31 C
Phnom Penh

ជនជាតិចិន​ជិត​១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក​តាម​អុីនធើណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​ដ្ឋានកណ្ដាល​​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​៧៨​នាក់​កាលពី​ម្សិលមិញ ពីបទ​ពាក់​ព័ន្ធ​បទ​ល្មើស​​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អុីនធើណិត​ (VoIP) ​ក្នុង​ប្រតិបត្តិ​ការ​ឆ្មក់​បង្ក្រាប​ក្នុង​រាជ​ធានីភ្នំពេញ និង​ខេត្ត​ចំនួន​ពីរ​។

លោក ឆាយ ស៊ីណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​សន្តិ​សុខ បាន​មាន​ប្រសាសន៍​ថា បុរសនិង​ស្ត្រី​ទាំង​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ ខេត្ត​សៀម​រាប និង​ខេត្ត​តាកែវ បន្ទាប់ពី​ការ​ស៊ើប​អង្កេត​រយៈពេល​មួយ​សប្ដាហ៍​ ក្រោយពី​ទទួល​បានពាក្យបណ្ដឹង​ពី​ស្ថានទូត​ចិន។ លោក​មាន​ប្រសាសន៍​ថា ស្ថានទូត​ចិន​បាន​ប្ដឹង​មក​ក្រសួង​មហាផ្ទៃ​ជួស​មុខ​ឲ្យ​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​រាយការណ៍​ថា ពួកគេ​ត្រូវ​បាន​ជំរិត​ទារ​ប្រាក់​ដោយ​មនុស្ស​មួយ​ក្រុ​ម​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​លើក​ឡើង​បន្ត​ថា ” យើង​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជន​រង​គ្រោះនៅ​ក្នុង​ប្រទេស​ចិន ហើយ​យើង​បានស៊ើប​អង្កេត​រយៈពេល​មួយ​សប្ដាហ៍​រហូតឈាន​​ដល់​ការ​ចាប់​ខ្លួន​ពួកគេ។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ជំរិត​ទារ​ប្រាក់​ពីជន​រងគ្រោះនៅ​ក្នុង​ប្រទេស​ចិន​តាម​អុីនធើណិត​ចេញពី​ទីនេះ។ ពេល​នេះពួកគេ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​នាយក​ដ្ឋាន​កណ្ដាល​សន្ដិសុខ ​មុនពេល​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​តុលាការ​”។

ហើយទោះ​បីជា​នាយក​ដ្ឋាន​របស់​លោក​បាន​ចំណាយ​ពេល​ស៊ើប​អង្កេត​សំណុំរឿង​នេះ​រយៈេពល​មួយ​សប្ដាហ៍​ក្ដី​ ក៏លោក ឆាយ ស៊ីណារិទ្ធិ បាន​មាន​ប្រសាសន៍​ថា លោក​គ្មាន​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ស្ដីពី​បទ​ល្មើស​នេះទេ​។ លោក​មាន​ប្រសាសន៍​ថា ” នេះគឺ​ជា​លើ​ក​ទី២​ហើយ ដែល​យើង​ចាប់​ខ្លួន​ក្រុម​ជំរិត​ទារ​ប្រាក់​តាម​​ប្រព័ន្ធ​ VoIP នៅ​ឆ្នាំ​នេះ” ប៉ុន្តែ​លោក​មិន​បាន​បក​ស្រាយ​ថា តើ​សំណុំ​រឿង​ទាំង​ពីរ​នេះ​មាន​ការ​ពាក់​ព័ន្ធ​គ្នា​ឬយ៉ាង​ណា​ទេ​។

នគរ​បាល​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​​ចំនួន១២​នាក់​តាម​ការ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​នៅ​ក្នុង​រាជធានីភ្នំពេញ​កាលពី​ខែកុម្ភៈ។ ជន​ជាតិ​ចិន​ដីគោក​ និង​ជនជាតិ​ចិន​តៃ​វ៉ាន់​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅវិញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ​ពាក់ព័ន្ធនឹង​បទ​ល្មើស​​ស្រដៀង​គ្នា​នេះ​ ដែល​ក្នុង​នោះ​​ឧក្រិដ្ឋជន​ទូរស័ព្ទ​ទៅ​ជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន​ប្រាប់​ឲ្យ​​ពួកគេ​ផ្ទេរ​ប្រាក់​ចូល​ក្នុង​គណនី​ធនាគារ​របស់​ខ្លួន​​។

លោក ឆាយ ស៊ីណារិទ្ធ បាន​មាន​ប្រសាសន៍​ថា មនុស្ស​ទាំង​៧៨​នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​កាលពី​ម្សិលមិញ​នេះ រួម​មាន​៦នាក់​ចាប់​បាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៤៤​នាក់​ចាប់​បាន​នៅ​ក្នុង​ខេត្ត​សៀម​រាប និង​២៨នាក់​ចាប់​បាន​នៅ​ខេត្ត​តាកែវ។ លោក​មាន​ប្រសាសន៍ទៀត​ថា ការ​ចាប់​ខ្លួន​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ករណី​បែប​នេះ​ធ្លាប់​តែ​កើត​មាន​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា ​ដោយ​សារ​អុីនធើណិត​គ្រប​ដណ្ដប់​ទៅ​ដល់​តំបន់​ឆ្ងាយ​ៗ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ បានធ្វើឲ្យ​​ក្រុម​​ទាំង​​នេះ​បង្កើត​បណ្ដាញ​ និង​ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់​កាន់​តែ​ងាយ​ស្រួល​នៅ​តាម​ខេត្ត​៕ សុខុម​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស