32 C
Phnom Penh

អំពើ​ហិង្សា​ផ្ទុះឡើង​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ភរិយា​រដ្ឋមន្ត្រី​​ក្រសួង​រ៉ែ​ និង​ថាមពល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ និង​នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ជម្លោះដីធ្លី​ដែល​កើត​ឡើង​យូរ​មក​ហើយ​​រវាង​អ្នក​ភូមិ​មួយ​ក្រុម​ និង​ភរិយា​របស់​រ​ដ្ឋមន្ត្រីមួយ​រូប​ បាន​ក្លាយ​ទៅ​ជា​ហិង្សា​នៅ​ចុង​សប្ដាហ៍​នេះ​ ខណៈ​ដែល​មនុស្ស​១០​នាក់​បាន​រង​របួស​ពេល​ព្យាយាម​រារាំង​ក្រុម​ហ៊ុន​KDC មិន​ឲ្យ​សង់​ឃ្លាំង​មួយ​លើ​ដី​មាន​ជម្លោះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

អ្នកភូមិ​ឃុំតាជេស ស្រុក​កំពង់​ត្រឡាច បាន​និង​កំពុង​តតាំង​នឹង​ក្រុម​ហ៊ុន​KDC ដែល​គ្រប់​គ្រង​ដោយ​លោកស្រី ជា ខេង ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក រឿង​ដី​ជាច្រើន​រយ​ហិកតា​កាន់​កាប់​ដោយ​លោកស្រី ជា ខេង។

យោងតាម​លោក រាជ សីមា តំណាង​អ្នកភូមិ​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​នៅ​ចុង​សប្ដាហ៍​នេះ​បាន​ចាប់​ផ្ដើម​ឡើង​នៅព្រឹក​ថ្ងៃសៅរ៍ ពេល​ដែល​អ្នកភូមិ​ប្រហែល​៨០​នាក់​ប្រឈម​នឹង​កម្មករ​ក្រុម​ហ៊ុន​KDC២០០​នាក់​ ដែល​សង​់​ឃ្លាំង​ឈើ​មួយ​ សម្រាប់​​ក្រុម​ហ៊ុន​នេះ​រក្សា​ទុក​ឧបករណ៍​សំណង់។

លោក សីមា បាន​អះអាង​ថា ​បន្ទាប់ពី​អ្នកភូមិ​បាន​ចាប់​ផ្ដើម​តវ៉ា​ កម្មករ​ជា​ច្រើន​នាក់​បាន​វាយ​ប្រហារ​អ្នក​ភូមិ​ដោយ​បាញ់​ចំពាម​ប្រើ​គ្រាប់ដែក​ និង​ធ្នូព្រួញឈើ​​។ លោក​បាន​បន្ថែម​ថា ” កម្មករ​បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​អ្នក​តវ៉ា​មុន​ ដោយ​ប្រើ​​ចំពាម និង​ធ្នូ បន្ទាប់​មក​អ្នកភូមិ​បាន​តបត​វិញ”។

លោក​បាន​និយាយ​ថា ការ​​ប្រយុទ្ធ​គ្នា​នេះ​បាន​កើត​ឡើង​​ប្រហែល​កន្លះម៉ោង​ បាន​ស្ងប់​ទៅវិញ​នៅ​ពេល​ថ្ងៃ​ត្រង់​ ពេល​ដែល​កម្មករ​សម្រាក​បាយ​ថ្ងៃ​ត្រង់​ ហើយ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​នៅពេល​រសៀល​។

ពៅ នឿន អាយុ​៥៦​ឆ្នាំ​ បាន​រង​របួស​ក្បាល​ពេល​កើត​មាន​អំពើ​ហិង្សា​នោះ ហើយ​អ្នក​ភូមិ​​ប្រាំ​បួន​នាក់​ផ្សេង​ទៀត​ក៏បាន​របួស​ស្រាល​ដែរ​។ អ្នកស្រី​បាន​និយាយ​ថា ” ខ្ញុំរបួស​ក្បាល​ខាង​ស្ដាំ​ ដោយសារ​ចំពាម​ពេលមាន​អំពើ​ហិង្សា ហើយ​បាន​ទៅ​គ្លីនិក​ឯក​ជន​ដេរ​ពីរ​ថ្នេរ​”។ នាយប៉ុស្តិ៍​នគរ​បាល​ឃុំ​ លោក ជួប ចាន់ធឿន បាន​ជំទាស់​នឹង​ការ​រៀបរាប់​របស់​ក្រុម​អ្នកភូមិ​ ហើយ​បាន​ដាក់​ការ​បន្ទោស​លើ​អ្នក​តវ៉ា​ ដែល​លោក​បាននិយាយ​ថា បាន​បង្ក​​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​កើត​ឡើង​។ លោក​បាន​និយាយ​ថា ” អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​ ពីព្រោះ​អ្នក​ភូមិ​មក​រារាំង​កម្មករ​មិន​ឲ្យ​សង់​ផ្ទះ​ឈើ​មួយ​លើ​ដី​របស់ក្រុ​ម​ហ៊ុន​។ លោក​បាន​បន្ថែម​ថា ” អ្នក​ភូមិ​បាន​វាយ​កម្មករ​មុន ដោយ​ប្រើ​ចំពាម​ និង​ធ្នូ ហើយ​បាន​ដុត​ផ្ទះ​របស់​ក្រុមហ៊ុន​​ កម្មករ​បាន​ប្រើ​ចំពាម​តប​វិញ។ កម្មករ​មិន​បាន​​ប្រើ​ធ្នូ​ដូច​ដែល​អ្នក​ភូមិ​បាន​ចោទ​ឡើយ​”។

លោក ចាន់ធឿន បាន​និយាយ​ថា នៅម៉ោង​៣​រសៀល​អ្នកភូមិ​បាន​ដុត​សំណង់ឈើ​​ដែល​កម្មករ​បាន​សង់​លើដី​មាន​ជម្លោះ​នោះ។ លោក​បាន​និយាយ​ថា អាជ្ញាធរ​ធ្វើ​របាយការណ៍​ចោទ​អ្នក​ភូមិ​ទាំង​នោះ​ពីបទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​បង្ក​អំពើ​ហិង្សា​។ លោក ថាយ យី នាយក​គ្រប់​គ្រង​KDC បាន​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​អំពី​ហេតុ​ការណ៍​នេះទេ​៕ មានិត​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស