30 C
Phnom Penh

អ្នកភូមិ​យល់​ព្រម​ឲ្យ​មាន​ការ​វាស់​វែង​ដី​ឡើង​វិញ​ បន្ទាប់ពី​ព្យាយាម​ដណ្ដើម​ដី​កសិកម្ម​ពី​ក្រុមហ៊ុន​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រុម​អ្នកភូមិ​ដែល​មាន​វិវាទ​ដីធ្លី​​ជាមួយ​​ក្រុម​ហ៊ុន​កសិពាណិជ្ជកម្ម​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ព្យាយាម​ដណ្ដើម​កាន់​កាប​់​​វិញនូវ​ដី​កសិកម្ម​​ ដែល​ពួកគាត់​និយាយ​ថា ជា​ដី​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយអាជ្ញាធរ​ខេត្ត​ ដែល​បាន​បញ្ចុះ​បញ្ចូល​ពួកគាត់​តាម​រយៈ​ការ​សន្យា​វាស់​វែង​ដីនោះឡើង​វិញ​។

ប្រជា​ពល​រដ្ឋប្រមាណ​២៥០​គ្រួសារ​ក្នុង​ស្រុក​ភ្នំស្រួច អះអាង​ថា ក្រុម​ហ៊ុន Master International Corporation Group បាន​កាន់​កាប់​ដីទំហំ​៩៥០​ហិកតា​នៃ​ដីកសិកម្ម​របស់ពួកគាត់​តាំង​ពីឆ្នាំ​២០០៦មក​ម្លេ៉ះ​​។ មន្ត្រី​មូល​ដ្ឋាន​និយាយ​ថា ដីនេះ​ជា​ផ្នែក​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​នេះ​។ អ្នកភូមិ​ប្រហែល​១០០​នាក់​ប្រដាប់​ដោយ​កៅស៊ូតង់​ និង​សម្ភារ​មួយ​ចំនួន​​ទៀត​ដើម្បី​សង់​ជម្រក​បណ្ដោះ​អាសន្ន​ បាន​ព្យាយាម​កាន់​កាប់​ដីនេះ​កាលពី​ម្សិលមិញ។

អ្នកភូមិ​ម្នាក់​ឈ្មោះ ភឿន ធា និយាយ​ថា ” ថ្ងៃ​នេះ យើង​ចង់​យក​ដី​របស​់​យើង​ត្រឡប់​មក​វិញ ប៉ុន្តែ​យើង​យក​មិន​បាន។ លោក​អភិបាល​រង​បាន​មក​និយាយ​ជាមួយ​ពួកយើង​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ល្អ​ជា​ង​នេះ​”។

អ្នកស្រី​ រ័ត្ន ថាវី មន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្ស​របស់​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ បានមាន​ប្រសាសន៍​ថា អ្នក​ភូមិ​ចង់​កាន់​កាប់​ដី​នេះឡើង​វិញ ពីព្រោះក្រុម​ហ៊ុន Master International Corporation Group ប្រើ​ប្រាស​់​តែ​មួយ​ចំណែក​ប៉ុណ្ណោះនៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៩៥០ហិកតា​​សម្រាប់ធ្វើ​ចម្ការ​ដាំ​ដំឡូង​មី។អ្នកស្រី​លើក​ឡើង​ទៀត​ថា ដីប្រហែល​៤០០​ហិកតា​ទុក​នៅ​ទំនេរ​។

លោក​ ពេជ្រ ចន្ថា អភិបាល​ស្រុក​ភ្នំស្រួច​ ​បាន​មាន​​​ប្រសាសន៍​ថា លោក​ ដារ៉ា អភិបាល​រង​ស្រុក​​បាន​ជួប​ជាមួយ​អ្នកភូមិ​ទាំង​នេះ ហើយ​បាន​សន្យា​ដោះ​ស្រាយ​វិវាទ​នេះ​ ប៉ុន្តែ​មាន​​ប្រសាសន៍​ថា ការ​ប្រគល់​ដី​សម្បទាន​ឲ្យទៅពួកគាត់​វិញ​មិន​អាច​ទៅ​រួច​ឡើយ​។ លោកមាន​ប្រសាសន៍​ថា ” លោក​អភិបាល​រង​បាន​ចុះ​ទៅពិនិត្យ​មើល​ដីនោះ ដើម្បី​សម្រប​សម្រួលជាមួយអ្នក​ភូមិ និង​ដើម្បី​ស្វែង​យល់ពី​ស្ថានភាព​ជាក់​ស្ដែង​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នេះ​”។

លោក​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​កំពុង​ខិត​ខំ​អស់​ពីលទ្ធភាព​ដើម្បី​ដោះ​ស្រាយ​វិវាទ​នេះ ប៉ុន្តែ​បដិសេធ​មិនពន្យល់​ថា​ តើ​ការ​វាស់​វែង​ដី​ឡើង​វិញ​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​របៀប​ណា​ទេ​។ លោក​បន្ត​ថា “យើង​មិន​អាច​និយាយ​អ្វី​បានទេ ពីព្រោះដី​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​ជា​​ដី​សម្បទាន​សេដ្ឋកិច្ចរួច​ទៅហើយ​”៕ សុខុម​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស