កាលពីម្សិលមិញ ទាហាន មន្ត្រីនគរបាល និងមន្ត្រីរាជការរាប់រយនាក់បានចូលរួមនៅក្នុងការហាត់សមដង្ហែសម្រាប់ពិធីរយៈពេលបីថ្ងៃនៅសប្តាហ៍ក្រោយដើម្បីដង្ហែព្រះបរមអដិ្ឋរបស់សម្តេចឪ ព្រះនរោត្តម សីហនុ ពីព្រះបរមរាជវាំងទៅតម្កល់នៅចេតិយមួយនៅក្នុងបរិវេណប្រាសាទព្រះកែវមរកត។
នៅថ្ងៃទី១០ ខែកក្កដា ដែលជាថ្ងៃដំបូងនៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិនេះ មានពិធីរាប់បាតប្រគេនព្រះសង្ឃនៅមុខព្រះបរមរាជវំាង ហើយនៅថ្ងៃទី១១ ខែកក្កដា នឹងមានប្រជាពលរដ្ឋប្រហែល២០.០០០នាក់នៅទីក្រុងភ្នំពេញឈរតម្រង់ជួរតាមផ្លូវមើលការដង្ហែព្រះបរមអដិ្ឋ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ” មនុស្ស២០.០០០នាក់នឹងទទួលស្វាគមន៍ព្រះបរមអដ្ឋិរបស់ព្រះមហាក្សត្រ ដោយឈរនៅតាមចិញ្ចើមផ្លូវ។ យើងគិតថា យើងមិនចង់រំខានប្រជាពលរដ្ឋនៅតាមខេត្តទេ ដូច្នេះលោក គង់ សំអុល [រដ្ឋមន្ត្រីព្រះបរមរាជរាំង] បានអនុញ្ញាតឲ្យសាលារាជធានីភ្នំពេញអញ្ជើញប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញចូលរួមពិធីនេះ”។ លោកបានបន្ថែមថា ” សម្តេច គង់ សំអុល បានមានប្រសាសន៍ថា មិនមានកន្លែងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋជាច្រើនចូលរួមដង្ហែតាមផ្លូវទេ ដូច្នេះយើងត្រៀមវីដេអូសម្រាប់ប្រជាពលរដ្ឋនៅតាមខេត្តមើលតាមទូរទស្សន៍”។
ពិធីដង្ហែចម្ងាយ១៣គីឡូម៉ែត្រនេះនឹងចាប់ផ្តើមពីព្រះបរមរាជវាំង បន្ទាប់មកទៅតាមផ្លូវលេខ១៨៤ តាមមហាវិថី ព្រះនរោត្តម និងមហាវិថី ព្រះសុធារស មុនពេលត្រឡប់ទៅព្រះបរមរាជវាំងវិញ។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់នឹងត្រូវដាក់ពង្រាយឲ្យការពារសន្តិសុខ អំឡុងពេលដង្ហែនេះ។ លោកបានមានប្រសាសន៍ថា ” យើងនឹងបិទផ្លូវមួយចំនួននៅជិតផ្លូវដង្ហែព្រះបរមអដិ្ឋរបស់ព្រះអង្គ ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។ នៅថ្ងៃទី៣នៃពិធីដង្ហែនេះ គឺថ្ងៃទី១២ ខែកក្កដា ព្រះបរមអដ្ឋិ នឹងត្រូវតម្កល់នៅទីនោះ។ តាមទំនៀមទម្លាប់ ព្រះបរមអដ្ឋិព្រះមហាក្សត្រខ្មែរត្រូវបានបែងចែកយកទៅតម្កល់នៅក្នុងចេតិយនៅភ្នំឧដុង្គ នៅព្រះបរមរាជវាំង និងនៅក្នុងប្រាសាទព្រះកែវមរកត។
ប៉ុន្តែ សម្តេចឪ នរោត្តម សីហនុ បានផ្តាំឲ្យយកអដ្ឋិធាតុរបស់ព្រះអង្គទាំងអស់ទៅតម្កល់នៅក្នុងប្រាសាទព្រះកែវមរកតជាមួយអដ្ឋិធាតុរបស់បុត្រីព្រះអង្គ គឺអ្នកអង្គម្ចាស់ គន្ធបុប្ផា ដែលបានចូលទិវង្គតដោយសារជំងឺមហារីកគ្រាប់ឈាមកាលពីឆ្នាំ១៩៥២ ក្នុងព្រះជន្មាយុ៤ព្រះវស្សា៕ គឹមហឿន