40.3 C
Phnom Penh

អ្នកភូមិ​បន្ត​ការ​តវ៉ា​ តែ​ក្រុម​ហ៊ុន​នៅ​បន្ត​លុប​បឹងដដែល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អ្នកភូមិ​ជាង​៣០០​នាក់​ដែល​រស់​នៅ​ជុំវិញ​បឹង​សំរោង ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ក្រុង​ភ្នំពេញ​ បាន​តវ៉ា​បីថ្ងៃ​ជាប់ៗ​គ្នាប្រឆាំង​ក្រុម​ហ៊ុន​ឯកជន​មួយ​ ដែលពួកគេ​និយាយ​ថា បាន​និង​កំពុង​បូម​ខ្សាច់​លុប​បឹង​ ដែល​ជា​ការ​គំរាម​កំហែង​ដល់​របរ​រក​ស៊ី​របស់​កសិករ​ និង​ប្រជា​នេសាទ​មូលដ្ឋាន​។

ការ​តវ៉ា​នេះ​បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ ខណៈ​ដែល​អ្នក​ភូមិ​មក​ពី​សង្កាត់​សំរោង និង​សង្កាត់​ព្រែកព្នៅ បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ឲ្យ​បញ្ឈប់​ក្រុម​ហ៊ុន​ ឡាយ​ ងី ខូ អិលធីឌី (Lay Ngy Co. Ltd.) កុំឲ្យ​បូម​ខ្សាច់​ដែល​ក្រុម​ហ៊ុន​បាននិង​កំពុង​បូម​ពី​ទន្លេ​សាប​ចូល​បឹង​ទំហំ​៣៣៦ហិកតា​ ដែល​ត្រូវ​បាន​គេ​ទុក​ជា​តំបន់​អភិរក្ស​កាល​ពី​ឆ្នាំ​២០០៨​។

ហា៊ង វុត្ថា ជា​អ្នកតវ៉ា​ម្នាក់​បាននិយាយ​ថា ” យើង​ជា​សហគមន៍​ធ្វើ​ស្រែ​ ហើយ​យើង​ព្រួយ​បារម្ភ​ណាស់​អំពីការ​បាត់​បង់​បឹង​សំរោង ពីព្រោះ​ក្រុម​ហ៊ុន​ ឡាយ ងី បាន​ព្យាយាម​បូម​ខ្សាច់​ពី​ទន្លេសាប​លុប​បឹង​នេះ”។

កាលពីខែ​កក្កដា ឆ្នាំ​មុន ប្រជា​ជន​ច្រើន​ជាង​១.៦០០​គ្រួសារ​បាន​ដាក់​ញត្តិ​ទៅ​សាលា​សង្កាត់​​បន្ទាប់ពី​ពួកគេ​កត់​សម្គាល់​ឃើញ​ថា មាន​គេ​បូម​ខ្សាច់​​ចូល​បឹង​នេះ​ ប៉ុន្តែ​លោក វុត្ថា បាន​និយាយ​ថា ញត្តិ​នោះ​មិន​ដែល​ត្រូវ​បាន​គេ​អើពើ​ទេ​។

ជា រិន ជាអ្នកភូមិ​អាយុ​៦០​ឆ្នាំ​ ដែល​បាន​ចូលរួមការ​តវ៉ា​កាលពី​ម្សិលមិញ បាន​និយាយ​ថា ប្រជា​ជន​ជាច្រើន​រយ​គ្រួសារ​ប្រឈមមុខ​នឹង​ការ​បាត់​បង់​ការ​ងារ​ និង​មុខ​របរ​រក​ស៊ី​របស់ខ្លួន​ ប្រសិន​បើ​គេ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​នេះ​បន្ត​សកម្មភាព​ទៀត​នោះ។

លោក​ រិន បាននិយាយ​ថា ” យើង​ធ្វើការ​តវ៉ា​ ពីព្រោះ​យើង​ពឹង​ផ្អែក​លើ​ទឹក​បាន​ពី​បឹង​នេះ ដើម្បី​ស្រោច​ស្រព​ស្រូវ​ពេល​រដូវ​ប្រាំង​។ ប្រសិន​បើ​បឹង​នេះត្រូវ​គេលុប​ វាល​ស្រែ​និង​ការ​នេសាទ​ក្នុង​តំបន់នេះ​នឹង​លែង​មាន​ទៀត​ហើយ​​”។

ចៅសង្កាត់​សំរោង លោក យ៉េន អុីម បាន​និយាយ​ថា លោក​បាន​រាយការណ៍អំពី​កង្វល់​របស់​អ្នកភូមិ​ទៅ​សាលា​រាជធានី​ បន្ទាប់ពី​មាន​ការ​តវ៉ា​ដំបូង​កាលពីថ្ងៃសុក្រ។ លោក​បាន​បន្ថែម​ថា ” យើង​ត្រូវ​រកឲ្យ​​ឃើញ​ការ​ពិត​ថា តើ​បឹងនេះ​ជា​តំបន់​អភិរក្ស​ ឬមិន​មែន​ ហើយយើង​បាន​បញ្ជូន​របាយការណ៍​មួយ​ទៅ​អាជ្ញាធរ​ថ្នាក់លើ​ហើយ​”។ លោក​បាន​បន្ថែម​ថា វាល​ស្រែ​ទំហំ​៤៥៤​ហិកតា​ និង​តំបន់​នេសាទ​ នឹង​លែង​មាន​ហើយ​​ បើ​បន្ត​លុប​បឹង​នេះ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ” យើង​គ្មាន​លទ្ធភាព​ឃាត់​ក្រុម​ហ៊ុន​នេះ​មិន​ឲ្យ​បូម​​ខ្សាច់​ចាក់​លុប​បឹង​ទេ ពីព្រោះ​សាលា​រាជធានី​ជាអ្នកទទួល​ខុស​ត្រូវចំពោះ​ការ​​អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​​”។

លោក ឡុង ឌីម៉ង់ អ្នកនាំាពាក្យ​សាលា​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា លោក​មិន​មាន​ព័ត៌មាន​ថា តើ​សាលា​រាជ​ធានី​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​នេះ​លុប​បឹង​ពិត​មែន​ឬយ៉ាង​ណា​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា បឹង​នោះ​មួយ​ផ្នែក​ជា​តំបន់​អភិរក្ស​។ លោក ឌីម៉ង់ បាន​មាន​ប្រសាសន៍​ទៀត​ថា ” យើង​នឹង​ពិនិត្យ​មើល​បញ្ហា​នេះ​”។ តំណាង​ក្រុម​ហ៊ុន​ ឡាយ ងី មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ឡើយ​៕ មានិត​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស