ប្រជាជននៅតំបន់បឹងកក់ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីម្សិលមិញ ដោយស្នើឲ្យអង្គភាពនេះស៊ើបអង្កេតអតីតមន្ត្រី និងមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្ន១២រូប និងសមាជិកព្រឹទ្ធសភា លោក ឡាវ ម៉េងឃិន ជុំវិញផែនការរបស់សមាជិកព្រឹទ្ធសភារូបនេះលក់ដី ដែលអ្នកភូមិនិយាយថា ត្រូវបានលួចពីអ្នកភូមិ។
បណ្ដឹងរបស់អ្នកភូមិទាំងនោះ ក៏ស្នើឲ្យ ACU ស៊ើបអង្កេតសំណង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៅកណ្ដាលដីរបស់ខ្លួន គឺលើដីដែលពួកគេនិយាយថា ត្រូវបានទុកដោយឡែកសម្រាប់គ្រួសារប្រជាជនតំបន់បឹងកក់។
ក្នុងសេចក្ដីប្រកាសមួយនៅផ្សារហ៊ុនសិង្ហបុរីកាលពីចុងខែមុន ក្រុមហ៊ុន HLH Group បានឲ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ D’Lotus Development បានព្រមព្រៀងទិញដីទំហំ១,៣៥ហិកតាពីក្រុមហ៊ុនស៊ូកាគូអុីន របស់លោក ឡាវ ម៉េងឃិន ដែលក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកភូមិបឹងកក់ចោទថា បានបណ្ដេញដោយខុសច្បាប់នូវប្រជាជនប្រហែល៣.០០០គ្រួសារចេញពីផ្ទះសំបែងរបស់ពួកគេ។
កាលពីឆ្នាំ២០០៧ សាលារាជធានីភ្នំពេញ បានយល់ព្រមជួលដីបឹងកក់ទំហំ១៣៣ហិកតារយៈពេល៩៩ឆ្នាំឲ្យក្រុមហ៊ុនស៊ូកាគូអុិន ហើយក្រុមសិទ្ធិមនុស្សបានលើកឡើងថា លក្ខខណ្ឌនៃការជួលមិនអនុញ្ញាតឲ្យលក់ទៅឲ្យភាគីទី៣ទេ។
កាលពីឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយកាត់ផ្ទៃដីទំហំ១២,៤៤ហិកតាចេញពីតំបន់គម្រោងនេះ ដើម្បីឲ្យប្រជាជនប្រហែល៦៥០គ្រួសារអាចរក្សាផ្ទះសំបែងរបស់ខ្លួនបាន។
លោកស្រី ទេព វន្នី ជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិបឹងកក់ប្រហែល៣០នាក់ ដែលបានទៅ ACU ដើម្បីដាក់ពាក្យបណ្ដឹង បាននិយាយថា ” បើ [ស៊ូកាគុ] លក់ដីដែលរដ្ឋាភិបាលបានជួលឲ្យដើម្បីអភិវឌ្ឍ ក្រុមហ៊ុននេះគ្មានសិទ្ធិទេ។ ហើយបើពួកគេលក់ដីនៅក្នុងផ្ទៃដី១២,៤៤ហិកតា…វាគ្មានសិទ្ធិទេ ពីព្រោះវារំលោភអនុក្រឹត្យ”។
ប្រជាជន១២នាក់ដែលមានឈ្មោះក្នុងបណ្ដឹងនោះ រួមមានលោក ម៉េងឃិន អភិបាលរាជធានីភ្នំពេញ បា៉ សុជាតិវង្ស អតីតអភិបាលរាជធានី កែប ជុតិមា និងមន្ត្រីរាជធានី ខណ្ឌ និងសង្កាត់ជាច្រើននាក់ផ្សេងទៀត។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អ្នកភូមិមានសិទ្ធិដាក់ពាក្យបណ្ដឹងរបស់ខ្លួន ប៉ុន្តែបានបញ្ជាក់ថា កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនស៊ូកាគុ ជាមួយក្រុមហ៊ុន D’Lotus គឺស្របច្បាប់។
លោកបានមានប្រសាសន៍ទៀតថា ” ក្រុមហ៊ុននេះមានសិទ្ធិជ្រើសរើសដៃគូឯកជនណាមួយដើម្បីអភិវឌ្ឍទីតាំងនេះ” ក៏ប៉ុន្តែលោកបានបដិសេធមិនលម្អិតអំពីរបៀបដែលក្រុមហ៊ុនអាចលក់ដីដែលខ្លួនកំពុងជួលនោះទ។
លោកបានមានប្រសាសន៍ថា លោកមិនដឹងជាក់លាក់ថា ដីមួយផ្នែកណាដែលក្រុមហ៊ុនស៊ូកាគុលក់នោះទេ ប៉ុន្តែបានបញ្ជាក់ថា វាមិនស្ថិតនៅក្នុងដី១២,៤៤ហិកតា ដែលទុកសម្រាប់គ្រួសារប្រជាជននោះឡើយ។
អ្នកនាំពាក្យរូបនេះ ក៏បានការពារសេចក្ដីសម្រេចរបស់សាលារាជធានី ដើម្បីសាងសង់បញ្ជាការដ្ឋានថ្មីមួយសម្រាប់កងរាជអាវុធហត្ថខណ្ឌដូនពេញនៅបឹងកក់ និងបានឲ្យដឹងទៀតថា សាលារាជធានីមានផែនការសង់ទីស្នាក់ការនគរបាលនៅក្បែរនោះ។ លោកបានឲ្យដឹងទៀតថា ” យើងនឹងសង់កន្លែងឲ្យកម្លាំងចម្រុះ កន្លែងនគរបាលនៅជាប់នឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ”។
កន្លែងនោះកំពុងត្រូវសង់នៅចម្ងាយប៉ុន្មានម៉ែត្រពីផ្ទះរបស់លោកស្រី វន្នី និងសកម្មជនមួយចំនួនក្នុងចំណោមសកម្មជនដ៏លេចធ្លោបំផុតប្រឆាំងនឹងការបណ្ដេញចេញនៅប្រទេសកម្ពុជា ដែលបានរងការវាយប្រហារពីសំណាក់នគរបាល អំឡុងការតវ៉ាដោយសន្តិវិធី ត្រូវគេចាប់ខ្លួន និងកាត់ទោសព្រោះភាពសកម្មរបស់ខ្លួន។
លោក ឌីម៉ង់ បានបដិសេធថា ទីតាំងថ្មីរបស់នគរបាល និងកងរាជអាវុធហត្ថមិនមែនជាការបំភិតបំភ័យក្រុមសកម្មជននោះទេ ហើយបាននិយាយថា ទីតាំងនោះត្រូវបានជ្រើសរើសយ៉ាងដិតដល់ ដើម្បីផ្ដល់សន្តិសុខដល់ប្រជាជនតំបន់នោះ។
ការចាក់គ្រឹះអគារនោះ បានចាប់ផ្ដើមរួចហើយ។ ក្នុងពាក្យបណ្ដឹងរបស់ខ្លួន ក្រុមអ្នកភូមិបានស្នើឲ្យផ្អាកការសាងសង់រហូតដល់ការចរចាបញ្ចប់រវាងសាលារាជធានី និងអ្នកភូមិប្រហែល៤០គ្រួសារ ដែលនៅតែសង្ឃឹមថា នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីក្នុងតំបន់នោះ៕ មានិត