33 C
Phnom Penh

អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា​បញ្ជា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដាក់​លើ​ដីមានជម្លោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​អភិបាល​ខណ្ឌ​ជ្រោយ​​ចង្វា បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ដឹក​នាំ​គម្រោង​អចលន​ទ្រព្យ​តម្លៃ​៣.០០០​លាន​ដុល្លារ​នៅ​ជ្រោយ​ចង្វា​ បញ្ឈប់ជា​បណ្ដោះ​អាសន្ន​នូវ​ការ​បូម​ខ្សាច់​ដាក់​លើ​ដី ដែល​មាន​ជម្លោះ​ជាមួយ​ប្រជា​ជន​មូល​ដ្ឋាន​ប្រហែល​៤០​គ្រួសារ​ ប៉ុន្តែ​បាន​ជំរុញ​ប្រជា​​ជន​ទាំង​នោះ​ឲ្យ​ពិចារណា​អំពី​ការ​ផ្ដល់​សំណង។

ក៏ប៉ុន្តែ​គ្រួសារ​ទាំង​នោះ​​បាន​ច្រាន​ចោល​សំណើ​របស់​លោក​អភិបាល​ ឃ្លាំង ហួត និង​បាន​និយាយ​ថា ពួកគេ​នឹង​ប្ដឹង​ក្រុម​ហ៊ុន​Overseas Cambodian Investment Corporation (OCIC) ទៅ​សាលា​រាជ​ធានី។

លោក យ៉ា លាង​ហាក់ អាយុ​៤០​ឆ្នាំ​បាន​និយាយ​ក្រោយ​ពី​ចេញ​ពីការ​ប្រជុំ​ជាមួយ​លោក ឃ្លាំង ហួត និង​លោក ទូច សំណាង អ្នក​គ្រប់​គ្រង​គម្រោង​ OCIC ថា ” យើង​នឹង​តវ៉ា​ទៅ​សាលា​រាជធានី​ហើយ​​ផ្ដល់​ឲ្យពួកគេ​នូវ​ជម្រើស​ពីរ​៖ ទី១ គឺ​កាត់​ដី​របស់​យើង​ចេញពី​ដី​របស់​ក្រុម​ហ៊ុន​ ហើយ​អនុញ្ញាត​ឲ្យយើង​រស់​នៅ​ទីនោះ​ដោយ​សុខ​សាន្ត​ ទី២ ផ្ដល់​ឲ្យ​យើង​នូវ​សំណង​ដែល​ស្មើនឹង​តម្លៃ​ដី​របស់​យើង​”។

លោក​អភិបាល​បាន​រៀប​ចំ​កិច្ច​ប្រជុំ​នេះដើម្បី​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​មួយ​សម្រាប់​ប្រជាជន​ប្រហែល​៤០​គ្រួសារ​ ដែល​មិន​ព្រម​ប្រគល់​ដី​របស់ខ្លួន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ OCIC។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ការិយាល័យ​ខណ្ឌ​ជ្រោយ​ចង្វា ដែល​ស្ថិត​ក្នុង​ទី​បរិវេណ​ជាមួយ​ទីស្នាក់​ការ​ខណ្ឌ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​កាន់​អំណាច​ និង​មាន​សន្តិសុខ​ OCIC យាម​ការ​ពារ​។

អ្នក​ភូមិជាច្រើន​នាក់​បាន​បង្ហាញ​បង្កាន់​ដៃ​​ដែល​បញ្ជាក់​ថា ពួកគេ​បាន​កាន់​កាប់​ដី​ដែល​ពួក​គេ​កំពុង​រស់​នៅ​នោះ​តាំងពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហមជាង​​បី​ទសវត្សរ៍​មក​ហើយ​។ ប្រសិន​​បើពិត​មែន​ គ្រួសារ​ប្រជា​ជន​ទាំងនេះ​មាន​សិទ្ធិ​ស្រ​ប​ច្បាប់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​។

ក្រោយពី​កិច្ច​ប្រជុំ​ លោក ឃ្លាំង ហួត បាន​អញ្ជើញ​អ្នក​យក​ព័ត៌មាន និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចូល​ការិយាល័យ​របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សន្យា​ថា នឹង​មិន​មាន​ការ​បូម​ខ្សាច់​ទេ រហូត​ដល់​ប្រជា​ជន​មាន​ការ​ព្រមព្រៀង​។ ខ្ញុំ​សន្យា​ថា នឹង​មិន​មាន​អំពើ​ហិង្សា​ប្រើ​លើ​ប្រជា​ជន​ឡើយ​”។

ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ដំណោះ​ស្រាយ​ទេ​កាលពី​រសៀល​ម្សិលមិញ ខណៈ​ដែល​លោក​អភិបាល​ខណ្ឌ​ និង​ក្រុម​ហ៊ុន​ OCIC មិន​បាន​បន្ថែម​អ្វី​ទៅ​នឹង​សំណើ​ផ្ដល់​សំណង​ ដែល​ក្រុម​អ្នក​ភូមិ​បាន​បដិសេធ​រួច​ទៅ​ហើយ​ គឺ​អគារ​ក្នុង​ប្លុក​ផ្ទះ​ល្វែង​នៅ​ខាង​ក្នុង​ទី​បរិវេណ​យាម​ការ​ពារ​ដោយ​សន្តិ​សុខ​ក្រុម​ហ៊ុន​ OCIC។

លោក ស សំអុល​ ជាអ្នក​ភូមិ​ម្នាក់​បាន​និយាយ​ថា ” ខ្ញុំ​មិនអាច​ទៅ​រស់​នៅ​ក្នុង​អគារ​នេះ​បានទេ។ វា​មិន​ធំល្មម​សម្រាប់​គ្រួសារ​ខ្ញុំ​ ដែល​សមាជិក​ប្រាំមួយ​នាក់​ឡើយ”។ទាហាន​ជើង​ទឹក​អាយុ​៥១​ឆ្នាំ​រូប​នេះ​ ដែល​បម្រើ​ការ​នៅ​កងនាវា​កម្ពុជា​ បាន​និយាយ​ថា ជម្លោះដីនេះ​គឺ​ជា​ការ​ធ្វើ​តេស្ត​ភក្ដីភាព​របស់​លោក​។ លោក​បាន​និយាយ​ថា “ខ្ញុំ​បានខិត​ខំ​ជួយ​ប្រទេស​នេះ​អស់​រយៈពេល​៣១​ឆ្នាំ​។ ប្រសិន​បើ​ខ្សាច់​ហូរ​ចេញ​ពី​បំពង់​នោះ​ជាថ្មី​ ខ្ញុំ​នឹង​លែង​​មាន​កម្លាំង​បម្រើ​ប្រទេស​របស់​ខ្ញុំ​ទៀត​ហើយ​”៕ មានិត​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស