30 C
Phnom Penh

នគរបាល​និយាយ​ថា FBI នឹង​ជួយ​បង្ក្រាប​អ្នកប្រឆាំងរដ្ឋាភិបាល​​ដែល​រស់​នៅ​អាមេរិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​គេហទំព័រ​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​សហ​ព័ន្ធ​ស៊ើប​អង្កេត​ (FBI) របស់​សហរដ្ឋអាមេរិក បាន​យល់​ព្រម​តាម​សំណើ​របស់​កម្ពុជា ដែល​សុំ​ជំនួយ​បន្ថែម​ ខណៈ​​​ពេល​ខ្លួន​ព្យាយាម​ ” បង្ក្រាប​” អ្នក​ប្រឆាំង​​​រដ្ឋាភិបាល​​​​ដែល​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

គណៈប្រតិភូ​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក នេត សាវឿន អគ្គស្នង​ការ​នគរ​បាល​​ជាតិ​​ បាន​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​កាលពី​ថ្ងៃសៅរ៍ ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​ទៅកាន់​ទីស្នាក់​ការ​កណ្ដាល​របស់​ FBI នៅ​វា៉ស៊ីនតោន ហើយនៅទីនោះ​គណៈប្រតិភូ​នេះ​បាន​ជួប​ជាមួយ​លោក​ ជេម ខូមី (James Comey) ប្រធាន​របស់ ​FBI និង​​​បាន​ដើរ​មើល​ការិយាល័យ​ដ៏​ទំនើប​របស់​ទីភ្នាក់​ងារ​នេះ​។

របាយការណ៍​ដែល​ត្រូវ​បាន​បង្ហោះ​កាលពី​ម្សិលមិញ​នេះ មាន​ខ្លឹម​សារ​ដូច្នេះថា “នៅ​ក្នុង​ជំនួប​នេះ [នាយឧត្តម​សេនីយ៍ នេត សាវឿន]​ បាន​ស្នើ​សុំ​ឲ្យ​ FIB សហការ​នៅ​ក្នុង​ករណី​ជន​សង្ស័យ​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក ដែល​បាន​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល ហើយ​បានមាន​ប្រសាសន៍​ថា កម្ពុជា​នឹង​ផ្ដល​់​រាល់​ឯកសារ​ពាក់​ព័ន្ធ​​​​ទាំង​​​អស់​​​ដើម្បី​ជួយ​ដល់​ការ​បង្ក្រាប​​​នេះ​​​។ សំណើ​នេះ​ត្រូវ​បាន​បញ្ជាការ​ជាន់​ខ្ពស់​របស់​ FBI ទទួល​យក”។

ដំណើរទស្សនកិច្ច​របស់​អគ្គស្នង​ការ​នគរ​បាល​ជាតិ​​ទៅ​កាន់​សហរដ្ឋអាមេរិក​នេះ ធ្វើ​​ឡើង​​​​​​​​​​​មិន​ដល់​មួយ​សប្ដាហ៍​​ផង​ទេ មុន​សវនាការ​ជំនុំជម្រះ​​លោក សួន សេរីរដ្ឋា មេដឹកនាំ​ចលនា​អំណាច​ពល​រដ្ឋខ្មែរ​ ដែល​និរទេស​ខ្លួន​ឯង និង​ដែល​ពេល​នេះកំពុង​រស់​នៅ​ក្នុង​សហ​រដ្ឋអាមេរិក ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​លើ​​​លោក សួន សេរីរដ្ឋា កាលពី​ខែ​សីហា នៅពេល​លោក​​ណែនាំ​​​ឲ្យ​​​មនុស្ស​​​បួន​នាក់​ចែក​​​ចាយ​​​​ខិត្តប័ណ្ណ​រាប់​​​រយ​​​​​​សន្លឹក​​​ដោយ​​​ខុស​​​ច្បាប់​​​​ ដោយ​​​ជំរុញ​ឲ្យប្រជាពល​រដ្ឋខ្មែរ​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ លោក​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​មួយ​ទៀត​ពីបទ​ក្បត់​ជាតិ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយសារ​ការ​បោះ​ពុម្ព​អាវ​យឺត ដែលមានពាក្យ​ស្លោក​ជំរុញ​ឲ្យអ្នកបោះ​ឆ្នោត​កុំចូលរួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំមុន​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ លោក សួន សេរីរដ្ឋា ដែល​ចលនា​របស់​លោក​ធ្វើ​ប្រតិបត្តិ​ការ​ចេញ​ពី​ទីក្រុង​ដាឡាស រដ្ឋតិច​សាស បាន​ដឹកនាំគណៈ​ប្រតិភូ​របស់​ខ្លួន​ទៅ​​កាន់​រដ្ឋធានី​វ៉ាស៊ីតោន​ឌីស៊ី សម្រាប់ជំនួប​ជា​បន្ត​បន្ទាប់​ជាមួយ​មន្ត្រី​សហរដ្ឋអាមេរិក រួម​ទាំង​សមាជិក​សភា សមាជិក​ព្រឹទ្ធ​សភា និង​ទី​ប្រឹក្សា​រដ្ឋាភិបាល​ផង​ដែរ ដោយ​ផ្តោត​លើ “​សេរីភាព​ សិទ្ធិ និង​សេរីភាព​នយោបាយ​របស់​កម្ពុជា​”។

ចលនា​អំណាច​ពល​រដ្ឋខ្មែរ​ តែង​តែ​អះអាង​ថា ចលនា​នេះ​គឺ​សន្តិភាព​ ហើយ​កាលពី​ខែ​មេសា បាន​ប្រកាស​ពី​បំណង​របស់​ខ្លួន​ដែល​​​ចង់ចុះ​ឈ្មោះ​ជា​គណបក្ស​នយោបាយ​ ប៉ុន្តែ​ត្រូវ​​​ក្រសួង​មហាផ្ទៃ​ច្រាន​ចោល​ភ្លាមៗ។

ចលនា​នេះ​ក៏បាន​និង​កំពុង​បញ្ចុះ​បញ្ចូល​គេឯង​ផង​ដែរ​នៅ​ក្នុង​សំណុំរឿង​របស់​ខ្លួ​ន​ក្នុង​សហរដ្ឋអាមេរិក​កាលពី​សប្ដាហ៍មុន ដោយ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​តុលាការ​កំពូល​របស់​សហរដ្ឋអាមេរិក ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​​កម្ពុជា​ថា កំពុង​តែ​ផ្សព្វផ្សាយ​លទ្ធិ​កុម្មុយនីស្ត​​​​សន្សឹម​​​ៗ​​​នៅ​ក្នុង​​​សហ​​​រដ្ឋ​​​អាមេរិក​។

លិខិត​ចុះថ្ងៃ​ទី១ ខែកក្កដា របស់​ចលនា​អំណាច​ពល​រដ្ឋខ្មែរ​នេះ​​មាន​ខ្លឹម​សារ​ដូច្នេះ​ថា “ខ្ញុំ​សូម​ស្នើ​ឲ្យ​តុលាការ​កំពូល​របស់​សហរដ្ឋអាមេរិក​ មេត្តា​​​ចាត់​វិធានការ​ស៊ើប​អង្កេតលើ​ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពេល​នេះ​កំពុង​បង្កើន​ការ​ខំប្រឹង​ប្រែង​ និង​ឥទ្ធិពល​របស់​ខ្លួន​ឲ្យ​​​មាន​​​​កុម្មុយនីស្ត​នៅ​ក្នុង​សហរដ្ឋអាមេរិក​”៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស