35 C
Phnom Penh

កម្មករ​​​តវ៉ា​​​នៅ​​​ប្រាសាទ​​​តា​​​ព្រហ្ម​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ទាម​ទារ​ឲ្យ​អង្គការ​ ASI ទទួល​យក​ចូល​ធ្វើការ​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​ជួស​​​ជុល​​​ប្រាសាទ​​​តា​​​ព្រហ្ម​​​៦០​​​នាក់​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ឈប់​​​ធ្វើ​​​ការ​​​កាល​​​ពី​​​ម្សិល​​​មិញ និង​​​បាន​​​ធ្វើ​​​ការ​​​​​​តវ៉ា​​​នៅមុខ​​​ប្រាសាទ​​​នេះ ​​​​​​រួម​​​​​​ជាមួយ​​​អតីត​​​កម្មករ​​​៣១​​​នាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​បាន​​​បាត់​​​បង់​​​ការងារ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ហើយ​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​អង្គការ​​​ Archeological Surveyof India (ASI) ដែល​​​ដឹក​​​នាំ​​​គម្រោង​​​ជួស​​​ជុល​​​ប្រាសាទ​​​ ទទួល​​​ពួក​​​គេ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។ អង្គការ​​​​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល​​​ឥណ្ឌា​​​នេះ​​​ បាន​​​និង​​​កំពុង​​​ធ្វើ​​​ការ​​​ជួស​​​ជុល​​​នៅ​​​ប្រាសាទ​​​តាព្រហ្ម​​​​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៤​​​មក ជា​​​មួយ​​​ការ​​​ងារ​​​លើ​​​គម្រោង​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​ ដែល​​​គ្រោង​​​នឹង​​​បញ្ចប់​​​នៅ​​​ចុង​​​ឆ្នាំ​​​នេះ​​​។

ដោយ​​​អះ​​​អាង​​​ពី​​​ការ​​​បណ្តេញ​​​​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយ​​​មិន​​​​​​ត្រឹម​​​ត្រូវ​​​​​​​​​​​​​​​​​​ កម្មករ​​​៣១​​​នាក់​​​បាន​​​នាំ​​​យក​​​កង្វល់​​​របស់​​​ខ្លួន​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​មុន​​​។ ក្រុម​​​ប្រឹក្សា​​​នេះ​​​បាន​​​​​​ផ្តល់​​​យោបល់​​​ឲ្យ​​​អង្គការ​​​ ASI ទទួល​​​យក​​​កម្មករ​​​៣១​​​នាក់​​​នោះ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។

អង្គការ​​​ ASI និង​​​ស្ថាន​​​ទូត​​​ឥណ្ឌា​​​បាន​​​ឲ្យដឹង​​​នៅ​​​ពេល​​​នោះ​​​ថា មាន​​​ការ​​​ងារ​​​ល្មម​​​សម្រាប់​​​កម្មករ​​​​​​តែ​៦០​​​នាក់​​​ប៉ុណ្ណោះ​​​ ដែល​​​អ្នក​​​ទាំង​​​អស​​​់​​​នោះ​​​គ្មាន​​​កិច្ច​​​សន្យា និង​​​ទទួល​​​ប្រាក់​​​ខែ​​​តាម​​​ថ្ងៃ​​​​​​​​​​​​ ប៉ុន្តែ​​​បាន​​​សន្យា​​​ថា នឹង​​​ផ្ដល់​​​​ប្រាក់​​​អតីត​​​ភាព​ការ​ងារ​​​​ឲ្យ​​​កម្មករ​​​ដែល​​​ត្រូវ​​​គេ​​​បញ្ឈប់​​​។

លោក អឹុង​​​ ខូយ ជា​​​កម្មករ​​​ម្នាក់​​​ក្នុ​​​ង​​​ចំណោម​​​កម្មករ​​​៣១​​​នាក់​​​ ដែល​​​បាន​​​បាត់​​​បង់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ បាន​​​និយាយ​​​ថា ការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ស្វះ​​​ស្វែង​​​ដើម្បី​​​បង្ខំ​​​ឲ្យ​​​អង្គការ​​​ ASI ទទួល​​​យក​​​កម្មករ​​​ទាំង​​​នោះ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។

លោក ខូយ​​​ ដែល​​​ក៏​​​ជា​​​អនុ​​​ប្រធាន​​​​​​សហជីព​​​កម្មករ​​​អភិរក្ស​​​អង្គរ​​​ដែរ​​​នោះ​​​ បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​ស្ថាន​​​ទូត​​​ឥណ្ឌា​​​មិន​​​ជួយ​​​យើង​​​ក្នុង​​​បញ្ហា​​​នេះ​​​ទេ​​​នោះ​​​ យើង​​​នឹង​​​​នាំ​​​យក​​​​​​​ការ​​​តវ៉ា​​​ទាម​​​ទារ​​​នេះ​​​ទៅ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ ហើយ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​យក​​​យើង​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​មែន​​​ យើង​​​នឹង​​​ស្នើ​​​ពួក​​​គេ​​​ឲ្យ​​​បើក​​​ប្រាក់​​​ឲ្យ​​​យើង​​​ច្រើន​​​ជាង​​​បី​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​”។  លោក​​​បាន​​​និយាយ​​​ថា កម្មករ​​​សព្វ​​​ថ្ងៃ​​​ចំនួន​​​៦០នាក់​​​​​​បាន​​​ចូល​​​រួម​​​ក្នុង​​​កូដ​​​កម្ម​​​នេះ​​​ដើម្បី​​​ជំរុញ​​​ឲ្យ​​​មាន​​​កិច្ច​​​សន្យា​​​ដើម្បី​​​ធានា​​​ថា ពួកគេ​​​នឹង​​​ទទួល​​​បាន​​​សិទ្ធិ​​​របស់​​​ខ្លួន​​​ទាំង​​​អស់​​​ នៅ​​​ពេល​​​ណា​​​ការ​​​ងារ​​​នៅ​​​ប្រាសាទ​​​នេះ​​​បញ្ចប់​​​។

លោក​​​ អីុម សុខ​​​រិទ្ធី អ្នក​​​នាំ​​​ពាក្យ​​​អាជ្ញាធរ​​​អប្សរា​​​ ដែល​​​គ្រប់​​​គ្រង​​​ប្រាសាទ​​​អង្គរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​មាន​​​ការ​​​ងារ​​​គ្រប់​​​គ្រាន់​​​ ដើម្បី​​​ទទួល​​​កម្មក​​​រទាំង​​​នោះ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ទេ​​​។ លោក​​​បាន​​​ឲ្យដឹង​​​ទៀត​​​ថា ” គម្រោង​​​ឥណ្ឌា​​​នេះ​​​ចង់​​​បើក​​​ប្រាក់​​​អតីត​ភាព​ការងារ​​​ឲ្យ​​​ពួក​​​គេ​​​ ប៉ុន្តែ ពួក​​​គេ​​​ [ កម្មករ​​​ ]​​​​​​​​​​​​​​​​​ មិន​​​ទទួល​​​យក​​​ ពី​​​ព្រោះ​​​​​​ពួក​​​គេ​​​ចង់​​​បាន​​​ការងារ​​​ធ្វើ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា អាជ្ញាធរ​​​អប្សរា​​​​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​ទេ​​​ ដោយ​​​ហេតុ​​​ថា ការ​​​ជួស​​​ជុល​​​ប្រាសាទ​​​តា​​​ព្រហ្ម​​​ជា​​​គម្រោង​​​ផ្តល់​​​មូល​​​និធិ​​​ដោយ​​​រដ្ឋាភិបាល​​​ឥណ្ឌា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពួក​​​គេ​​​ចាត់​​​ចែង​​​វា​ដោយ​​​ខ្លួន​​​ឯង​​​ ហើយ​​​ពួក​​​គេ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​បើក​​​ប្រាក​​​់​​​ខែ​​​ និង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា អង្គការ​​​ ASI បាន​​​ព្រមាន​​​កម្មករ​​​នៅ​​​សេស​​​សល់​​​៦០​​​នាក់​​​ថា បើ​​​បន្ត​​​ធ្វើ​​​​​​កូដកម្ម​​​ ពួក​​​គេ​​​នឹង​​​បាត់​​​បង់​​​សិទ្ធិ​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ទទួល​​​ប្រាក់​អតីត​ភាព​ការ​ងារ​​​​។

មេ​​​ដឹក​​​នាំ​​​គម្រោង​​​របស់​​​អង្គការ ASI នៅ​​​ប្រាសាទ​​​នេះ​​​ លោក​​​ ឌី​​​អេស ស៊ូដ បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​អប្សរា​​​មាន​​​សិទ្ធិ​​​សម្រេច​​​លើ​​​គម្រោង​​​នេះ​​​ និង​​​បាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​សេច​​​ក្តី​​​សម្រេច​​​អំពី​​​ប្រាក់​​​សំណង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​ដែល​គេ​​​បណ្តេញ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​ជូន​​​ដំណឹង​​​រួច​​​ហើយ​​​ថា ប្រាក​​​់កម្រៃ​​​សំខាន់​​​ៗ​​​ទាំងអស់​​​នឹង​​​ត្រូវ​​​គេ​​​បើក​​​ឲ្យ​​​យោ​​​ង​​​តាម​​​ច្បាប់​​​កម្ពុជា​​​។

លោក​​​បាន​​​បន្ថែម​​​ថា ” ប៉ុន្តែ ពួក​​​គេ​​​បន្ត​​​ទាម​​​ទារ​​​​​​ចង់​​​ចូល​​​​​​ធ្វើ​​​ការ​​​វិញ​​​ ហើយ​​​យើង​​​មាន​​​​​​ចំនួន​​​ការងារ​​​តិច​​​តួច​​​​​​ ព្រោះ​​​គម្រោង​​​នេះ​​​ជិត​​​ដល់​​​ទី​​​បញ្ចប់​​​ហើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ប្រសិន​​​បើ​​​កម្មករ​​​បន្ត​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ អង្គការ​​​ ASI នឹ​​​ង​​​ត្រូវ​​​បង្ខំ​​ចិត្ត​​​ជួល​​​កម្មករ​​​ថ្មី​​​ជំនួស​​​​​​៕ មានិត​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស