កាលពីម្សិលមិញ អ្នកភូមិជាង៣០០នាក់ដែលរស់នៅជុំវិញបឹងសំរោង ក្នុងខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ បានតវ៉ាបីថ្ងៃជាប់ៗគ្នាប្រឆាំងក្រុមហ៊ុនឯកជនមួយ ដែលពួកគេនិយាយថា បាននិងកំពុងបូមខ្សាច់លុបបឹង ដែលជាការគំរាមកំហែងដល់របររកស៊ីរបស់កសិករ និងប្រជានេសាទមូលដ្ឋាន។
ការតវ៉ានេះបានចាប់ផ្ដើមនៅព្រឹកថ្ងៃសុក្រ ខណៈដែលអ្នកភូមិមកពីសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឲ្យបញ្ឈប់ក្រុមហ៊ុន ឡាយ ងី ខូ អិលធីឌី (Lay Ngy Co. Ltd.) កុំឲ្យបូមខ្សាច់ដែលក្រុមហ៊ុនបាននិងកំពុងបូមពីទន្លេសាបចូលបឹងទំហំ៣៣៦ហិកតា ដែលត្រូវបានគេទុកជាតំបន់អភិរក្សកាលពីឆ្នាំ២០០៨។
ហា៊ង វុត្ថា ជាអ្នកតវ៉ាម្នាក់បាននិយាយថា ” យើងជាសហគមន៍ធ្វើស្រែ ហើយយើងព្រួយបារម្ភណាស់អំពីការបាត់បង់បឹងសំរោង ពីព្រោះក្រុមហ៊ុន ឡាយ ងី បានព្យាយាមបូមខ្សាច់ពីទន្លេសាបលុបបឹងនេះ”។
កាលពីខែកក្កដា ឆ្នាំមុន ប្រជាជនច្រើនជាង១.៦០០គ្រួសារបានដាក់ញត្តិទៅសាលាសង្កាត់បន្ទាប់ពីពួកគេកត់សម្គាល់ឃើញថា មានគេបូមខ្សាច់ចូលបឹងនេះ ប៉ុន្តែលោក វុត្ថា បាននិយាយថា ញត្តិនោះមិនដែលត្រូវបានគេអើពើទេ។
ជា រិន ជាអ្នកភូមិអាយុ៦០ឆ្នាំ ដែលបានចូលរួមការតវ៉ាកាលពីម្សិលមិញ បាននិយាយថា ប្រជាជនជាច្រើនរយគ្រួសារប្រឈមមុខនឹងការបាត់បង់ការងារ និងមុខរបររកស៊ីរបស់ខ្លួន ប្រសិនបើគេអនុញ្ញាតឲ្យក្រុមហ៊ុននេះបន្តសកម្មភាពទៀតនោះ។
លោក រិន បាននិយាយថា ” យើងធ្វើការតវ៉ា ពីព្រោះយើងពឹងផ្អែកលើទឹកបានពីបឹងនេះ ដើម្បីស្រោចស្រពស្រូវពេលរដូវប្រាំង។ ប្រសិនបើបឹងនេះត្រូវគេលុប វាលស្រែនិងការនេសាទក្នុងតំបន់នេះនឹងលែងមានទៀតហើយ”។
ចៅសង្កាត់សំរោង លោក យ៉េន អុីម បាននិយាយថា លោកបានរាយការណ៍អំពីកង្វល់របស់អ្នកភូមិទៅសាលារាជធានី បន្ទាប់ពីមានការតវ៉ាដំបូងកាលពីថ្ងៃសុក្រ។ លោកបានបន្ថែមថា ” យើងត្រូវរកឲ្យឃើញការពិតថា តើបឹងនេះជាតំបន់អភិរក្ស ឬមិនមែន ហើយយើងបានបញ្ជូនរបាយការណ៍មួយទៅអាជ្ញាធរថ្នាក់លើហើយ”។ លោកបានបន្ថែមថា វាលស្រែទំហំ៤៥៤ហិកតា និងតំបន់នេសាទ នឹងលែងមានហើយ បើបន្តលុបបឹងនេះ។
លោកបានឲ្យដឹងទៀតថា ” យើងគ្មានលទ្ធភាពឃាត់ក្រុមហ៊ុននេះមិនឲ្យបូមខ្សាច់ចាក់លុបបឹងទេ ពីព្រោះសាលារាជធានីជាអ្នកទទួលខុសត្រូវចំពោះការអនុញ្ញាតឲ្យបូមខ្សាច់”។
លោក ឡុង ឌីម៉ង់ អ្នកនាំាពាក្យសាលារាជធានីបានមានប្រសាសន៍ថា លោកមិនមានព័ត៌មានថា តើសាលារាជធានីបានអនុញ្ញាតឲ្យក្រុមហ៊ុននេះលុបបឹងពិតមែនឬយ៉ាងណាទេ ប៉ុន្តែលោកបានបញ្ជាក់ថា បឹងនោះមួយផ្នែកជាតំបន់អភិរក្ស។ លោក ឌីម៉ង់ បានមានប្រសាសន៍ទៀតថា ” យើងនឹងពិនិត្យមើលបញ្ហានេះ”។ តំណាងក្រុមហ៊ុន ឡាយ ងី មិនអាចទាក់ទងសុំការពន្យល់បានឡើយ៕ មានិត