35 C
Phnom Penh

ក្រសួង​មហា​ផ្ទៃ​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​ក្រុង​ធ្វើ​របាយ​ការណ៍​អំពី​ការ​កាប់​ឈើ​ និង​ការ​នេសាទ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុងការ​ប៉ុនប៉ង​មួយ​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​លួច​ព្រៃឈើ​ បឹង និង​ទន្លេ​​របស់​រដ្ឋ ក្រសួង​មហាផ្ទៃ​បានទុក​ពេល​ឲ្យ​ក្រុង​ និង​ខេត្ត​ទាំង​អស់​រហូត​ដល់​ថ្ងៃ​ទី២០ ខែកក្កដា ដើម្បី​ធ្វើ​របាយ​ការណ៍​លម្អិត​ស្ដីពី​ការ​កាប់​ឈើ​ និង​ការ​នេសាទ​ខុស​ច្បាប់​ទាំង​អស់​ ដែល​កើត​ឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

វិធាន​ការ​ថ្មី​នេះត្រូវ​អនុវត្ត​តាម​លិខិត​មួយ​ចុះ​ថ្ងៃទី៤ ខែកក្កដា ដែលចុះ​ហត្ថ​លេខា​ដោយ​លោក ស ខេង រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ បន្ទាប់ពី​មាន​លិខិត​មក​ពី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​កាល​ពីខែ​មេសា​ ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ការ​ពារ​ជលផល​ និង​ព្រៃ​ការ​ពារ​នៅ​ទូទាំង​ប្រទេស។

លិខិត​របស់លោក ស ខេង ស្នើ​ឲ្យអាជ្ញាធរ​ក្រុង​ និង​ខេត្ត​ធ្វើ​របាយការណ៍​ជូន​រដ្ឋាភិបាល​អំពី​វិធានការ​របស់​ខ្លួន​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ ជល​ផល និង​តំបន់​ការ​ពារ ​ត្រឹម​ថ្ងៃ​ទី២០ ខែ​កក្កដា។

លិខិត​នោះ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ទាំង​អស់​រៀប​រាប់​លម្អិត​ពី​វិធាន​ការ ​ដែល​ពួកគេ​បាន​អនុវត្ត​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់ឈើ និង​ការ​នេសាទ​ខុស​ច្បាប់ ដើម្បី​ប៉ាន់​ប្រមាណ​ថា តើ​វិធាន​ការ​នីមួយ​ៗ​អនុវត្ត​បាន​ប៉ុន្មាន​ និង​ដើម្បីពន្យល់​ប្រាប់​ពីបញ្ហា​ដែលពួកគេ​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​ការ​ប្រឹង​ប្រែង​របស់​ពួកគេ​។ លិខិត​នោះ​ស្នើ​ឲ្យ​មន្ត្រី​ខេត្ត​ចុះបញ្ជី​ដេប៉ូ​ទិញ​ លក់ឈើ​ និង​​ផលិត​គ្រឿង​សង្ហារិម​ទាំង​អស់ ទាំង​មាន​ច្បាប់ និង​គ្មាន​ច្បាប់​។ ខេត្ត​ដែល​មាន​​ព្រំ​ប្រទល់​ជាប់​ប្រទេស​ដទៃ​ក៏​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​បញ្ជី​ឈ្មោះ​ច្រក​ទ្វារ​ព្រំដែន និង​ច្រក​របៀង​ទាំង​អស់​ដែល​គេ​ប្រើ​ប្រាស់​ដើម្បី​ដឹក​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

លិខិត​របស់​ក្រសួង​នេះ​មិន​បាន​បង្ហាញ​ប្រាប់​ពី​ពេល​វេលា​នៃ​ការ​អនុវត្ត​បទ​បញ្ជា​នេះទេ។ គេ​មិន​អាច​ទាក់​ទង​អ្នក​នាំាពាក្យ​ក្រសួង​នេះ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ឡើយ​។

លោក ឈឹម សាវុធ ប្រធាន​អង្គការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​ បាន​មាន​ប្រសាសន៍​ថា បទ​បញ្ជា​ពីមុន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បង្ក្រាប​ការ​កាប់​ឈើ​ និង​ការ​នេសាទ​ខុស​ច្បាប់ ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​នេះ​បានទេ​។ លោក​បាន​មាន​​​ប្រសាសន៍​ថា ” យើង​បាន​ឃើញ​អនុក្រឹត្យ​ និង​សេចក្ដី​​ជូន​ដំណឹង​​ជា​ច្រើន​កាលពីមុន ឲ្យ​បញ្ឈប់​ការ​កាប់ និង​ការ​ដឹក​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​នៅ​តែមាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​ច្រើន​ សូម្បី​តែ​នៅ​តំបន់​ការពារ​ និង​នៅ​ព្រៃ​សហគមន៍​”។

លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក បាន​មាន​ប្រសាសន៍​ថា បទ​បញ្ជា​នេះ​អាច​មាន​​ប្រសិទ្ធ​ភាព​តែមួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​លោក​បាន​បន្ថែមថា អំពើ​ពុក​រលួយ​ដ៏រាល​ដាល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​ពិត​​ប្រាកដ​។

លោក​បាន​មាន​​ប្រសាសន៍​ថា ” បទ​បញ្ជា​នេះ​នឹង​មិនមាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​រដ្ឋាភិបាល​មិន​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ រដ្ឋាភិបាល​យក​ផល​ប្រយោជន៍​បក្ខពួក​ធំ​ជាង​ផល​ប្រយោជន៍​សង្គម​ ដូច្នេះ ពួកគេ​នឹង​មិន​ចាប់​ខ្លួន​មន្ត្រីណាម្នាក់​ឡើយ​។ ប្រសិន​បើ​ពួកគេ​ធ្វើ​ការ​ចាប់​ខ្លួន​ ពួកគេ​នឹង​បាត់​បង់​ការ​ងារ​”។

អង្គការ​សិទ្ធិមនុស្ស​លើក​ឡើង​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​ភាគច្រើន​មិន​មាន​ការ​ត្រួត​ពិនិត្យ​ទេ ហើយជា​រឿយៗ​ធ្វើ​ឡើង​ដោយ​មាន​ការ​យល់​ព្រម ឬជួយ​ជ្រោមជ្រែង​ពី​មន្ត្រី​មូល​ដ្ឋាន​ នគរ​បាល និងទាហាន​៕ គឹមហឿន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស