អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញថា ពលករចំណាកស្រុកច្រើនជាង១០០នាក់នៅខេត្តបន្ទាយមានជ័យត្រូវបានគេហាមឃាត់ និងឃាត់ខ្លួនមួយរយៈពេលខ្លី ខណៈពេលដែលពលករទាំងនោះព្យាយាមឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ខណៈដែលបុគ្គលិកសិទ្ធិមនុស្សម្នាក់បាននិយាយថា ជនចំណាកស្រុកខ្មែរជាង២៣នាក់ត្រូវបានចាប់ខ្លួននៅប្រទេសថៃ។
លោក សាវ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានមានប្រសាសន៍ថា ពលកររាប់សិបនាក់ត្រូវបានគេឃាត់ដំណើរនៅព្រំដែន ក្នុងប្រតិបត្តិការរួមគ្នាមួយរវាងអាជ្ញាធរខ្មែរ និងអាជ្ញាធរថៃ ដែលនាំឲ្យជនដែលបម្រុងធ្វើចំណាកស្រុក១០៩នាក់ត្រឡប់មកវិញ និងបានប្រាប់ពួកគេថា ពួកគេចាំបាច់ត្រូវបំពេញឯកសារត្រឹមត្រូវ ទើបគេអនុញ្ញាតឲ្យចូលប្រទេសថៃ។
លោកអធិការ ប៊ុន បានមានប្រសាសន៍ថា “យើងបានសហការជាមួយទាហានថៃដើម្បីឃាត់ពលករចំណាកស្រុកទាំងនោះ ហើយយើងបានបញ្ជូនពួកគេទៅអធិការដ្ឋាននគរបាលស្រុករបស់យើង ដើម្បីអប់រំពួកគេ និងឲ្យពួកគេយល់អំពីផលលំបាកនៃការធ្វើការដោយខុសច្បាប់នៅប្រទេសថៃ”។ ពលករជាច្រើននាក់បានប្រាប់លោក ប៊ុន ថា ពួកគេមិនចង់ចំណាយពេលច្រើនដើម្បីរៀបចំឯកសារធ្វើការមុនពេលទៅប្រទេសថៃទេ ហើយថា ពលករមួយចំនួនត្រូវបានអតីតថៅកែរបស់ពួកគេនៅប្រទេសថៃទាក់ទងសុំឲ្យពួកគេត្រឡប់ទៅវិញ។
លោកបានមានប្រសាសន៍ថា ” ខ្ញុំយល់ថា ថៅកែថៃក៏បានប្រព្រឹត្តខុសដែរ ព្រោះបានទូរស័ព្ទហៅពលករចំណាកស្រុករបស់យើងទៅធ្វើការឲ្យពួកគេ ប៉ុន្តែ ពេលមានបញ្ហាកើតឡើងថៅកែទាំងនោះមិនទទួលខុសត្រូវឡើយ”។
លោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលប្រចាំខេត្តបន្ទាយមានជ័យរបស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានពីទាហានខ្មែរនៅតាមបណ្តោយព្រំដែនថា ទាហានថៃបានចាប់ខ្លួនពលករចំណាកស្រុកខ្មែរ២៣នាក់ក្នុងខេត្តស្រះកែវដែលនៅជិតខាង។
ដោយមិនប្រាប់ឈ្មោះ ឬផ្តល់ព័ត៌មានសម្រាប់ទាក់ទងទៅទាហានដែលបានផ្តល់ព័ត៌មាននេះ លោក ស៊ុំ ចាន់គា បានមានប្រសាសន៍ថា ” ទាហានថៃបានចាប់ខ្លួនពលករចំណាកស្រុក២៣នាក់ក្នុងខេត្តស្រះកែវ នៅថ្ងៃនេះ ហើយឥឡូវនេះយើងកំពុងធ្វើការលើរឿងនេះដើម្បីឲ្យដឹងថា អ្នកទាំងនោះត្រូវបានគេឃាត់ខ្លួននៅទីណា”។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា លោកមិនបានដឹងអ្វីសោះអំពីការចាប់ខ្លួននេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីករណីជាក់លាក់ដែលលោក ស៊ុំ ចាន់គា បានលើកឡើងទេ ប៉ុន្តែ បានមានប្រសាសន៍ថា ពលករខ្មែរជាង១០០នាក់ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ចាប់តាំងពីក្រុមយោធាថៃបានដណ្តើមអំណាចកាលពីចុងខែឧសភា។ លោកបានមានប្រសាសន៍ថា ” រហូតមកដល់ពេលនេះ ខ្ញុំបានទទួលព័ត៌មានថា [ ពលករខ្មែរ] ១០៧នាក់ត្រូវបានចាប់ខ្លួន។ ក្រោយពីពួកគេត្រូវបានចាប់ខ្លួនបន្តិច ពួកគេក៏ត្រូវបានដោះលែងវិញ ហើយអ្នកទាំងនោះបានទៅផ្ទះអស់ហើយ”។
កាលពីខែមុន ពលករខ្មែររាប់រយរាប់ពាន់នាក់ ដែលភាគច្រើនក្នុងចំណោមពួកគេគ្មានឯកសារនោះ បានសម្រុកឆ្លងដែនមកស្រុកវិញក្នុងពេលមានការភ័យខ្លាចអំពីការចាប់ខ្លួន និងអំពើហិង្សាក្នុងការគ្រប់គ្រងរបស់របបយោធា។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីរបស់ប្រទេសថៃបានប្រកាសឲ្យដឹងកាលពីថ្ងៃពុធថា ពលករខ្មែរ១៤នាក់ដែលជាប់ពន្ធនាគារនៅប្រទេសថៃតាំងពីខែមុនមក ហើយត្រូវប្រឈមនឹងការកាត់ក្តីពីបទចោទថា ប្រើឯកសារការងារក្លែងក្លាយនោះ នឹងត្រូវគេដោះលែងឲ្យមានសេរីភាពវិញ។ កាលពីថ្ងៃអង្គារ ព្រះមហាក្សត្រ ព្រះ នរោត្តម សីហមុនី បានព្រះរាជទានការលើកលែងទោសដល់លោក វីរ៉ា ស៊ុមក្វាមឃីដ សកម្មជនអាវលឿងថៃ ដែលជាប់ពន្ធនាគារនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១០មក៕មានិត (រាយការណ៍បន្ថែមដោយ LaurenCrothers)