28 C
Phnom Penh

សមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រជាជន​កម្ពុជា​អនុម័តច្បាប់​បី​បន្ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ ព្រឹទ្ធសភា​បាន​អនុម័ត​ផែន​ការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​ដែល​មានទឹក​ប្រាក់​២៦,៦​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៥​របស់​ខ្លួន​ចាប់តាំង​ពី​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​មុន ខណៈដែល​សមាជិក​​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ សម រង្ស៊ី ​បន្ត​ធ្វើ​ពហិការដដែល​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា សមាជិក​​ព្រឹទ្ធសភា​៤២​រូប​មក​​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​បត្យាប័ន​រវាង​ប្រទេស​កម្ពុជា​ និង​​ប្រទេស​វៀតណាម និង​ច្បាប់​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ករណី​រដ្ឋប្បវេណី​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ។

សមាជិក​ព្រឹទ្ធសភា​ទាំង​១១រូប​មកពី​គណបក្ស​ សម រង្ស៊ី ដែល​កាល​ពី​ឆ្នាំ​២០១២​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្សដើម្បី​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិនោះ​នៅ​តែ​បន្ត​ធ្វើ​ពហិការ​​ព្រឹទ្ធសភា​ ជា​ការ​តវ៉ា​ទៅ​នឹង​លទ្ធផល​នៃការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០​១៣​។

លោក គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​កាលពី​ថ្ងៃ​អាទិត្យ​ថា ព្រឹទ្ធសភា​មិនគួរ​អនុម័ត​ច្បាប់​ទាំង​នេះ​ទេ លុះណា​​តែ​ការ​ធ្វើ​ពហិការ​បាន​បញ្ចប់​សិន​។ លោក​បាន​មាន​ប្រសាសន៍​ថា “ជាមួយ​រដ្ឋសភា​ឯកបក្ស​​ដែល​មាន​តែ​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ស្រប​ច្បាប់​នោះ ព្រឹទ្ធសភា​គួរ​ច្រាន​ចោល​ និង​ទុកជាមោឃៈ​នូវ​​សេចក្ដី​ព្រាង​ច្បាប់​ និង​សេចក្ដី​ស្នើ​​ច្បាប់ណាមួយ​សិន​”។

ទោះ​ជាយ៉ាង​ណា លោក អ៊ុំ សារិទ្ធ​​ អគ្គលេខាធិការ​ព្រឹទ្ធសភា​បាន​លើក​ឡើងអំ​ពី​ការ​ផ្ត​ល់ប្រាក់​កម្ចី​ និងជំនួយ​ឥត​សំណង​នៅ​ពេល​ថ្មីៗ​នេះពីអន្ត​រជាត​ិ​​ដល់​រដ្ឋាភិបាល​កម្ពុជា ដូច​ជា​អាមេរិក ជប៉ុន និង​អាល្លឺម៉ង់ ជា​ភ័ស្តុតាង​ថា រដ្ឋាភិបាល​គឺ​ស្រប​ច្បាប់។ លោក​បាន​មាន​ប្រសា​សន៍​​ថា ” សហគមន៍​អន្តរជាតិ​នឹង​មិន​ផ្ដល់​ប្រាក់​កម្ចី និង​ជំនួយ​ដល់​យើងទេ ប្រសិនបើ​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​នោះ”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស