28 C
Phnom Penh

អតីត​សមាជិក​ក្រុម​ប្រឹក្សាពីរ​រូប​ជំរុញឲ្យ​​តុលាការ​ព្យួរ​ការ​ងារ​មេដឹកនាំ​សហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អតីត​សមាជិក​ក្រុម​ប្រឹក្សា​នាយក​ពីរ​រូប​​នៃ​សហជីព​កាត់​ដេរ​ឯករាជ្យ​ដ៏ធំបំផុត​ក្នុង​​ប្រទេស​កម្ពុជា​​ បាន​ស្នើ​ឲ្យ​សាលា​ដំបូង​រាជធានីភ្នំពេញ​​ព្យួរ​ការ​ងារ​លោក អាត់ ធន់ ប្រធាន​សហជីព​ និង​បុគ្គលិក​ពីរ​នាក់​ជុំវិញ​ការ​ចោទ​ប្រកាន់​អំពីការ​កិប​កេង​លុយ​កម្មករ​។

លោក អុ៊ំ វិសាល និង​លោក រឿង ច័ន្ទថន​ សមាជិក​ក្រុម​ប្រឹក្សា​នាយក​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ(ស៊ីខៅឌូ)​ បាន​ចោទ​លោក​ អាត់ ធន់ អនុ​ប្រធាន​របស់​លោក​ និង​អគ្គលេខាធិការ​របស់​លោក​ថា បាន​កិប​កេង​ប្រាក់​៩៣.០០០​ដុល្លារ​ពី​សមាជិក​ បន្ទាប់ពី​ការ​ចរចា​រក​ដំណោះ​ស្រាយ​បាន​ជោគ​ជ័​យ​ជាមួយ​រោងចក្រ​មួយ​នៅ​រាជធានីភ្នំពេញ កាលពី​ឆ្នាំ​២០០៨​ ជា​ការ​អះអាង​មួយដែល​អ្នក​ទាំង​បី​បដិសេធ​។

លោក វិសាល និង​លោក ចន្ទថន បាន​ដាក់​សំណើ​សុំ​ដីកា​រក្សា​ការ​ពារ​ពីតុលាការ​កាលពី​ខែមេសា ដោយ​ស្នើ​ជំនួស​អ្នក​ទាំង​បី​រហូត​ដល់​​រឿង​ក្ដី​នេះ​ត្រូវ​ដោះ​ស្រាយ​ ហើយ​បាន​បន្ត​ធ្វើ​ការ​ទាម​ទារ​នេះ​ក្នុង​កិច្ច​ប្រជុំបិទ​ទ្វារ​មួយ​ជាមួយ​ចៅក្រម​ លី លីបម៉េង កាលពីម្សិលមិញ​។

លោក សំ ចំរើន មេធាវី​របស់​អតីត​សមាជិក​ក្រុម​ប្រឹក្សា​នាយក​នេះ​ បាន​និយាយ​ថា លោក​បាន​ស្នើ​ឲ្យ​តុលាការ​យល់​ព្រម​ចេញ​ដីកា​រក្សា​ការ​ពារ​ ប៉ុន្តែ​បាន​បដិសេធ​មិន​បង្ហាញ​​ភ័ស្តុ​តាង អ្វី ​ដែល​លោកមាន​ដើម្បី​ដាក់​បន្ទុក​លើ​​ចុង​ចោទ​ទេ​។ លោក​បាន​និយាយ​ថា ” ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​ភ័ស្តុ​តាង​នេះទេ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​​មេដឹកនាំ​សហជីព​ទាំង​នោះ​ជាប់​ពាក់​ព័ន្ធ “។

លោក គីម សុជាតិ ជា​មេធាវី​របស់​លោក អាត់ ធន់ ក្នុង​សំណុំរឿង​នេះ​ បាន​និយាយ​ថា អតីត​សមាជិក​ក្រុម​ប្រឹក្សា​នាយក​ទាំង​នេះ​មិន​ទាន់​បាន​បង្ហាញ​​ភ័ស្តុ​តាង​បន្តិច​ណាទេ​ ដើម្បី​គាំទ្រ​កា​រ​អះអាង​របស់​ខ្លួន​ ហើយលោក​បាន​បន្ថែម​ថា ​អំឡុង​ការ​សាក​សួរ​កាលពី​ថ្ងៃម្សិល​មិញ​ក៏​គ្មាន​ការ​បង្ហាញ​ភ័ស្តុ​តាង​ដែរ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ” ខ្ញុំមិន​ដែល​បាន​ឃើញ​ភ័ស្តុតាង​ណាមួយទេ​​ ចាប់តាំង​ពី​ពួកគេ​បាន​ប្ដឹង​មក​។ ពួកគេ​ចេះ​តែ​អះអាង​ថា ពួកគេ​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ ប៉ុន្តែ​ពួកគេ​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ណាមួយ​ឡើយ​”។ ចៅក្រម​ លីបម៉េង មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​បាន​ទេ។

លោក សុជាតិ បាន​និយាយ​ថា ចៅក្រម​មិន​សម្រេច​ ថា​តើ​យល់​ព្រម​តាម​សំណើ​សុំ​ដីកា​រក្សា​ការ​ពារ​ឬយ៉ាង​ណាទេ កាលពីម្សិលមិញ ហើយ​បាន​បញ្ចប់​កិច្ច​ប្រជុំ​ដោយ​ប្រាប់​ភាគី​ទាំង​ពីរ​ថា លោក​នឹង​​ឲ្យ​ពួកគេ​ដឹង​ ពេល​ណា​លោក​កំណត់​ពេល​វេលា​​ធ្វើការ​សម្រេច​នៅ​ពេល​ខាង​មុខ​។

លោក អាត់ ធន់ ត្រូវ​បាន​គេ​កំណត់​ពេល​ហៅ​មក​​សាក​សួរ​ក្នុង​រឿង​ក្ដីនេះ​កាល​ពី​ចុង​ខែ​មេសាកន្លង​ទៅ​​។ ប៉ុន្តែ​តុលាការ​បាន​ពន្យារ​ពេល​ការ​ណាត់​ជួប​នោះ ពេល​ដែល​អ្នក​គាំទ្រ​ប្រហែល​៣០០​នាក់​​របស់​លោក​ អាត់ ធន់ បាន​មក​ជួប​ជុំគ្នា​នៅខាង​ក្រៅ​តុលាការ​ដើម្បី​តវ៉ា​។

ក្នុង​ករណី​ដោយ​ឡែកមួយ​ទៀត​​ លោក អាត់ ធន់ ត្រូវ​បាន​គេ​សាក​សួរ​ពីរ​លើក​ជុំវិញ​ការ​ចោទ​​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​ការ​តវ៉ា​មួយ​របស់​កម្មករ​កាត់​ដេរ​កាលពី​ខែ​វិច្ឆិកា។ លោក​ អាត់ ធន់ អះអាង​ថា លោក​មិន​ទាំង​បានមាន​វត្តមាន​នៅ​ក្នុង​ការ​តវ៉ា​នោះ​ផង៕ មានិត​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស