ទោះបីជា​​​បុគ្គលិក​​ព្រម​ព្រៀង​ថា ​​​លោកស្រី ម៉ម សុមា៉លី គួរ​វិល​​​ត្រឡប់​​​មក​​​វិញ​​​ក៏ដោយ​​​ ក៏​​​ផែន​ការ​​​នេះ​​​មិន​​​ទាន់​​​បាន​​​អនុវត្ត​​​ដែរ​​​ នៅ​​​ពេល​​​ដែល​​​លោកស្រី ម៉ម សុម៉ាលី បង្ខំចិត្ត​​​លាលែង​​​ពី​​​មូល​​​និធិ​​​ ម៉ម សុម៉ាលី កាល​​​ពីខែ​​​ឧសភា​​​។

លោក ឆេង ដែល​​​ជា​​​ប្រធាន​​​​​​កម្ម​​​វិធី​​​​​​​​​​​​​​​​​​ផ្តល់​​​ជំនួយ​​​បាន​​​បដិសេធ​​​ការ​​​អះ​​​អាង​​​អំពី​​​បក្ខ​​​ពួក​​​និយម​​​នេះ​​​ ហើយ​​​បាន​​​បញ្ជាក់​​​ថា ម្តាយ​​​របស់​​​លោក​​​ស្រី ម៉ម សុមា៉លី ក៏​​​ត្រូវ​​​បាន​​​​​​បញ្ឈប់​​​ពី​​​ការងារ​​​​របស់​គាត់​ជា​អ្នក​គ្រប់​​​គ្រង​​​មណ្ឌល​​​ ទុំ​​​ឌី  ជា​​​មណ្ឌល​​​មួយ​​​របស់​​​អង្គការ​​អាហ្វេស៊ីប​សម្រាប់​​​ជួយ​​​ស្ត្រី និង​​​កុមារ​​​រង​​​គ្រោះ​​ដែរ​​​។ គាត់​​​បាន​​​និយាយ​​​ថា ” សាច់​​​ញាត​​ិ​​​មួយ​​​ចំនួន​​​របស់​​​លោកស្រី ម៉ម សុមា៉លី ដូច​​​ជាម្តាយ​​​របស់​​​លោកស្រី​​​ ដែល​​​ទទួល​​​បន្ទុក​​​គ្រប់​​​គ្រង​​​មណ្ឌល​​​ ទុំ​​​​​​ឌី ក៏​​​ត្រូវ​​​បាន​​​បញ្ចប់​​​​​​ពី​​​ការ​​​ងារ​​​ដែរ​​​”។

តាម​​​ជីវ​​​ប្រវត្តិ​​​របស់​​​លោក​​​ស្រី​​​ ដែល​មាន​ឈ្មោះថា វិថី​របស់​មនុស្ស​ស្លូត​ត្រង់​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល លោក​​​ស្រី​​​ ម៉ម សុមា៉លី អះ​​​អាង​​​ថា លោកស្រី​​​ត្រូវ​​​បាន​​​ឪពុក​​​ម្តាយ​​​បោះ​​​បង់​​​ចោល​​​តាំង​​​ពីនៅ​​​ក្មេង​​​ និង​​​លក់​​​ទៅ​​​ឲ្យ​​​ផ្ទះ​​​បន​​​មួយពេល​​​អាយុ​​​៩​​​ឆ្នាំ៕ គឹម​​​ហឿន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស