28 C
Phnom Penh

នគរ​បាល​ចោទសាលា​បង្រៀន​អង់​គ្លេស​មួយ​នៅ​សៀម​រាប​ថា ធ្វើ​​សញ្ចរកម្ម​​​​លើ​​​សិស្ស​​​​ខ្លួន​​​ឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ នគរ​បាល​ខេត្ត​សៀមរាប ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ និង​ប្អូន​ស្រី​​​​របស់​​​ខ្លួន​​​តាម​ការ​ចោទ​ប្រកាន់ពីបទធ្វើ​​​សញ្ចរកម្ម​​​លើ​​​សិស្ស​​​​​​ជំទង់របស់​​​ខ្លួនដែល​​ចូល​​​រៀន​​​នៅសាលា​​​​​​​​​​​​នេះ​​​​​​ឲ្យ​​​បម្រើ​​​​ផ្លូវ​​​ភេទ​​​ភ្ញៀវ​ទេសចរ​បរទេស​។

លោកស្រី ដួង ថាវរី នាយការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​ខេត្ត​សៀម​រាប បាន​មាន​ប្រសាសន៍​ថា ឡុង វេហា អាយុ​៣២​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សាលា​រៀន​របស់​ខ្លួន​​ឈ្មោះ​ថា Underprivileged Children School ​នៅ​ក្នុង​ស្រុក​សូទ្រ​​​​និគម ដែល​បាន​ឲ្យ​​​សិស្ស​​របស់​​​​​​ខ្លួន​​​​រួម​ភេទ​ជាមួយ​ភ្ញៀវ​ទេសចរ​ ដែល​​​បាន​​​​ក្លែង​ប្រាក់​ដែល​ពួកគេ​បង់​ទៅជា​ប្រាក់​បរិច្ចាគ​សម្រាប់​សមាគម​ ដែលឧបត្ថម្ភគាំទ្រ​សាលា​រៀន​នេះ។

លោកស្រី​មាន​ប្រសាសន៍​ថា នគរ​បាល​ក៏បាន​ចាប់​ខ្លួន​ប្អូនស្រី​​​​របស់ ឡុង វេហា ដែល​លោកស្រី​មិន​ចាំ​ឈ្មោះ​ផង​ដែរ ហើយ​បាន​ឃាត់​ខ្លួន​កូន​សិស្ស​ប្រាំបួន​នាក់​ ដែល​មាន​អាយុ​ពី​១៧ឆ្នាំ​ទៅ​១៩​ឆ្នាំ ដែល​ស្នាក់​នៅផ្ទះ​ជួល​របស់​ឈ្មោះ ឡុង វេហា នៅ​ក្នុង​សៀមរាប និង​ជា​អ្នក​ដែល​ត្រូវ​ឈ្មោះ ឡុង វេហា ធ្វើ​​​សញ្ចរកម្ម​​​​​​​ពួកគេ​ឲ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ។

លោកស្រី​មាន​ប្រសាសន៍ទៀត​​ថា “យើ​មិន​ទាន់​បាន​សាក​សួរ​ពួកគេ​នៅឡើយ​ទេ​នៅ​រសៀល​នេះ ប៉ុន្តែ​យើង​បាន​បញ្ជូន​ជន​នេះ​ និង​ប្អូនស្រី​របស់​គេ​ រួម​ជាមួយ​សាក្សី​ទាំង​ប្រាំបួន​នាក់​ទៅ​​​កាន់​​​​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ត​ហើយ​​​។ យើង​បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា ជន​សង្ស័យ​ផ្ដល់​ក្មេង​ជំទង់​ពីរ​នាក់​ក្នុង​មួយ​លើក​​ៗ​ឲ្យ​រួម​ភេទ​ជាមួយ​ជន​បរទេស​ដែល​បាន​​ឧបត្ថម្ភ​​​ដល់​​​​សមាគម​របស់​ខ្លួន​។ យើង​ជឿ​ថា ជន​សង្ស័យ​បានជួញដូរ​​​​ផ្លូវ​​​ភេទ​​​​”។

លោកស្រី​បាន​បន្ត​ថា នគរ​បាល​បាន​ស៊ើប​អង្កេត​ករណី​នេះ​អស់រយៈ​ពេល​ជាង​មួយ​ខែ​ ហើយ​បាន​តាម​ដាន​សកម្មភាព​របស់​ ឡុង វេហា។ លោកស្រី​បាន​បន្ត​ថា លោកស្រី​មិន​ទាន់​ដឹង​ថាតើ ឡុង វេហា បាន​បើ​ក​ដំណើរ​ការ​របរ​នេះ​យូរ​ប៉ុណ្ណា​ និង​មាន​ជន​រងគ្រោះ​ប៉ុន្មាន​នាក់​​​ហើយ​​​ទេ។

លោកស្រី​មាន​ប្រសាសន៍​ថា បន្ទាប់ពីការ​សាក​សួរ​ក្មេង​ជំទង់ទាំង​ប្រាំបួន​នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះជួល​ខាង​លើ​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ ដែល​ត្រៀម​រៀបចំ​បញ្ជូន​ពួកគេ​ទៅ​ផ្ទះ​របស់​ពួកគេ​​​វិញ។

លោក​ ហេង សំណាង អធិការរង​ស្រុក​សូទ្រ​​​និគម បាន​មាន​ប្រសាសន៍​ថា សាលា​រៀន​នេះ​មាន​សិស្ស​ចំនួន​៨៩​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​១២​ឆ្នាំ​ទៅ​២០​ឆ្នាំ។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​នគរ​បាល​កាលពី​ម្សិលមិញ​ដែរ ប៉ុន្តែ​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​សញ្ចរកម្ម​នេះទេ​។

លោក ធា សុផាត ប្រធាន​មន្ទីរ​សង្គម​កិច្ច​ខេត្ត​សៀមរាប ដែល​បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​នោះ បានមាន​ប្រសាសន៍​ថា សាលា​រៀន​នេះ​​បាន​បើក​ដំណើរ​ការ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​អស់​រយៈ​ពេល​ប្រាំមួយ​ទៅ​ប្រាំពីរ​ឆ្នាំ​មក​ហើយ។ លោក​បាន​មាន​ប្រសាសន៍​ថា ព័ត៌មាន​សម្ងាត់​នេះបែក​ធ្លាយ​ចេញពី​ស្ត្រី​ជន​ជាតិ​ដាណឺម៉ាក​ម្នាក់ ដែល​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​សាលា​នេះ​ ហើយ​បាន​ប្ដឹង​ទៅ​ក្រសួង​ការ​បរទេស​ ហើយ​ក្រសួង​ការ​បរទេស​បាន​ទាក់​ទង​មក​ក្រសួង​សង្គម​​កិច្ច ហើយ​ក្រសួង​សង្គម​កិច្ច​បាន​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ។ លោក​មាន​ប្រសាសន៍​ទៀត​ថា ” យើង​បាន​រក​ឃើញ​ថា ម្ចាស់​សាលា​ជួញដូរ​កុមារ​ ពីព្រោះ​គាត់​បាន​ផ្ដល់​ក្មេង​ជំទង់​ឲ្យ​រួម​ភេទ​ជាមួយ​ជន​បរទេស​”។

ករណី​ជន​ល្មើស​ផ្លូវ​ភេទ​ដែល​ធ្វើការ​នៅ​ឯ​ ឬ​បើក​អង្គការ​មនុស្ស​ធម៌​ទុច្ចរិត​ និង​​មណ្ឌល​កុមារ​កំព្រា​គ្មាន​អ្វី​ថ្មីទេ។ កាលពី​សប្ដាហ៍​មុន សាសនទូត​​​​អាមេរិក​ ដានីញែល ចនសុន (Daniel Johnson) ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​​​មួយ​​​ឆ្នាំ​​​​​​ពី​​​បទ​​​បៀត​បៀន​កេរ្តិ៍​​​​ភេទ​ក្មេង​ប្រុស​ប្រាំ​នាក់​នៅ​មណ្ឌល​កុមារ​កំព្រា​​​​របស់​​​គាត់​​​ដែ​ល​មិន​បាន​ចុះ​បញ្ជី។

ទោះ​ជាយ៉ាង​ណា លោក អំ សំអាត ប្រធាន​​បច្ចេកទេស​​​ផ្នែក​​​​ស៊ើប​អង្កេត​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ បានមាន​ប្រសាសន៍​ថា នេះ​ជាលើក​ទី១​ហើយ​ដែល​លោក​បាន​ឮថា សាលា​រៀន​​​​ធ្វើ​​​សញ្ចរកម្ម​​​លើ​​​កូន​​​​​​សិស្ស​​របស់​ខ្លួន​ឲ្យរួម​ភេទ​ជាមួយ​ជន​បរទេស​ ហើយ​មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​​ធ្វើការ​ឲ្យ​បាន​ល្អ​ដើម្បី​ធ្វើ​និយ័តកម្ម​លើ​ពួកគេ។

លោកបាន​​​​​​​​មាន​​​ប្រសាសន៍​ទៀត​ថា “នេះគឺ​ជា​ករណីថ្មី​ ករណី​​​​ជួញដូរ​កុមារនៅ​សាលា​រៀន។ ខ្ញុំសូម​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ ជាពិសេស​ក្រសួង​អប់រំ មេត្តា​​​ពិនិត្យ​​​​មើល​​​សិន មុន​​​​នឹង​​​​អនុញ្ញាត​ឲ្យ​​​សាលា​​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​​​បើក​​​”។

យោង​តាម​គេហទំព័រ​របស់​សាលា​រៀន Underprivileged Children School ដែល​​​ប្រមូល​​​ប្រាក់​​​​បរិច្ចាគ​​​​​ភាគ​​​ច្រើន​​​​តាម​អុីនធើណិត និង​​​​មាន​​​បង្ហោះ​​​​រូប​ថត​​ក្មេងៗ​​សិក្សា​ និង​លេង​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​សាលា​​​នេះ​​​មាន​​​​​​​​នាយក​​​ពីរ​​​នាក់ គឺ​​​ “ឡុង​​​ សីហា​​​” និង​​​ “រ៉ូបឺត អាយវូ” (Robert Iwu)។

នៅ​ក្នុង​​​ប្រូហ្វាល់​​​លើ​គេហទំព័រ​​​​នេះ ឡុង វេហា សរសេរ​ថា ” ខ្ញុ​ំ​កើត​នៅ​​​​ឯជន​​​បទ​​​ក្នុង​​​ប្រទេស​កម្ពុជា។ ខ្ញុំ​ធំ​​​ដឹង​ក្ដី​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ ហើយ​​​​បន្ទាប់​​​ពី​ស្នាក់​នៅ​​​​សិក្សា​​​​​​រៀន​​​សូត្រ​​​នៅ​​​វត្ត​អារាម​អស់រយៈ​ពេល​ប្រាំមួយឆ្នាំ​​​ ​​​ខ្ញុំ​​​បាន​​​​ចេញ​​​បង្រៀន​​​នៅ​​ក្នុងខេត្ត​​​សៀម​​​រាប​​​។ ពេល​​​នេះ​​​ ខ្ញុំ​​​​​​អាច​​​ជួយ​​​កុមារ​​​​​​បាន​​​ និង​​​បង្រៀន​​​ពួក​​​គេ​​​ឲ្យ​​​ចេះ​​​​​ភា​​​សា​​​អង់គ្លេស និង​​​សីល​​​ធម៌​​”៕ សុខុម​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស