28 C
Phnom Penh

លោក កឹម សុខា សន្យា​ថា​នឹងបង្កើត​សារមន្ទីរ​កត់​ត្រា​​អំពើ​ឧក្រិដ្ឋកម្ម​របស់​គណបក្ស​កាន់​អំណាច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​សៅរ៍ លោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ​បាន​ប្រើ​ពិធី​រំឭក​ខួប​លើកទី​១៧ នៃ​ការ​វាយ​ប្រយុទ្ធគ្នា​កាលពី​ខែកក្កដា ឆ្នាំ​១៩៩៧ ក្នុង​រាជធានីភ្នំពេញ ដើម្បី​ធ្វើ​ការ​សន្យា​ថា​នឹង​បង្កើត​សារមន្ទីរ​មួយ​កត់​ត្រា​អំពើ​ ” ឧក្រិដ្ឋ” ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​មេដឹក​​នាំ​នៃ​ប្រទេស​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩៣​មក។CNRPCNRP

ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​ប្រហែល​១០០​នាក់​នៅ​ពិធី​រំឭក​ការ​ប្រយុទ្ធគ្នា ដែល​នាំ​ឲ្យ​មាន​ការ​បណ្ដេញ​សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ ដែល​កាល​នោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី១ ដោយ​លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីទី២ លោក កឹម សុខា បាន​និយាយ​ថា សារមន្ទីរ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​លើ​ទឹកដី​បរទេស​ ដើម្បី​ហេតុផល​នយោបាយ​។

លោក​បាន​និយាយ​នៅទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​ក្នុងក្រុង​ភ្នំពេញ​ថា ដើម្បី​កុំឲ្យ​ភ្លេច​អំពើ​ឧក្រិដ្ឋ​ទាំង​នោះ ខ្ញុំ​សូម​និយាយ​ឲ្យ​ច្បាស់​ថា យើង​នឹង​សាង​សង់​មជ្ឈមណ្ឌល​​មួយ​សម្រាប់​​កត់​ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​នៅ​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក”។

លោក​បាន​បន្ថែម​ថា “យើង​នឹង​ប្រមូល​ឯកសារ​ទាំង​អស់​ យើង​នឹង​មិន​រក្សា​ទុក​វា​នៅ​ប្រទេស​កម្ពុជា​ទេ គឺ​ទុក​នៅ​ប្រទេស​ក្រៅ​។ ខ្ញុំ​បាន​ទាក់​ទង​បង​ប្អូន​ខ្មែរ​ និង​មិត្ត​ភក្ដិ​បរទេស​របស់​យើង​រួច​ហើយ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​”។

ការ​ប្រយុទ្ធ​គ្នា​នៅ​ឆ្នាំ​១៩៩៧ កាល​ពី​ថ្ងៃទី៥និង​ទី៦ខែ​កក្កដា បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ការ​ធ្វើ​ទារុណ​កម្ម ឬ​ការ​ចាប់​ខ្លួន​មនុស្ស​ច្រើន​ជាង​២០០​នាក់​ ដែល​ស្មោះ​ត្រង់​នឹង​សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ ដោយ​ក្រុម​មនុស្ស​​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន។ ដំបូង​ ព្រះ​អង្គ​ម្ចាស់​បាន​ស្វែង​រក​ការ​ជ្រក​កោន​នៅ​ប្រទេស​បារាំង មុន​ពេល​យាង​ត្រឡប់​មក​វិញ​ ហើយ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មីមួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៩៨។

ដោយ​ត្រូវ​គេ​ផាត់​ចោល​ជា​ថ្មី បន្ទាប់ពី​ការ​បណ្ដេញ​ព្រះ​អង្គ​នៅ​ឆ្នាំ​២០០៦​ពី​តំណែង​ប្រធាន​គណបក្ស​ហ្វុ៊នស៊ិនប៉ិច ព្រះអង្គ​បាន​បង្កើត​គណបក្ស​សង្គម​រាស្រ្ត​រាជាធិបតេយ្យថ្មី​ កាលពី​ខែ​មីនា ក្នុង​ឆ្នាំនេះ ហើយ​តាំងពីពេល​នោះ​មក​បាន​ប្រើ​គណបក្ស​នេះ​ដើម្បី​វាយ​ប្រហារ​រិះ​គន់​គណបក្ស​សង្គ្រោះជាតិថា ជា​ការ​គំរាម​កំហែង​​ដល់​រាជានិយម។

​​​​ លោក​ កឹម សុខា ដែល​ជា​សមាជិក​សភា​គណបក្ស​សឺន​សាន អំឡុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ឆ្នាំ​១៩៩៧ និង​បាន​ដឹក​នាំ​ការ​រំលាយ​គណបក្ស​នេះ​ចូល​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច​របស់សម្តេច​ក្រុម​ព្រះ នៅឆ្នាំ​១៩៩៨​នោះ បាន​វាយ​បក​វិញ​ចំពោះការ​រិះគន់​របស់​ព្រះ​អង្គម្ចាស់​ រណឫទ្ធិ​ កាលពី​ថ្ងៃសៅរ៍។

លោក​បាន​សួរ​បែប​វោហារសាស្ត្រ​ថា ” និយាយ​ឲ្យ​ចំចុះ​ សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ដឹក​នាំ​ទ័ព​ប្រឆាំង​គណបក្ស​ប្រជា​ជន​កម្ពុជា មែន​ឬមិន​មែន? ប្រសិន​បើ​មេ​ដឹក​នាំ​ម្នាក់​ដឹកនាំ​កូន​ចៅ​របស់​ខ្លួន​ ហើយ​គេ​សម្លាប់​កូនចៅ​របស់​ខ្លួន ហើយ​បន្ទាប់​​មក​ចង់​បង្កើត​គណបក្ស​គាំទ្រ​ពួក​អ្នក​សម្លាប់​កូន​ចៅ​របស​់​ខ្លួន​ទៀត តើ​មេ​ហ្នឹង​អន់​ដល់​ប៉ុណ្ណា​?” បន្ទាប់​មក​ទៀត លោក កឹម សុខា បាន​ចោទ​មន្ត្រី​ ហ្វុ៊នស៊ិនប៉ិច​មួយ​ចំនួន​ដោយ​មិន​ចំ​ឈ្មោះ ថា បាន​បំភ្លេច​ចោល​នូវ​ការ​សម្លាប់​កាលពី​ខែ​កក្កដា ឆ្នាំ​១៩៩៧។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​និយាយ​ថា ” យើង​ធ្វើ​ពិធី​នៅ​ថ្ងៃ​នេះ ដើម្បី​បង្ហាញ​ដល់​ជន​ផ្ដាច់​ការ​ទាំង​អស់​ថា អំពើ​ឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ មិន​ទាន់​​ត្រូវ​បាន​គេ​កប់​ចោល​ឡើយ​។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅតែ​ជីក​កកាយ​វាឡើង​ ហើយ​គណបក្ស​ហ្វុ៊នស៊ិនប៉ិច មិន​អាច​កប់​អំពើ​ឧក្រិដ្ឋ​ទាំង​នេះ​បាន​ឡើយ​ ទោះ​ជា​ពួកគេ​ប្រឹង​ប្រែង​យ៉ាង​ណា​ក៏ដោយ​”។

លោក ឈាង វុន សមាជិក​សភា​ជាន់​ខ្ពស់​ម្នាក់​របស់​គណបក្ស​ប្រជា​ជន បាន​និយាយ​តាម​ទូរស័ព្ទ​ថា គណបក្ស​កាន់​អំណាច​មិន​បារម្ភ​នឹង​ផែន​ការ​បង្កើត​សារមន្ទីរ​របស់​លោក កឹម សុខា ទេ។ លោក​ ឈាង វុន បាន​បន្ថែម​ថា ” គណបក្ស​ប្រជាជន​មិន​បារម្ភ​នឹង​មជ្ឈមណ្ឌល​នេះ​ទេ។ រឿង​នេះ​ធ្វើ​ឲ្យ​ពួកគេ​បារម្ភ​វិញ​ទេ”៕ មានិត​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស