35 C
Phnom Penh

ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​របស់​សមាជិក​ព្រឹទ្ធ​សភា​ដក​ខ្លួន​ចេញ​ពី​ធនាគារ​អេអិន​ហ្សិត​រ៉ូយ៉ាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ភ្នំពេញស៊ូហ្គើរ​ដ៏​ចម្រូង​ចម្រាស​របស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​បាន​សង​បំណុល​ចុង​ក្រោយ​របស់​ខ្លួន​ទាំង​អស់​ដែល​បាន​ជំពាក់​ធនាគារ​អេអិន​ហ្សិត​រ៉ូយ៉ាល់ (ANZ Royal) ចំ​ពេល​មាន​សម្ពាធ​ពី​ធនាគារ​នេះ​ឲ្យ​ជួយ​ប្រជាជន​រាប់​រយ​គ្រួ​សារ​នៅ​ខេត្ត​កំពង់​ស្ពឺ​ ដែល​ចោទ​ក្រម​ហ៊ុន​ចម្ការ​អំពៅ​នេះ​ថា បាន​ប្លន់​យ​ក​ដី​របស់​ពួក​គាត់។

អង្គ​ការ​សិទ្ធិ​មនុស្ស​នានា​និយាយថា ការ​បញ្ចប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​នេះ​មិន​មែន​មាន​ន័យ​ថា ​ធនាគារ​នេះ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះទេ ហើយ​លើក​ឡើង​ថា ធនាគារ​នេះ​គួរ​តែ​ផ្តល់​សំណង​ដល់​គ្រួសារ​ទាំង​នេះ​ប្រសិន​បើ​ក្រុមហ៊ុន​ចម្ការ​អំពៅ​នេះ​មិន​ព្រម​ផ្តល់​សំណង។

លោក ស្ទីហ្វេន រាយស៍​ ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​ធនាគារ អេអិន​ហ្សិត នៅ​អូស្ត្រាលី ដែល​មាន​ភាគហ៊ុន​ធំ​នៅ​ធនាគារ​អេអិនហ្សិត រូ៉យ៉ាល់ បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​អាច​បញ្ជាក់​បានថា ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​បាន​សង​កម្ចី​របស់​ខ្លួន​អស់​ហើយ ហើយ​ក្រុម​ហ៊ុន​នេះ​មិន​មែន​ជា​អតិថិជន​របស់​ធនាគារ អេអិនហ្សិត ទៀត​ទេ។​យើង​យល់​ថា ពួកគេ​អាច​ទទួល​បាន​កម្ចី​​មាន​ការ​ប្រាក់​ទាប ​នៅ​ពេល​ពួក​គេ​បាន​បំពេញ​តាម​តម្រូវ​ការ​ផ្លូវ​ច្បាប់​ទាំង​អស់​របស់​ធនាគារ​អេអិនហ្សិត”។

លោក សេង ញ៉ក់ ប្រធាន​ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​ បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​នេះ​បាន​សង​បំណុល​របស់​ខ្លួន​ដែល​បាន​ជំពាក់​ធនាគារ​អេអិនហ្សិត រ៉ូយ៉ាល់ អស់​ហើយ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិននិយាយ​ថា តើ​ការ​ទទួល​បាន​កម្ចី​នេះ​គឺ​ដោយ​សារ​តែ​​បាន​បំពេញ​តាម​បទដ្ឋាន​ផ្លូវ​ច្បាប់​ទាំង​ផ្នែក​​សង្គម​ និង​បរិស្ថាន​របស់​ធនាគារ​នេះឬយ៉ាង​ណានោះទេ។

លោក​បាន​សរសេរ​តាម​អុីម៉េល​ថា ” ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​កំពុង​បន្ត​ដោះ​ស្រាយ​ដោយ​ផ្ទាល់​ជាមួយ​សហគមន៍​មូល​ដ្ឋាន ហើយ​នឹង​បន្ត​ធ្វើ​ដូច្នេះ​តទៅទៀត​។ សូម្បីតែ​កាលពី​សប្ដាហ៍​មុន តំណាង​ម្នាក់​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​បាន​ជួប​ជាមួយ​សហគមន៍​មូល​ដ្ឋាន”។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​​បន្ថែម​ទៀត​ទេ។

ទំនាក់​ទំនង​របស់​ធនាគារ​​ជាមួយ​នឹង​ក្រុមហ៊ុន​ចម្ការ​អំពៅ​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​លើក​ដំបូង​កាលពី​ខែមករា ហើយ​នៅពេល​នោះ​អង្គការ​សិទ្ធិមនុស្ស​បាន​ចេញ​​របាយការណ៍​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​របស់​គម្រោង​នេះ​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៣​ ដែល​បង្ហាញ​ថា ធនាគារ​អេអិន​ហ្សិត​ រ៉ូយ៉ាល់ បាន​ជួយ​​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ប្រតិបត្តិ​ការ​របស់​ក្រុម​ហ៊ុន​នេះ​។ ទាំង​ធនាគារ​ និង​ក្រុមហ៊ុន​ចម្ការ​អំពៅ​មិន​និយាយ​ថា តើ​ធនាគារ​អេអិន​ហ្សិត បាន​ផ្ដល់​ហិរញ្ញ​វត្ថុ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​គេ​ជឿ​ថា ការ​ផ្ដល់​កម្ចី​នេះ​មាន​ចំនួន​រហូត​ដល់​រាប់​លាន​ដុល្លារ​ឯណោះ។

នៅពេល​នោះ លោក​ ហ្គ្រែន ណាក់គី នាយក​ប្រតិបត្តិ​ធនាគារ​អេអិនហ្សិត​ រ៉ូយ៉ាល់ បាន​លើក​ឡើង​ថា ធនាគារ​កំពុង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​អំពៅ​នេះ​ជួប​ជាមួយ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់។

លោក​បាន​លើក​ឡើង​នៅពេល​នោះ​ថា ” នៅពេល​គេ​បាន​រក​ឃើញ​ផល​ប៉ះពាល់​ដែល​មិន​ស្រប​តាម​គោល​នយោបាយ​របស់​ធនាគារ​អេអិន​ហ្សិត គោល​បំណង​របស់​យើង​គឺ​ធ្វើ​ជា​កម្លាំង​វិជ្ជមាន​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះ​ស្រាយ និង​ការ​ផ្លាស​់​ប្ដូរ​។ នៅ​ពេល​ណា​យើង​រក​ឃើញ​ថា អតិ​ថិជន​មិន​បំពេញ​តាម​បទ​ដ្ឋាន​បរិស្ថាន និង​សង្គម​របស់​យើង​ ហើ​យបើ​​គេ​មិន​ព្រម​អនុវត្ត​តាម​បទ​ដ្ឋាន​​ទាំង​នោះ​ទេ ធនាគារ​អេអិនហ្សិត​ មិន​ព្រម​ផ្ដល់​ហិរញ្ញវត្ថុ​ ឬផ្ដាច់​ទំនាក់​ទំនង​តែ​ម្តង។​ យើង​នឹង​បន្ត​ដោះ​ស្រាយ​​ករណី​ពិសេស​នេះ”។

លោក ណាក់គី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពីការ​សង​កម្ចី​របស់​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​នេះ​ទេ​កាលពី​ម្សិលមិញ។

អង្គការ​សិទ្ធិមនុស្ស​លើក​ឡើង​ថា ការ​បញ្ចប់​កម្ចី​នេះ​មិន​គួរ​បញ្ចប់​ការ​ខំប្រឹង​ប្រែង​របស់​ធនាគារ​នេះ ដើម្បីជួយ​ប្រជាជន​ពី​៤០០​ទៅ​៥០០​គ្រួសារ​ដែល​កំពុង​រង់ចាំ​សំណង​សម​ស្រប​សម្រាប់​ដី​ដែល​ពួកគាត់​បាន​បាត់​បង់​ទៅលើ​ចម្ការ​អំពៅ​នេះ​ទេ។

លោក អ៊ាង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌កម្ពុជា (Epuitable Cambodia)​ បាន​លើក​ឡើង​ថា “គោល​នយោបាយ​របស់​ធនាគារ​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​។ ពួកគេ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​។ ប្រសិន​បើ​គេ​បាន​ធ្វើ​អ្វីមួយ​ខុស គេ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នោះ​។ ពួកគេ​មិន​អាច​គេចវេះ​​ពី​បញ្ហា​នោះ​បាន​ទេ។

លោក វុទ្ធី បាន​លើក​ឡើង​ថា ប្រសិន​បើ​ចម្ការ​អំពៅ​នេះ​មិន​ផ្ដល់​សំណង​ដល់​គ្រួសារ​ទាំង​នោះទេ ធនាគារ​អេអិន​ហ្សិត រ៉ូយ៉ាល់ គួរ​តែផ្ដល់​សំណង​នោះ​ដោយ​ខ្លួន​ឯង​។

លោក ដេវីដ ប្រែ៊ដ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន Inclusive Development International បាន​បន្ថែម​ថា ” នេះ​គឺ​ជា​ផ្លូវ​ងាយ​ស្រួល​សម្រាប់​ធនាគារ​អេអិន​ហ្សិត​ រ៉ូយ៉ាល់​ ក្នុង​ការ​ព្យាយាម​បញ្ចប់​រឿង​នេះ ប៉ុន្តែ​រឿង​នេះ​នឹង​មិន​ចប់​ទេ​សម្រាប់​ប្រជា​ជន​រាប់​រយ​គ្រួសារ​ ដែល​បាន​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​គម្រោង​ដែល​ផ្ដល់ហិរញ្ញវត្ថុ​ដោយ​ធនាគារ​អេអិន​ហ្សិត​ រ៉ូយ៉ាល់”។

“ក្នុង​នាម​ជា​អ្នក​ផ្ដល់​ហិរញ្ញវត្ថុ​ដ៏ធំមួយ​ដល់​គម្រោង​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​ ដែលទទួល​បាន​កម្រៃ​ច្រើន​ពីគម្រោង​នេះ ធនាគារ​អេអិន​ហ្សិត​ រ៉ូយ៉ាល់​ មាន​ភារកិច្ច​គិត​គូរ​អំពី​ប្រជា​ជន​ដែល​បាន​បាត់​បង់​ដីធ្លី​ ហើយ​មិន​ត្រូវ​បំភ្លេច​ភារកិច្ច​​នេះ​ទេ នៅ​ពេល​ដែល​ខ្លួន​បាន​ទទួល​កម្ចី​របស់​ខ្លួន​មក​វិញ​ហើយ​”។

លោក ចាន់ សុឃឿន ដែល​កំពុង​រង់ចាំ​សំណង​សម្រាប់​ដី​ចម្ការ​បួន​ហិកតា ដែល​គាត់​បាន​បាត់​បង់​ទៅលើ​ចម្ការ​អំពៅ​នេះ​បាន​និយាយ​ថា ​បើ​ធនាគារ​អេអិន​ហ្សិត​ រ៉ូយ៉ាល់​ដក​ខ្លួន​ចេញ​គឺ​មាន​តែ​អតិថិជន​របស់​ក្រុម​ហ៊ុន​ស​ភ្នំពេញ​ស៊ូហ្គើរ​ទេ ដែល​ជា​អ្នក​ដាក់​សម្ពាធ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ផ្ដល់​សំណង​ដល់​ប្រជាជន​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​។

គាត់​បាន​និយាយ​ថា ” មាន​តែ​ធនាគារនេះ និង​អ្នក​ទិញ​ទេ អាច​ដាក់​សម្ពាធ​ឲ្យ​ក្រុម​ហ៊ុន​នេះ​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ភូមិ​ទាំង​នោះ​”។

កម្ពុជា​​នាំចេញ​ស្ករស​ដោយ​ឥត​បង់​ពន្ធ​ទៅ​សហភាព​អឺរ៉ុប ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​១៣​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ក្រោម​គម្រោង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

សហភាព​អឺរ៉ុប​រហូត​មក​ទល់​ពេល​នេះ​បាន​ច្រាន​ចោល​ការ​អំពាវ​នាវ​ពី​ប្រជា​ពល​រដ្ឋ​ អង្គការសិទ្ធិ​មនុស្ស ព្រម​ទាំង​សមាជិក​សភាអឺរ៉ុប ឲ្យ​បញ្ចប់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម ឬ​យ៉ាង​ហោច​ណាស់​ធ្វើការ​ស៊ើប​អង្កេត​លើ​ចម្ការ​អំពៅ​​នេះ។ ទោះបីជា​សហភាព​អឺរ៉ុប​​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​អស់​រយៈពេល​ជាច្រើន​ខែ​ ដើម្បី​រក​ដំណោះ​ស្រាយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ផ្ដល់​សំណង​បាន​ច្រើន​សម្រាប់​ប្រជាជន​ទាំង​អស់​ដែល​បាន​បាត់​បង់ដី​ទៅលើ​ចម្ការ​អំពៅ​ទូទាំង​ប្រទេស​ក៏ដោយ ក៏​រដ្ឋាភិបាល​ និង​សហភាព​អឺរ៉ុប​មិនទាន់​បាន​ព្រម​ព្រៀង​គ្នា​ថា តើ​មាន​គ្រួសារ​ប៉ុន្មាន​គួរ​ទទួល​​បាន​សំណង​ដែរ​។

ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ជាង​១.៥០០គ្រួសារ​​ដែល​បាន​បាត់​បង់​ដី​តាំង​ពី​ឆ្នាំ​២០១០​ទៅ​លើ​ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ និង​ចម្ការ​មួយ​នៅ​ក្បែរ​នោះ​របស់​ភរិយា​លោក លី យ៉ុងផាត់ នោះ មាន​ប្រជា​ពល​រដ្ឋរាប់​រយ​គ្រួសារ​មិន​ទាន់​បានទទួល​សំណង​ទាល់​តែ​សោះ​។ អ្នកដែល​ត្រូវ​បាន​ផ្តល់​សំណងបាន​ទទួល​យ៉ាង​ច្រើន​បំផុត​៥០០​ដុល្លារ​ ឬទទួល​បាន​ដី​ជំនួស​ដែល​មាន​ទំហំ​តូច​ជាង​ និង​មិន​សូវ​មាន​ជីជាតិ​ដូច​ដី​ដែលពួកគាត់​បាន​បាត់​បង់​។

យ៉ាង​ហោច​ណាស់​កម្មករ​ពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ចម្ការ​នោះ ចាប់តាំង​ពី​ខែធ្នូមក បន្ទាប់​ពី​ត្រូវ​បាន​ម៉ាស៊ីន​ប្រមូល​ផល​កិន​ គឺ​ទំនង​ជា​នៅពេល​ដែល​ពួកគេ​កំពុង​ដេក​លក់​នៅ​ក្នុង​ចម្ការ។ អង្គការ​សិទ្ធិមនុស្ស​មួយ​លើក​ឡើង​ថា ជន​រង​គ្រោះ​ទី៣​ប្រហែល​ជា​បាន​ស្លាប់​កាលពីខែកុម្ភៈ បន្ទាប់​ពី​ធ្លាក់​ពី​រថយន្ត​របស់​ក្រុម​ហ៊ុន​នេះ៕ គឹមហឿន​

(រាយការណ៍​បន្ថែ​ម​ដោយ អូន ភាព​)​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស