41.3 C
Phnom Penh

មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​ឡ​ពាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​កំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង-​កង​រាជ​អាវុធ​ហត្ថ​ និង​នគរ​បាល​ខេត្ត​ប្រហែល​១០០​នាក់​បាន​ចុះ​ទៅភូមិ​ឡពាង កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​អនុវត្ត​ដីកា​តុលាការ​​បង្គាប់​ឲ្យ​ចាប់​ខ្លួន​អ្នកភូមិ​បីនាក់​ ដែល​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍ​កសិកម្ម​។KDC

ប្រជាជន​មូល​ដ្ឋាន​ជាង​៧០​នាក់​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាយូរ​មក​ហើយ​ជាមួយក្រុម​ហ៊ុន​របស់​លោក​ស្រី ជា ខេង ភរិយា​របស់លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​កង​កម្លាំង​នៅ​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក ដោយនគរ​បាល​អះអាង​ថា បាន​រង​របួស​ស្រាល​បន្ទាប់ពី​ការ​ដក​ថយ​។

ក្រោយ​មក​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នេះ អ្នក​ភូមិ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កម្មករ​របស់​ក្រុម​ហ៊ុន KDC នៅពេល​ដែល​​គ្រឿង​ចក្រ​ចូល​ទៅ​ឈូស​ឆាយ​ដី​សម្រាប់​ធ្វើ​របង​បិទ​ដី​មាន​ជម្លោះ​នេះ។

ម្សិលមិញ​នេះ​គឺ​ជា​ថ្ងៃ​ផ្ទុះអំពើ​ហិង្សា​លើកទី២​នៅ​ភូមិ​ឡពាង បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ម្តង​ស្រដៀង​គ្នា​នេះ​កាលពី​ថ្ងៃសៅរ៍ បន្ទាប់ពី​ក្រុម​ហ៊ុន​ KDC បាន​លះបង់​ការ​ប្រឹង​ប្រែង​ទាំង​អស់​ដើម្បី​រកដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ប្រជា​ពល​រដ្ឋ​ដែល​ប្រឈម​ការ​បណ្ដេញ​ចេញ ហើយ​បាន​បញ្ជូន​កម្មករ​កាន់​កាំបិត​ផ្គាក់​គាំទ្រ​ដោយ​នគរ​បាល​មូល​ដ្ឋាន​ឲ្យទៅ​រាន​ដី​៥០០​ហិកតា ដែល​ក្រុម​ហ៊ុន​នេះ​អះអាង​កាន់​កាប់​។

ចាប់​តាំង​ពី​ឆ្នាំ​២០០៧​ពេលដែល​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ឡពាង បាន​តវ៉ា​ជា​លើក​ដំបូង​ថា ដី​របស់​​ពួកគាត់​ត្រូវ​បាន​ក្រុម​ហ៊ុន​របស់​លោក​ស្រី ជា ខេង ចាប់​យក​ដោយ​ខុស​ច្បាប់​នោះ​មក​ អ្នកភូមិ​បាន​ចេញ​ចូលតុលាការ​ដើម្បី​ប្ដឹង​ឲ្យ​បញ្ឈប់​ការ​អភិវឌ្ឍនេះ​រហូត​ដល់​ពួកគេ​ទទួល​បាន​សំណង​សម​ស្រប។

លោក ជួប ចាន់ធឿន នាយ​ប៉ុស្តិ៍នគរ​បាល​ឃុំ​តាជេស បាន​មាន​ប្រសាសន៍​ថា នគរ​បាល​និង​កង​រាជ​អាវុធ​ហត្ថ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​បញ្ជូន​ឲ្យ​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ​បីនាក់​ ប៉ុន្តែ​លោក​បាន​អះអាង​ថា មិន​បាន​ស្គាល់​ឈ្មោះ​ព្រះរាជ​អាជ្ញារូប​នេះ ឬ​អ្នក​ភូមិ​ដែល​អាជ្ញាធរ​ចង់​​ចាប់​ខ្លួន​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ” នៅពេល​កម្លាំង​ចម្រុះ​ព្យាយាម​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​អនុវត្ត​ដីកា​ចាប់​ខ្លួន​អ្នកភូមិ​ទាំង​បី​នាក់ ពួកគេ​បាន​វាយ​ប្រហារ​ និង​ប៉ះទង្គិច​ជា​មួយ​កម្លាំង​ចម្រុះ ធ្វើ​ឲ្យ​កង​កម្លាំង​ប្រហែល​៣០​នាក់​រង​របួស​ស្រាល​ដោយ​សារ​គ្រាប់​ចំពាម​របស់​អ្នក​ភូមិ”។ លោក​បាន​បន្ថែម​ថា ” បន្ទាប់​មក​យើង​បាន​​សម្រេច​ដក​ចេញវិញ ពីព្រោះ​ចៅហ្វាយ​របស់​យើង​មិន​ចង់​ឲ្យ​យើង​មាន​ការ​ប្រឈម​មុខ​គ្នា​ដោយ​ហិង្សា​”។

លោក ស្ងួន ញឿន ជា​ប្ដី​​របស់​តំណាងរបស់​អ្នក​ភូមិ​ដែល​និយាយ​ឥត​សំចៃ គឺ​អ្នកស្រី អ៊ុំ សុភី បាន​និយាយ​ថា ប៉ុន្មាន​ម៉ោង​មុនពេល​ប៉ះទង្គិច​គ្នា​នោះ គឺ​នៅម៉ោង​ប្រហែល​៥​ព្រឹក នៅ​ពេល​គាត់​ភ្ញាក់​ឡើង​ឃើញ​នគរ​បាល​នៅជុំវិញ​ផ្ទះគាត់​។ គាត់​បាន​និយាយ​ថា ” នៅ​ពេល​ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ខ្ញុំ​មាន​ការ​រន្ធត់​ណាស់ ដោយ​ឃើញ​កង​កម្លាំង​ប្រដាប់​ដោយ​ខែល និង​ដំបង​​ឆក់​នៅជុំវិញ​ផ្ទះ​របស​់​យើង”។ គាត់​បាន​បន្ថែម​ថា គាត់​គិត​ថា ប្រពន្ធ​របស់​គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​ភូមិ​បីនាក់ដែល​នគរ​បាល​ចង់​ចាប់​ខ្លួន​។

គាត់​បាន​និយាយ​ថា ” បន្ទាប់​មក យើង​បាន​ទទួល​ការ​ហៅទូរស័ព្ទ​ជាច្រើន​ដង​ពី​បុរស​ម្នាក់​ ដែល​អះអាង​ថា ជា​តំណាង​របស់​ក្រុម​ហ៊ុន KDC។ តំណាង​រូប​នោះ​បាន​គំរាម​ជាច្រើន​ដង​ថា នគរ​បាល​នឹង​ចាត់​វិធាន​ការ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ទៀត ប្រសិន​បើ​យើង​នៅ​តែ​មិន​ព្រម​ទទួល​យក​សំណង​១០.០០០​ដុល្លារ​ពី​ក្រុម​ហ៊ុន​​ KDC”។

នៅម៉ោង​ប្រហែល​១០​និង​៣០​នាទីព្រឹក​ នគរ​បាល​ប៉ុន​ប៉ង​ចូល​បរិវេណ​ផ្ទះ​របស់​លោក ញឿន និង​អ្នកស្រី សុភី ប៉ុន្តែ​បាន​ដក​ថយ​វិញ​នៅពេល​អ្នកភូមិ​ប្រឆាំង​។ នៅពេញ​មួយ​ថ្ងៃ​នោះ អ្នក​ភូមិ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ផ្ទះ​នោះ និង​បាន​យក​ដើម​ឈើ និង​មែក​ឈើ​បិទ​ផ្លូវ​ចូល​ទៅ​បរិវេណ​នោះ​។

អ្នកស្រី សុភី បាន​និយាយ​កាលពី​រសៀល​ម្សិលមិញ នៅ​ពេល​ពកូន​ស្រី​របស​់​គាត់​ថា ” ខ្ញុំ​មាន​កូន​បួន​នាក់​ដែល​ត្រូវ​ចិញ្ចឹម​ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ដី​ខ្ញុំ​សម្រាប់​ពួកគេ​​។ ខ្ញុំ​នឹង​តស៊ូ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​”។

ឈរ​នៅ​ជុំវិញ​ផ្ទះ​អ្នកស្រី សុភី អ្នកភូមិ​បង្ហាញ​​នូវ​អ្វីដែល​ពួកគាត់​អះអាង​ថា ជា​ស្នាម​រង​របួស​នៅ​ពេល​មានការ​ប៉ះទង្គិច​គ្នា​កាលពីចុង​សប្ដាហ៍​ជាមួយ​កម្មករ​ក្រុម​ហ៊ុន​ KDC។ អ្នកស្រី​ ពៅ ឌឿន អាយុ​៥៦​ឆ្នាំ​បាន​វែក​សក់​គាត់​បង្ហាញ​កន្លែង​ត្រូវ​គ្រាប់​ចំពាម​។ បុរស​ម្នាក់​ទៀត​បាន​លើក​បង្ហាញកំណាត់គ្រាប់​ដែក ​ដែល​គេ​កាត់​ចេញ​ពី​ដែក​ថ្នាំង​អំពៅ ហើយ​អ្នក​ភូមិ​និយាយ​​ថា ​កម្មករ​ក្រុម​ហ៊ុន​ KDC បាន​យក​កំណាត់​ដែក​ទាំង​នោះ​បាញ់​មក​លើ​ពួកគាត់ ដោយ​ប្រើ​ចំពាម​កៅស៊ូ។

ប៉ុន្តែ​នៅផ្នែក​ម្ខាងទៀត​នៃ​ប្រឡាយ​ដែល​ខណ្ឌ​ចែកដី​មានជម្លោះ ដែលកាន់​កាប់​ដោយ​ក្រុម​ហ៊ុន KDC និង​ផ្ទះ​របស់​អ្នកភូមិ​នោះ​ កម្មករ​ដែល​កាន់​កាំបិត​ផ្គាក់ ដំបង​ដែក ឬដំបង​ឈើ​ ដែល​ពួកគេ​និយាយ​ថា ប្រើ​សម្រាប់​រាន​ដី​នោះ​បាន​បដិសេធ​ថា មិន​បាន​ប្រើ​អំពើហិង្សា​ទេ។

ស៊ីន ឃីម ជាកម្មករ​អាយុ​២៨​ឆ្នាំ​របស់​ក្រុម​ហ៊ុន KDC មកពី​ភូមិ​សាវង់ ដែល​នៅ​ជាប់​គ្នា​នោះ បាន​និយាយ​ថា អ្នក​ភូមិ​ទេ​ដែល​មាន​ចំពាម​កៅស៊ូ ធ្នូ និង​កំាបិត​ផ្គាក់ ហើយ​បាន​ធ្វើ​ឲ្យ​កម្មករ​ជាច្រើន​រងរបួស​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃសៅរ៍។

គាត់​បាន​និយាយ​ថា ” អ្នកភូមិ​ទាំង​នេះ​ឃោរឃៅ​ណាស់។ យើង​គ្រាន់​តែ​ជា​កម្មករ​របស់​ក្រុម​ហ៊ុន​មក​រាន​ដី​ និង​សាង​សង​់​របង​ប៉ុណ្ណោះ”។ គាត់​បាន​បន្ថែម​ថា អ្នកភូមិ​បាន​ដុត​ជម្រក​បណ្ដោះ​អាសន្ន​​សម្រាប់​ឲ្យ​កម្មករ​ស្នាក់នៅ​ចំនួន​ប្រាំ​មួយ​ខ្នង។

គាត់បាននិយាយ​ថា គម្រោង​អភិវឌ្ឍកសិកម្មរបស់ក្រុម​ហ៊ុន​ KDC នឹង​ផ្ដល់​ការ​ងារ​ដល់​ប្រជាជន​នៅ​ក្នុង​ភូមិ​ចំនួន​ប្រាំបីភូមិ​នៅ​តំបន់នោះ​ ប្រសិន​បើ​គម្រោង​នេះ​មិន​ត្រូវ​បាន​រារាំង​ដោយ​អ្នកភូមិ​ដែល​រឹង​រូស​មិន​ព្រម​ចាក​ចេញ​ពី​ដី​របស់​ខ្លួន​ទេ​នោះ។

ប៉ុន្តែ​អ្នកស្រី ឌឿន បាននិយាយ​ថា ការ​ជួលកម្មករ​មូលដ្ឋាន​ឲ្យ​រាន​ដីនេះ​ គឺ​ជា​ការ​ដាក់​ឲ្យ​អ្នកភូមិ​ប៉ះទង្គិច​គ្នា​ ហើយ​បាន​ចោទ​ក្រុម​ហ៊ុន KDC ថា មាន​ចេតនា​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ។

អ្នកស្រី​បាន​និយាយ​ថា “យើង​នឹង​មិនអនុញ្ញាត​ឲ្យ​នគរ​បាល​ចាប់​អ្នកស្រី​ សុភី និង​អ្នកភូមិ​ផ្សេង​ទៀត​ទេ ហើយ​យើង​នឹង​មិន​ប្រឈម​ជាមួយ​កម្មករ​ទាំង​នោះ​​ទេ ពីព្រោះ​ក្រុម​ហ៊ុន​នេះ​កំពុង​ប្រើ​ល្បិច​កល​អាក្រក់​ ដោយ​ការ​ជួល​អ្នកភូមិ​មូល​ដ្ឋាន​ដែល​មិន​ជាប់ពាក់​ព័ន្ធនឹង​ជម្លោះ​ដីធ្លីនេះ​ ឲ្យ​បង្ក​អំពើ​ហិង្សា​”៕ គឹមហឿន (រាយការណ៍បន្ថែម​ដោយ LaurenCrothers)​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស