30 C
Phnom Penh

ពលករ​បម្រើការងារ​តាម​ផ្ទះ​នៅ​ប្រទេស​សិង្ហបុរី​ត្រូវ​បាន​បង្ខំឲ្យ​ចុះ​កិច្ច​សន្យា​​​ជំពាក់​លុយ​ក្រុម​ហ៊ុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីខែ​សីហា​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​អនុវត្ត​គម្រោង​សាក​ល្បង​មួយ​បញ្ជូន​ស្ត្រី​ចំនួន​២២០​នាក់​ទៅធ្វើការ​ជាអ្នក​បម្រើការ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ជាការ​ខិត​ខំប្រឹង​ប្រែង​ដ៏ធំលើក​ដំបូង​ដើម្បី​បើកទី​ផ្សារ​ថ្មី​សម្រាប់​ពលករ​បម្រើ​ការ​តាមផ្ទះ​ បន្ទាប់ពីរដ្ឋាភិបាល​បាន​ផ្អាក​​មិន​ឲ្យ​បញ្ជូន​ស្ត្រីបម្រើ​ការ​តាម​ផ្ទះទៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សារ​មាន​សេចក្ដី​រាយ​ការណ៍​ជាច្រើន​អំពី​ការ​រំលោភ​បំពាន​។

នៅ​សប្ដាហ៍នេះ ស្ត្រី​ពីរ​នាក់​ក្នុង​ចំណោម​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​នៅ​ក្នុង​គម្រោង​សាក​ល្បង​នៅ​ប្រទេស​ិង្ហបុរី​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ និង​បាន​ប្រាប់​រឿង​រ៉ាវ​អំពី​ការ​បង្ខំ​ឲ្យ​សង​លុយ​ក្រុម​ហ៊ុន និងអំពី​ស្ថាន​ភាព​រំលោភ​បំពាន​ ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ជា​ថ្មីម្ដង​ទៀត​អំពីការ​មិនគោរព​សិទ្ធិ​ពល​ករ​ចំណាក​ស្រុក​ខ្មែរ​ពី​សំណាក់​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​មាន​ខ្នង​ក្រាស់ ដែល​​បញ្ជូនពួកគេ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។

អ្នក​នាង ញ៉ែម ធីតា អាយុ​៣១​ឆ្នាំ និង​ ផន ម៉ៅ អាយុ​២៤​ឆ្នាំ​ ត្រូវ​បាន​​នាំ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ជន​បទ​ដោយ​ក្រុម​ហ៊ុន​ហ្វីលីម័រ​ខេមបូឌា ជា​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ដែល​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ខ្លាំង​ ហើយ​មាន​ការ​សន្យា​ផ្ដល់​ប្រាក់​ខែ​សមរម្យ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ដល់​ពួកគេ​។ ប៉ុន្តែ​នៅពេល​ដែល​ពួកគេ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ភ្លាមៗ​កាលពី​ចុង​ឆ្នាំមុន ពួកគេ​ដឹង​ថា ការ​សន្យាទាំង​នេះ គឺ​ជា​ការ​ភូត​កុហក​។

ផន ម៉ៅ ​មក​​ពីគ្រួសារ​កសិករ​មួយ​ដែល​មាន​កូន​ប្រាំពីរ​នាក់​នៅ​ស្រុក​ប្រាសាទ​សម្បូរ ក្នុង​ខេត្ត​កំពង់ធំ បាននិយាយ​ថា ” ដំបូង​​នៅពេល​ខ្ញុំ​បាន​ទៅ​ដល់​ប្រទេស​សិង្ហបុរី ក្រុម​ហ៊ុន​នេះ​បាន​ដក​យក​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​។ គេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ដែល​ចែង​ថា ប្រាក់​ខែ​ប្រាំមួយ​ខែ​ដំបូង​របស់​ខ្ញុំ​នឹង​ត្រូវ​សង​ទៅ​ក្រុម​ហ៊ុន​ហ្វីលីម័រ”។

កិច្ច​សន្យា​ដែល​គេ​ទទួល​បាន​កាល​ពីខែ​មុន​នេះ​ចែង​ថា ពល​ករ​ចំណាក​ស្រុក​រូប​នេះ​ត្រូវ​តែ​សង​​ប្រាក់ចំនួន​៣២០​ដុល្លារ​ក្នុង​ចំណោម​ប្រាក់​ខែ​៣៨៥​ដុល្លារ​របស់​គាត់​ក្នុង​រយៈពេល​បំពេញ​ការ​ងារ​​ប្រាំមួយ​ខែ​ដំបូង ទៅ​ឲ្យ​ក្រុម​ហ៊ុន​ហ្វីលីម័រ​តាម​រយៈ​ក្រុម​ហ៊ុន​ SMECare ជា​ក្រុម​ហ៊ុន​ផ្ដល​់​កម្ចី​របស់​សិង្ហបុរី។ អត្រាការ​ប្រាក់​សម្រាប់​កម្ចីនេះគឺ​២០​ភាគរយ។

អ្នក​នាង ធីតា បាននិយាយ​ថា គេ​បាន​បង្ខំ​ឲ្យ​គាត់​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ដែល​មាន​លក្ខខណ្ឌ​ដូច​គ្នា​នេះ។ បន្ទាប់ពី​បាន​ធ្វើ​កិច្ច​សន្យា​នោះរួច​ហើយ ស្ត្រីទាំង​ពីរ​បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​​នាំ​យក​ទៅ​ដាក់​នៅ​ក្នុង​មណ្ឌល​បណ្ដុះ​បណ្ដាល​មួយ​ដែល​គ្រប់​គ្រង​ដោយទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការងារ​របស់​​សិង្ហបុរី​ ដែល​នៅទីនោះ​ពួកគេ​ម្នាក់​ៗ​ត្រូវ​ស្នាក់​នៅ​ប្រហែល​មួយ​ខែ​រង់ចាំ​ឲ្យ​មានការ​ផ្គូផ្គង​ជាមួយ​ថៅកែ។

កញ្ញា ម៉ៅ បាននិយាយ​ថា “យើង​ត្រូវ​ដេក​នៅ​លើ​គ្រែ​មួយ​ជាមួយ​មនុស្ស​បួន​ឬប្រាំ​នាក់​ជារៀង​រាល់​យប់ ហើយ​មាន​មនុស្ស​ប្រហែល​៥០​នាក់​នៅ​ក្នុងបន្ទប់​នីមួយ​ៗ​ដែល​មាន​គ្រែ​ត្រួត​គ្នា​បីជាន់​។ មាន​ស្ត្រីជាង​១០០​នាក់នៅក្នុង​អគារ​មួយ​ដែល​មក​ពី​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា និង​កម្ពុជា​”។ យោងតាម​ស្ត្រី​ទាំង​ពីរ​នាក់​​ឲ្យ​ដឹង​ថា អំឡុង​ពេល​នោះ​ពួកគេ​ត្រូវ​ធ្វើ​កិច្ច​កា​រ​ផ្ទះ​នៅ​ក្នុង​មណ្ឌល​នោះ​ដើម្បី​រង់ចាំ​ថៅកែ​មក​ជួល​ពួកគេ។

អ្នកនាង ធីតា ជា​ស្ត្រីមេម៉ាយ​មានកូន​មួយមកពី​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង បាន​និយាយ​ថា ” ពួកគេ​បណ្ដុះ​បណ្ដាល​យើង​អំពី​របៀប​សម្អាត​បង្គន់​ឲ្យ​បាន​ស្អាត​។ យើង​ត្រូវ​​ប្រើ​ដៃ​ទាំង​ពីរ​ដើម្បីបង្ហាញ​ពី​កម្លាំង​របស់​យើង ពីព្រោះ​ថៅកែ​កំពុង​ឈរ​មើល​”។ បន្ទាប់​ពី​ត្រូវ​បាន​ថៅកែ​ជ្រើស​រើស​ហើយ ស្ថាន​ភាព​បាន​ល្អ​ប្រសើរ​សម្រាប់​ស្ត្រី​ទាំង​នោះ។ ​ពួកគេ​បាន​និយាយ​ថា ក្រោយពី​បាន​ជ្រើស​រើស​រួច ជា​ទូទៅ​មាន​អាហារ​ហូប​ច្រើន​ និង​មាន​កន្លែង​ដេក​ធំ​ ប៉ុន្តែ​ស្ថាន​ភាព​មិន​ល្អ​ដូច​ក្រុម​ហ៊ុន​ហ្វីលីម័រ​ប្រាប់ពួកគេ​នោះទេ។

ស្ត្រីទាំង​ពីរ​នាក់​បាន​និយាយ​ប្រាប់​អំពី​ការ​ធ្វើការ​មួយ​ថ្ងៃ​១៨​ម៉ោង​ អាហារ​មិន​គ្រប់​​គ្រាន់​ មាន​ការ​រំលោភ​បំពានម្ដង​ម្កាល និង​ស្ថាន​ភាព​រស់​នៅ​ពិបាក​។ ផន ម៉ៅ បាន​​​និយាយ​ថា ” ក្រុម​ហ៊ុន​ហ្វីលីម័រ បាន​​ប្រាប់​ខ្ញុំ​ថា​ ខ្្ញុំ​នឹង​មាន​បន្ទប់ដេក​ឯកជន ទូរស័ព្ទ​ដៃមួយ និង​ឈប់​សម្រាក​មួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ប៉ុន្តែ​អ្វីៗ​ទាំង​អស់​ខុស​ស្រឡះពី​អ្វី​ដែល​ពួកគេ​បាននិយាយ។​ ខ្ញុំ​បាន​ស្នើ​សុំ​ថៅកែ​ឈប់​សម្រាក​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​គាត់​និយាយ​ថា មិន​ចាំបាច់​ឈប់ទេ​ មិន​អាច​ឈប់​បានទេ​”។

ទាំង​នៅ​ក្នុង​សៀវភៅ​ណែនាំ​ប្រាប់​ពី​ការ​ងារ​សម្រាប់​ស្ត្រី​អ្នក​បម្រើ និង​សៀវភៅ​ណែនាំ​សម្រាប់​ថៅកែ​ ក្រសួង​ការ​ងារ​សិង្ហបុរី​លើក​ឡើង​​ថា ពល​ករ​បម្រើការ​ងារ​តា​​ម​ផ្ទះ​ត្រូវ​តែ​ឈប់​សម្រាក​មួយ​ថ្ងៃ​ក្នុងមួយ​សប្ដាហ៍។ កាលពី​ម្សិលមិញ គេ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​​ពី​ក្រសួង​ការ​ងារ​សិង្ហបុរី​បាន​ទេ។

លោកស្រី ហូ សៀលី អ្នក​​គ្រប់​គ្រង​​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការងារ​បាន​បដិសេធ​ចំពោះ​ការ​អះអាង​របស់​ស្ត្រីទាំង​ពីរ​អំពីការ​ដេក​ចូល​គ្នា​ ប៉ុន្តែ​មិន​ព្រម​ឆ្លើយ​សំណួរ​បន្ថែមទៀត​ទេ។

លោកស្រី ហូ បាន​និយាយ​ថា ស្ត្រី​ម្នាក់ៗ​ទទួលបាន​គ្រែ​ដេកមួយ ប៉ុន្តែ​លោកស្រី​បាន​បន្ថែម​ថា ” លោកគ្មាន​សិទ្ធិ​សួរ​ខ្ញុំ​អំពី​រឿង​េនះទេ”។ លោកស្រី​បាន​និយាយ​មុនពេល​ដាក់​ទូរស័ព្ទចុះ​ថា ” យើង​នឹង​មិន​យក​ស្ត្រី​បម្រើ​ខ្មែរ​ទៀត​ទេ យើង​មាន​ជន​ជាតិ​ជាច្រើន​ទៀត​សម្រាប់​ជ្រើស​រើស​”។

លោក ចាន់ ភក្ដី តំណាង​ក្រុម​ហ៊ុន​ហ្វីលីម័រ​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា លោក​មិន​ជឿ​ថា រឿង​រ៉ាវ​របស់​ ផន ម៉ៅ និង ញ៉ែម ធីតា គឺ​ជារឿង​ពិត​ទេ។​លោក​បាន​និយាយ​ថា ច្បាប់​ការ​ងារ​នៅ​ប្រទេស​សិង្ហបុរី​ធានា​សុវត្ថិភាព​របស់​ស្ត្រីទាំង​ពីរ។ លោក ភក្ដី បាន​និយាយ​ថា ” យើង​មិន​បានទទួល​ពាក្យ​បណ្ដឹង​ ឬ​ភាព​មិន​ប្រក្រតី​ណាមួយ​ពី​ប្រទេស​សិង្ហបុរីទេ​រហូត​មក​ទល់ពេល​នេះ” ហើយ​លោក​បាន​បង្វែរ​សំណួរ​ដែល​សួរ​អំពី​កិច្ច​សន្យា​ជំពាក់​លុយ និង​ស្ថានភាព​នៅ​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការងារ ទៅ​លោក​ស្រី អ៊ឹង ស៊ាងរិទ្ធី ប្រធាន​សមាគម​ក្រុម​ហ៊ុន​ជ្រើសរើស​ពល​ករ​ខ្មែរ​ (អាក្រា)។

លោកស្រី សា៊ងរិទ្ធី បងប្អូនស្រី​របស់​ឧត្តមសេនីយ៍ សុខ ផល ដែល​បាន​ស្បថចូល​កាន់​តំណែង​កាលពីខែមេសា ជា​ប្រធាន​នាយក​ដ្ឋាន​ថ្មីមួយរបស់​ក្រសួង​មហាផ្ទៃ ដែល​ទទួល​បន្ទុក​​ត្រួត​ពិនិត្យ​ពល​ករ​ចំណាក​ស្រុក​ ក៏បាន​និយាយ​ដែរ​ថា ស្ត្រី​​ទាំង​នេះ​ត្រូវ​បាន​ការ​ពារ​ពី​ច្បាប់​សិង្ហបុរី។

លោកស្រី​ ស៊ាងរិទ្ធី គឺ​ជា​ប្រធាន​​ក្រុម​ហ៊ុន​អ៊ឹង​រិទ្ធីគ្រុប ​ជាក្រុមហ៊ុនទី២​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ចំនួន​បី​ ដែល​បាន​ទទួល​សិទ្ធិ​ចូលរួម​នៅ​ក្នុង​គម្រោង​សាក​ល្បង​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ជូន​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ទៅ​ប្រទេស​សិង្ហបុរី​ផងដែរ។ លោកស្រី​បាន​និយាយ​ថា ” វា​ហាក់​ដូច​ជា​មិនមាន​បញ្ហា​ណាមួយ​ទេ។ ខ្ញុំគិត​ថា ប្រទេស​សិង្ហបុរី​អនុវត្ត​ច្បាប​់​តឹង​រ៉ឹង​ណាស់”។

លោកស្រី ស៊ាងរិទ្ធី បាន​បដិសេធ​មិន​និយាយអំពី​កិច្ច​សន្យា​ជំពាក់លុយ​​ និង​ស្ថាន​ភាព​របស់​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហុ៊ុន​លោកស្រីទេ ហើយ​បាន​បង្វែរ​សំណួរទាំង​អស់​ទៅ​ក្រសួង​ការ​ងារ​ និង​ក្រសួង​ការ​បរទេស​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍​ថា ជនរងគ្រោះ​គួរ​តែ​ដាក់ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​ការ​ងារ​វិញ​។ លោក សេង សក្ដា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ការ​ងារ​នៃ​ក្រសួង​ការ​ងារ​ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

លោក សក្ដា ដែល​ត្រូវ​បាន​គេ​បង្វែរ​សំណួរ​សួរ​មក​ក្រសួង​ទាំង​អស់​អំពី​បញ្ហា​របស់​ស្ត្រី​បម្រើការ​តាម​ផ្ទះ ​មានផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​លោក​​នៅ​ក្នុង​ការ​ងារ​នេះ។ បង​ប្អូន​ស្រី​របស់​លោក​ឈ្មោះ សេង ទូស៊ីតា គឺ​ជា​ម្ចាស់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​សុក​លាភ​មេត្រី ជាក្រុម​ហ៊ុនទី៣​ដែល​បាន​ចូល​រួម​នៅ​​ក្នុង​គម្រោង​សាក​ល្បង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

នៅ​ឯសិក្ខា​សាលា​របស់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​កាលពី​ខែមីនា លោក ពិន វីរៈ លេខា​ធិការ​នៅ​សមាគម​អាក្រា បាន​និយាយ​ថា លោក​ សក្ដា ខ្លួន​គាត់​ផ្ទាល់​បាន​ជ្រើស​រើស​ក្រុម​ហ៊ុន​ទាំង​បី​ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​អនុវត្ត​គម្រោង​សាក​ល្បង​នេះ។

ក្រសួង​ការ​ងារ​កម្ពុជា​បាន​បដិសេធ​មិន​ផ្ដល់​ច្បាប់​ចម្លង​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​ និង​សិង្ហបុរី​ទេ ថ្វីបើ​មាន​ការ​ជំរុញ​ពី​លោកស្រី មូរ សុខហួរ និង​លោក សុន ឆ័យ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ក៏ដោយ​។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ ដែល​បាន​ជួយ​បញ្ជូន​ ផន ម៉ៅ និង ញ៉ែម ធីតា ត្រឡប់​មក​វិញ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មាន​ការ​ផ្លាស់​ប្ដូរ​តិច​តួច​ណាស់​សម្រាប់​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញបម្រាម​ឲ្យ​ផ្អាក​ការ​បញ្ជូន​ស្ត្រី​បម្រើការ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១១ បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ស្រដៀង​គ្នា​ជាច្រើន​។

លោកស្រី ណាលី ពីឡូក ប្រធាន​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​រដ្ឋាភិបាល​មាន​អំណាច​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រក​ស៊ី​ក្រៅ​នេះ មាន​ការ​ស្ទាក់​ស្ទើរ​មិន​ហា៊ន​ជ្រៀត​ជ្រែក​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” កម្ពុជា​នៅតែ​មិន​មាន​ការ​ការ​ពារ​ពី​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង​សម្រាប់​ពលករ​ និង​មិន​មាន​អាជ្ញាធរ​មិន​លម្អៀង​ដើម្បី​គ្រប់​គ្រង​វិស័យ​នេះ​”។ លោកស្រី​បាន​បន្ថែម​ថា ” កង្វះ​ការ​ផ្ដន្ទា​ទោស​ចំពោះ​ក្រុម​ហ៊ុន​ជ្រើស​រើស​ស្ត្រី​បម្រើការ​តាម​ផ្ទះ​តាម​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បង្ហាញ​ថា និទណ្ឌភាព​នៅ​ក្នុង​វិស័យ​េនះ​នៅ​តែ​ជា​កង្វល់”។

ទាំង​ ផន ម៉ៅ និង​ ញ៉ែម ធីតា បាន​ទៅធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី មុនពេល​មាន​បម្រាម​របស់​លោក ហ៊ុន សែន ហើយអ្នក​ទាំង​ពីរ​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា បទ​ពិសោធន៍​ផ្ទាល់​ខ្លួននៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាន់​តែ​អាក្រក់​ជាង​មុន​ទៅទៀត​។ ផន ម៉ៅ បាន​​និយាយ​ថា ចាប់​តាំង​ពី​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការងារ​បាន​ទៅ​ជួប​គាត់​នៅ​ឯ​អាកាស​យាន​ដ្ឋាន​ គាត់​ដឹង​ថាមាន​បញ្ហា ប៉ុន្តែ​គាត់​មិន​អាច​ធ្វើ​អ្វី​បានទេ។ គាត់​បាន​និយាយ​ថា ” នៅពេល​ខ្ញុំ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ ខ្ញុំ​ដឹង​ថា​អ្វី​ទាំង​អស់​មិន​ល្អទេ។ ខ្ញុំ​ទៅមុខ​ក៏មិន​រួចទៅក្រោយក៏មិន​រួច។ ពួកគេ​បាន​ដក​យក​លិខិ​ត​ឆ្លង​ដែន​ខ្ញុំ ខ្ញុំត្រូវ​ជាប់​គាំង​នៅ​កណ្ដាល​”។

អនាគត​នៅ​មិន​ទាន់​ច្បាស់​សម្រាប់​អ្នក​នាង ធីតា ដែល​បាន​និយាយ​ថា អ្នកនាង​គ្រាន់​តែ​ចង់​បាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ បន្ទាប់ពី​បាន​ចូល​មន្ទីរ​ពេទ្យពីរ​ដង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដោយ​សារ​ធ្វើ​ការ​ហួស​កម្លាំង និង​បរិភោគ​មិន​គ្រប់​គ្រាន់​។ ប៉ុន្តែ​ ផន ម៉ៅ បាន​និយាយ​ថា នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គាត់​ត្រូវ​​ចាប់​ផ្ដើម​រក​ការ​ងារ​មួយ​ទៀតហើយ។ គាត់​បាន​និយាយ​ថា ” ខ្ញុំ​នឹង​ទៅ​លេង​ឪពុក​ម្ដាយ​ខ្ញុំ​មួយ​ថ្ងៃ​ ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​ត្រឡប់​មក​ភ្នំពេញ​វិញ​ដើម្បី​រក​ការ​ងារ​ធ្វើ​នៅ​តាម​រោងចក្រ​កាត់​ដេរ​”៕ គឹមហឿន​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស