34 C
Phnom Penh

កម្មករក្រុមហ៊ុន​ស៊ីនទ្រី​ធ្វើ​កូដកម្ម​ដោយ​សារមិន​មាន​ការ​ឆ្លើយ​តប​តាម​ការ​ទាមទារ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ប្រមូលសំរាមនៅក្នុង​រាជ​ធានីភ្នំពេញ​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្មជាថ្មី​ម្តងទៀត​ពាក់​ព័ន្ធ​នឹង​ប្រាក់​ខែ​ និង​លក្ខខណ្ឌ​ការ​ងារ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ឈប់​ប្រមូល​​សំរាម​តាមផ្លូវ​ក្នុង​ទីក្រុង​មួយ​រយៈ​​ពេល​ជាលើក​ទី២នៅ​ឆ្នាំនេះ។cintri

កម្មករ​ប្រហែល​១០០នាក់​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី​ជា​ក្រុមហ៊ុន​ប្រមូល​សំរាម​ បាន​ធ្វើការ​តវ៉ា​នៅ​ដេប៉ូសាំងរបស់ក្រុមហ៊ុន​នេះស្ថិត​នៅក្នុង​ខណ្ឌដង្កោដើម្ប​ី​ទាមទារ​ដំឡើង​ប្រាក់ខែ​​ ​ទាមទារ​ឲ្យដក​ប្រធាន​ដេប៉ូសាំង​នេះ​ចេញនិង​​ឲ្យដក​មន្ត្រី​កង​រាជអាវុធហត្ថចេញ​ដែលពួកគេ​និយាយថា ​ត្រូវ​បានដាក់​ឲ្យ​ឈរ​ជើង​នៅ​ទីនោះ​ចាប់តាំង​ពីមាន​ការ​ធ្វើ​កូដកម្ម​កាលពី​ខែ​កុម្ភៈមក។

លោក ប្រាក់ សុខា តំណាងកម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រហែល​១.២២៥នាក់​ ដែល​សុទ្ធ​តែ​បាន​ចូល​រួម​​ធ្វើកូដកម្ម​បាននិយាយថា “យើ​ងទាមទារតែអ្វីដែលយើង​មិន​បាន​ទទួល​កាលពី​លើក​មុន​ ដែលក្រុមហ៊ុន​​បាន​យល់ព្រមដោះស្រាយតែប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុន​​មិន​បាន​យក​ចិត្ត​​្តទុកដាក់ទេ”។

លោក សុខា បាន​និយាយថា ប្រាក់​ថ្លៃស្នាក់នៅ​និង​ធ្វើ​ដំណើរ​និង​ប្រាក់​ធានារ៉ាប់រង​សុខភាព​សរុប​៣៥ដុល្លារ​ក្នុង​មួយ​ខែ​នោះ ស្ថិត​ក្នុង​ចំណោម​ការ​ទាមទារ​របស់កម្មករ​នៅ​ពេល​ធ្វើកូដកម្ម​កាលពី​លើក​មុន​ ដែល​បាន​បញ្ចប់​បន្ទាប់ពី​​មាន​ការ​ចរចា​អស់​រយៈពេល​បួនម៉ោង​ដែល​អំឡុង​ពេល​នោះ ​កម្មករ​បាន​យល់ព្រម​ទទួលយកការ​ដំឡើង​ប្រាក់​ខែ​ចន្លោះ​ពី​២០​ដុល្លារ​ដល់​២៥ដុល្លារ​ ជា​ការ​ដំឡើង​ប្រាក់ខែ​លើកទី​១​ដល់​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​ក្នុង​រយៈ​ពេល​១០ឆ្នាំមក​នេះ។

លោក ឃួន យ៉ាណូ នាយប៉ុស្តិ៍សង្កាត​់​ជើងឯកបានមាន​ប្រសាសន៍ថា ជម្លោះ​ថ្មី​នេះ​កើត​ឡើង​បន្ទាប់ពី​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ស៊ីនទ្រី​​បាន​រាយការ​ណ៍ថា កម្មករ​ពីរនាក់​បាន​បូមសាំង​ “ដែលនៅសល់” ពី​ធុង​សាំង​របស់​រថយន្ត​​ប្រមូលសំរាម​នៅ​ពេល​បញ្ចប់​ម៉ោង​ធ្វើការ​របស់ខ្លួន។ ក្រុមហ៊ុន​ស៊ីនទ្រី​បាន​រឹបអូសយក​ប្រាក់​៣០០ដុល្លារ​ពី​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​​នោះ​ជា​សំណង​។

កម្មករ​ពីរនាក់​ត្រូវ​កង​​រាជអាវុធហត្ថ​​ចាប់ខ្លួននិង​សាកសួរ​នៅ​ដេប៉ូសាំង​មុនពេល​ត្រូវ​បាន​ដោះលែង​វិញ​ដោយ​មាន​កិច្ច​សន្យាថា ពួកគេ​នឹង​ឈប់​លក់សាំង​ “ដែលនៅ​សល់​ទៀត”។

ទោះយ៉ាងណា លោក សុខា​ បាន​អះ​អាង​ថា លើកមុន​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​យល់​ព្រមថា អ្នក​បើក​បរ​អាច​បូមសាំង​លក់​ច្រើន​បំផុត​ពីរ​លីត្រ​ក្នុង​មួយ​វេនៗ។

លោក រុំ សំបូរ​ អាយុ​៣៣ឆ្នាំ​ដែលបាន​បើក​បរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​ជាង​ប្រាំពីរ​ឆ្នាំ​មក​ហើយ​បាន​និយាយថា អ្នក​បើក​បរ​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​បូម​សាំង​បួន​ឬ​ប្រាំលីត្រ​នៅ​ពេល​បញ្ចប់​វេន​នីមួយ​ៗ​ ហើយ​បាន​អះ​អាងថា ក៏មានការ​ដាក់​មន្ត្រី​កង​រាជ​អាវុធ​ហត​្ថ​ដើម្បី​បំភិត​​បំភ័យ​កម្មករ​ផងដែរ។

លោក​បាននិយាយថា “បន្ទាប់ពី​យើង​​បាន​ចូលរួម​​ធ្វើ​កូដកម្ម​កាលពី​លើក​មុន ក្រុមហ៊ុន​បាន​ដាក់​សម្ពាធ​យើង​ឲ្យ​ឈប់​ត​វ៉ា​ប្រឆាំង​ក្រុមហ៊ុនទៀត​​។ ក្រុមហ៊ុន​យក​កង​​រាជអាវុធហត្ថ​ប្រដាប់​អាវុធ​មក​ដាក់​ជំនួស​សន្តិសុខ​ឯក​ជន​ដើម្បី​គំរាមកំហែង​ពួក​យើង​​”។

លោក សេង​ ប៊ុនរិទ្ធ​ អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី​​បាន​និយាយថា ការ​ចោទ​ប្រកាន់ទាំង​នេះ​មិន​ពិត​​ទេ​ ហើយ​ថា កម្មករ​ត្រូវ​បាន​ព្រមាន​ចំពោះ​ការ​បូម​សាំង​។ លោក​បាននិយាយថា “​យើង​សុំកម្លាំ​ងទាំង​នេះ​មក​ការ​ពារ​សន្តិសុខ​សាធា​រណៈ​តែ​ប៉ុណ្ណោះ”។ លោក​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​បន្ថែម​ឡើយ។

លោក មុំ សារ៉ន ប្រធាន​សហព័ន្ធ​សហជីព​លើក​ត​ម្កើងជីវភាព​កម្មករ​និយោជិត​​ខ្មែរ​បាន​មាន​ប្រសាសន៍ថា ​កូដកម្ម​នឹង​បន្ត​ទៀត​រហូតដល់​ទទួលបាន​ការ​ឆ្លើយ​តប​តាម​ការ​ទាមទារ​របស់​កម្មករ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស