33 C
Phnom Penh

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ឯកអគ្គរដ្ឋ​ទូត​​អាមេរិក​សរសើរគ្នា​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ស្តីពីពាណិជ្ជកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វីលៀម ថូដ ឯកអគ្គរដ្ឋទូត​អាមេរិក និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​សរសើរ​គ្នា​ទៅវិញទៅមក​ចំពោះ​ការ​លះបង់​របស់ខ្លួន​សម្រាប់​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឯសន្និសីទ​កាសែត​មួយ​ក្នុង​រាជ​ធានីភ្នំពេញ កាលពី​ម្សិលមិញ បន្ទាប់ពីបាន​បំពេញ​បេសកកម្ម​ពាណិជ្ជកម្ម​រួម​កាលពី​ខែមុន​ទៅកាន់​សហរដ្ឋអាមេរិក។

លោក វីលៀម ថូដ និង​លោក ស៊ុន ចាន់ថុល ដែល​ត្រូវ​បាន​ដំឡើង​តួនាទី​របស់លោក​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​មុននោះ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋឡូស​អែ៊ន​ជើឡេស ឡងប៊ីច ស៊ីអាថល និង​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ដើម្បី​បញ្ចុះ​បញ្ចូល​ក្រុម​ហ៊ុន​អាមេរិក​ឲ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

នៅ​ឯ​សន្និសីទ​កាសែត លោក ស៊ុន ចាន់ថុល បាន​រៀប​រាប់​ពី​ការប្រឹងប្រែង​​របស់លោក វីលៀម ថូដ ក្នុង​ការ​រៀប​ចំ​ជំនួប​មួយ​ចំនួន​ជាមួយ​ក្រុមហ៊ុននានា​ រួម​មាន​ក្រុម​ហ៊ុន​ឈេហ្វរ៉ុន ក្រុម​ហ៊ុនវ៉លម៉ាត ក្រុម​ហ៊ុន​កូកាកូឡា និង​ក្រុម​ហ៊ុន ​General Electric ដែល​លោក ស៊ុន ចាន់ថុល ធ្លាប់​​បម្រើការ​ជា​នាយក​ប្រតិបត្តិ​ មុន​ពេល​លោក​ត្រឡប់​មក​ប្រទេស​កម្ពុជា​​វិញ​កាល​ពី​ឆ្នាំ​១៩៩៤​។

ដោយ​សំដៅ​ដល់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​បាន​មាន​ប្រសាសន៍​ថា ” អំឡុង​ការ​ធ្វើ​បទ​បង្ហាញ​ ខ្ញុំ​បាន​លើក​ឡើង​ថា នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​កម្ពុជា​វិញ​ ខ្ញុំ​ត្រូវ​ពិភាក្សា​ជាមួយ​​នាយក​រដ្ឋ​មន្ត្រី​របស់​យើង​ឲ្យ​តែង​តាំង​លោក វីលៀម​ ថូដ ជា​អ្នក​ជំនាញរបស់យើង​​ ឬជាមន្ត្រី​មួយ​រូប​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​”។

លោក​បាន​មាន​ប្រសាសន៍​ថា “គាត់​ធ្វើការ​បាន​យ៉ាង​ល្អ ដោយ​​ធ្វើ​បទ​បង្ហាញ​…​ទាក់​ទង​នឹង​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ពិត​ជា​កោត​​សរសើរ​ឯក​អគ្គរដ្ឋទូត​រូប​នេះ។ លោក​​ធ្វើការបាន​​យ៉ាង​ល្អ​សម្រាប់​ពួកយើង​”។

លោក វីលៀម​ ថូដ បាន​និយាយ​យ៉ាង​ខ្លី​ ដោយ​កោត​​សរសើរ​ពីការ​ប្ដេជ្ញាចិត្តរបស់​លោក​ សុ៊ន ចាន់ថុល ក្នុង​ការ​ជួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​លុប​បំបាត់​អំពើ​ពុក​រលួយ និង​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក វីលៀម ថូដ បាន​និយាយ​ទៅកាន់​សន្និសីទ​កាសែត​ថា ” និយាយពី​ទេស​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់យើង​ គឺ​លោក ស៊ុន ចាន់ថុល នៅ​រាល់​ជំនួប​កំពូល​ដែល​យើង​បាន​រៀប​ចំ​ឡើង​ លោក​តែង​តែ​យក​អង្ករ​មួយ​បាវ​មក។ លោក​ប្រាប់​គ្រប់​គ្នា​ថា វា​ជា​អង្ករ​ដ៏ល្អ​បំផុត​ក្នុង​ពិភព​លោក​ ​វា​ឈ្នះ​​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីក្រុង​ហុង​កុង ហើយ​វា​ជា​អង្ករ​ដ៏​ក្រអូប​នៅ​ក្នុង​ពិភព​លោក”​។

លោក វីលៀម ថូដ ក៏បាន​លើក​ឡើង​ផងដែរថា “ជាមួយ​កំណែ​ទម្រង់​ ​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗទៀត​កំពុង​ធ្វើ​” ​ បរិយាកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ទាក់ទាញ​ក្រុម​ហ៊ុន​អាមេរិក​មួយចំនួន​ឲ្យ​ចូល​មក​វិនិយោគ​។

លោក វីលៀម ថូដ បាន​មាន​ប្រសាសន៍​ថា ” អ្នក​មាន​សេដ្ឋកិច្ច​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​ទីនេះ។ លោក​អ្នក​អាច​ផ្ញើប្រាក់​ចំណូលរបស់អ្នកទៅ​ស្រុក​វិញ​ ប្រសិន​បើ​​លោក​អ្នក​ចំណេញប្រាក់​ លោក​អ្នក​អាច​យក​វា​តាម​ខ្លួន លោក​អ្នក​អាច​មាន​កម្មសិទ្ធិ១០០​ភាគ​រយ​ក្នុង​នាមជន​បរទេស។ មាន​ការ​អនុ​គ្រោះពន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​និយាយ​ដោយ​​ត្រង់​ទៅ​វា​ប្រសើរ​ជាង​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​”។

សហរដ្ឋអាមេរិក​នៅតែ​មិន​បាន​អប​អរ​សាទរ​ជា​ផ្លូវ​ការ​ចំពោះ​ជ័យជម្នះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​ដដែល ហើយ​បាន​អំពាវ​នាវ​ឲ្យ​ស៊ើប​អង្កេត​ឲ្យ​បាន​ ” ពេញលេញ និង​ប្រកប​ដោយ​តម្លាភាព​” អំពី​ភាព​មិន​ប្រក្រតី​ដែលបាន​រាយការណ៍នោះ។

កាលពី​ខែមករា លោក បារា៉ក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក​បាន​អនុម័ត​យល់​ព្រម​លើ​ច្បាប់​ដែល​មាន​មាត្រា​មួយ​ចែង​ពី​ការ​ព្យួរ​មូល​និធិ​​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា លុះណា​តែ​មាន​ការ​ស៊ើប​អង្កេត​អំពី​ការ​បោះ​ឆ្នោត​​នេះ​ប្រកប​ដោយ​ឯករាជ្យ ឬ​គណបក្ស​សង្គ្រោះជាតិ​បញ្ចប់​ការ​ធ្វើ​ពហិការ​​រដ្ឋសភាសិន​​។

លោក​ ស៊ុន ចាន់ថុល បាន​មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ជាមួយ​លោក វីលៀម ថូដ ដែល​រួម​មាន​ជំនួប​ជាមួយលោក វីលៀម បឺន អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក បាន​បង្ហាញ​ថា នៅ​ក្នុង​ការ​អនុវត្ត នៅ​មាន​ការ​មិន​ចូល​ចិត្ត​គ្នា​បន្តិច​បន្តួច​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។

លោក​បាន​មាន​​​ប្រសាសន៍ថា ” ដូចលោក​អ្នក​មើល​ឃើញហើយថា ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​មក​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រឹង​ប្រែង​ធ្វើ​ការ​ជា​មួយ​គ្នាយ៉ាង​​ជិត​ស្និទ្ធ ដូច្នេះមិន​មាន​ការ​កាត់ផ្ដាច់​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​អាមេរិក​ទេ​ ដូច្នេះ​ទំនាក់​ទំនង​នៅ​តែ​មាន។

លោក វីលៀម ថូដ បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹមថា​ នឹង​​មាន​ការ​​បញ្ចប់​ភាព​ទាល់​ច្រក​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ។

លោក​បាន​មាន​ប្រសាសន៍​ថា ” និយាយ​តាម​ត្រង់​ ខ្ញុំគិត​ថា ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​​រង់​ចាំ​ដំណោះ​ស្រាយ​នេះ ហើយនៅ​ពេល​ដែល​មាន​ដំណោះ​ស្រាយ​ ខ្ញុំជឿថា ទីផ្សារ​នឹង​ចាប់​ដំណើរ​ការ​។ ក្រុម​ហ៊ុន​ជាច្រើន​កំពុង​រង់ចាំ​ពេល​មាន​ដំណោះស្រាយ​ ហើយពួកគេ​រំពឹង​ថា នឹង​​មាន​ដំណោះស្រាយ​ ហើយ​នៅពេល​មាន​ដំណោះស្រាយ ក្រុមហ៊ុន​នានានឹង​មក​វិនិ​យោគ​​នៅ​ប្រទេស​កម្ពុជា​”៕ សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស