38 C
Phnom Penh

កម្មករ​​​រោង​​​ចក្រ​​​ប្រមាណ​​​២០០នាក់​​​​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បង្ខំ​​​ឲ្យធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​ និង​​​តំណាង​​​សហជីព​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ប្រមាណ​​​២០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ Pollysa (Cambodia) Home Textile ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ បាន​​​តវ៉ា​​​កាល​​​ពីម្សិលមិញ​​​ប្រឆាំង​​​ការ​​​បង្ខំ​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ និង​​​ការ​​​បណ្តេញ​​​កម្មករ​​​២០​​​នាក់​​​ចេញ​​​ពី​​​ការ​​​ងារ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ ដោយសារ​​​តែ​​​ពួកគេ​​​មិន​​​ព្រម​​​ធ្វើការ​​​បន្ថែម​​​ម៉ោង​​​។

លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​សហ​​​ជីព​​​ចលនា​​​​​​កម្មករ បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​ប្រហែល​​​១០០នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ចាប់​​​ពី​​​ម៉ោង​​​ប្រហែល​​​១១​​​ព្រឹក​​​នៅ​​​ខាង​​​ក្រៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ដែល​​​រោង​​​ចក្រ​​​នេះ​​​ស្ថិត​​​នៅ​​​ក្នុង​​​នោះ​​​ ចំណែក​​​ឯ​​​កម្មករ​​​១០០នាក់​​​ទៀត​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្នុង​​​ ហើយ​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​រហូត​​​ដល់​​​ម៉ោង​​​៥​​​ល្ងាច​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “រោង​​​ចក្រ​​​នេះ​​​កំពុង​​​តែ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​តាម​​​រយៈ​​​ការ​​​បណ្តេញ​​​កម្មករ​​​២០​​​នាក់​​​ចេញ​​​ពី​​​ការ​​​ងារ​​​ នៅ​​​ពេល​​​ពួក​​​គាត់​​​មិន​​​ព្រម​​​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ និង​​​ទាម​​​ទារ​​​សិទ្ធិ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​។ ពួកគេ​​​បន្ត​​​គំរាម​​​បណ្តេញ​​​កម្មករ​​​​​​​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត ដោយ​​​បង្ខំ​​​ឲ្យ​​​ពួកគាត់​​​ធ្វើការ​​​”។

ណុន ថារី អាយុ​​​២៦​​​ឆ្នាំ​​​ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ និយាយ​​​ថា ទង្វើ​​​របស់​​​រោង​​​ចក្រ​​​នេះ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​។ កម្មការិនី​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា ” ថៅ​​​កែ​​​កំពុង​​​តែ​​​កេង​​​ប្រវ័ញ្ច​​​ពួក​​​​​យើង​​​។ ពួក​​​គេ​​​បញ្ជា​​​ឲ្យ​​​យើង​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ពីរ​​​ម៉ោង ប៉ុន្តែ មិន​​​គិត​​​ប្រាក់​​​ឲ្យយើង​​​ទេ​​​។ នៅ​​​ពេល​​​យើង​​​សុំ​​​ច្បាប់​​​ឈប់​​​សម្រាក​​​មួយ​​​ថ្ងៃ​​​​​​ពេល​​​យើង​​​ឈឺ ពួក​​​គេ​​​បណ្តេញ​​​យើង​​​ចេញ​​​ពី​​​ការ​​​ងារ​​​។ តើ​​​ពួកគេ​​​ចង់​​​ឲ្យ​​​កម្មករ​​​ស្លាប់​​​ក្នុង​​​រោង​​​ចក្រ​​​ឬ?”។

តាំង​​​ ស្រីអែម អាយុ​​​២០​​​ឆ្នាំ​​​ដែល​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​ការ​​​តវ៉ា​​​នេះ​​​ដែរ​​​និយាយ​​​ថា កម្មករ​​​ចង់​​​បាន​​​ម៉ោង​​​ការ​​​ងារ​​​ប្រាំ​​​បី​​​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ស្ត្រី​​​រូ​​​ប​​​នេះ​​​និយាយ​​​ទៀត​​​ថា ” យើង​​​នឹង​​​តវ៉ា​​​រហូត​​​ទាល់​​​តែ​​​​​​យើង​​​ទទួល​​​បាន​​​យុត្តិធម៌​​​។ យើង​​​ចង់​​​ធ្វើ​​​ការ​​​ប្រាំ​​​បី​​​ម៉ោង​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ ប៉ុន្តែ ប្រសិន​​​បើ​​​ក្រុមហ៊ុន​​​ចង់​​​ឲ្យ​​​យើង​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង ពួក​​​គេ​​​ត្រូវ​​​តែ​​​បើក​​​​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ឲ្យ​​​យើង​​​”។

លោក ឃុន សាវឿន អ្នក​​​ឃ្លាំ​​​មើល​​​​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​អង្គការ​​​លីកាដូ​​​បាន​​​ថ្កោល​​​ទោស​​​ចំពោះ​​​ការ​​​រំលោភ​​​បំពាន​​​ពី​​​សំណាក់​​​រោង​​​ចក្រ​​​នេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ” រោង​​​ចក្រ​​​នេះ​​​គួរ​​​តែ​​​គោរ​​​ព​​​សិទ្ធ​​​ិ​​​ការ​​​ងារ​​​របស់​​​កម្មករ​​​យោង​​​ទៅ​​​តាម​​​ច្បាប់​​​របស់​​​កម្ពុជា​​​។​​​ប្រសិនបើ​​​គ្មាន​​​ការ​​​រំលោភ​​​បំពាន​​​ទេ​​​ ក៏​​​កម្មករ​​​មិន​​​ធ្វើ​​​ការ​​​តវ៉ា​​​ដែរ​​​”។ ទាំង​​​មន្ត្រី​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ ទាំង​​​តំណាង​​​រោង​​​ចក្រ​​​ដែល​​​ផលិត​​​ភួយ​​​ខាង​​​លើ​​​នេះ​​​ មិន​​​​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បានទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​៕ សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស