38 C
Phnom Penh

លោក ហ៊ុន សែន​ ច្រាន​ចោលសេចក្ដីរាយការណ៍​របស់​ថៃ​អំពី​ការ​ដោះ​ដូ​រ​អ្នក​ទោស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សេចក្ដី​រាយ​ការ​ណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​ស្ដីអំពីការ​ដោះ​ដូរ​អ្នក​ទោស​រវាង​ប្រទេសថៃ​ និង​ប្រទេស​កម្ពុជា គឺ​មិន​ត្រឹម​ត្រូវ​ទេ ទោះបីជា​ថ្មីៗ​នេះ​មាន​​ការ​ដោះ​លែង​អ្នក​ទោស​ និង​ការ​សន្យា​ដោះលែង​អ្នក​ទោស​ក្នុង​ប្រទេស​ទាំងពីរ​សុទ្ធ​តែ​បង្ហាញ​ពីសញ្ញា​នៃ​ការ​ដោះ​ដូរ​ក្ដី។

កាលពី​ថ្ងៃ​អង្គារ លោក វីរ៉ា ស៊ុម​ក្វាម​ឃីដ​ សកម្មជន​ជាតិ​និយមជ្រុល​​ថៃ​ ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​ប្រាំបីឆ្នាំ​ពីបទ​ចូល​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​បទ​ចារកម្ម ត្រូវ​បាន​ដោះ​លែង​ឲ្យមាន​សេរីភាព​ឡើង​វិញ​ក្រោយពី​ទទួល​បានការ​​ព្រះរាជទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ។ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក វីរ៉ា សុ៊មក្វាមឃីដ បាន​​ទៅ​ដល់​ក្រុង​បាង​កក​នៅ​ថ្ងៃ​ស្អែក​ឡើង ប្រទេស​ថៃ​បាន​ប្រកាស​ផែន​ការ​របស់​ខ្លួន​​ដោះ​លែង​ប្រជា​ពល​រដ្ឋខ្មែរ​ចំនួន​១៤​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​​ពីបទ​ប្រើ​ប្រាស់​ទិដ្ឋាការ​ក្លែង​ក្លាយ​។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​សង្ឃឹម​ថា​ប្រជា​ពល​រដ្ឋខ្មែរ​ទាំង​១៤​នាក់នោះនឹង​ត្រូវ​គេ​បញ្ជូន​ត្រឡប់មក​វិញ​នៅ​ថ្ងៃ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ទៀ​តថា “ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​ទេ រង់​ចំា​មើល​សិន​”។ កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​អះអាង​ថា សេចក្ដី​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​របស់​ថៃ​អំពី​ការ​ដោះ​ដូរ​អ្នកទោស​​គឺ​មិន​ត្រឹម​ត្រូវ​​ឡើយ​។ លោក​បាន​បញ្ជាក់​ថា ” វា​មិនមែន​ជាការ​ដោះ​ដូរ​ទេ​ វា​មិន​មែនជា​ថ្នូរ​ទេ​ យើង​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​​ឡើយ”។

ចាប់​តាំង​ពីថ្ងៃ​អង្គារ​មក រដ្ឋាភិបាល​បាន​​ព្យាយាម​បក​ស្រាយ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​លែង​លោក​ វីរ៉ា ស៊ុមក្វាមឃីដ ភ្លាមៗ​អំឡុង​ដំណើរ​ទស្សនកិច្ច​​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី​ថៃ​ថា គ្មាន​អ្វី​ក្រៅពីកាយ​វិការ​សុច្ឆន្ទៈ​ទេ។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​កាលពី​ម្សិល​មិញ ​អំឡុង​ពិធី​ប្រកាស​ចាប់​ផ្ដើម​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ជន​ពិការ​ និង​ជាការ​រំឭក​ខួប​ប្រាំ​ឆ្នាំ​នៃ​ការ​អនុម័ត​ច្បាប់​ស្ដីពីការ​គាំពារ​ និង​ការ​លើក​កម្ពស់​សិទ្ធិជនពិការ​។ លោក ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​ក្រសួង​សង្គម​កិច្ច មានការ​ប្រុង​ប្រយ័ត្ននៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ធ្វើ​ទារុណ​កម្ម​កុមារ ដោយ​លោក​បាន​គូស​បញ្ជាក់​​ពីករណី​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​ក្មេង​វត្ត​អាយុ​៩​ឆ្នាំ​ម្នាក់​ត្រូវ​បាន​​​ព្រះ​សង្ឃ​មួយ​អង្គ​ធ្វើ​ទារុណ​កម្ម​អស់​រយៈពេល​រាប់​ខែ។

ព្រះសង្ឃ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ផ្សឹក​នេះ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ទារុណកម្ម​​ក្មេង​ប្រុស​រង​គ្រោះ​ដោយ​សារ​រឿង​បន្តិច​បន្តួច ដោយការដុត​ទៀន​សម្រក់​​លើ​​​ក្មេង​រង​គ្រោះ ស្រោច​ទឹក​ក្ដៅ​លើ និង​ឆក់​ខ្សែ​ភ្លើង​ទៀត​ផង​​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “វា​ជា​ទង្វើ​អាក្រក់​ជួជាតិ​​ដែល​ព្រះ​សង្ឃ​ប្រព្រឹត្ត​បទ​ល្មើស​បែប​នេះ​ ហើយ​អ្នក​ខ្លះ​យក​កុមារ​ចេញ​ពី​មណ្ឌល​កុមារ​កំព្រា​ដើម្បី​ធ្វើ​បាប​ពួកគេ​។ លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ទៀ​ត​ថា ប្រសិន​បើ​យើង​មិន​អាច​ការ​ពារ​ [កុមារ​ទាំង​នេះ] បាន​ទេ យើង​ត្រូវ​ទុកពួកគេ​ឲ្យនៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​”៕ សុខុម​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស