31 C
Phnom Penh

មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត​ធ្លាក់​ពី​លើ​សណ្ឋាគារ​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហម មុត មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ស្លាប់​នៅ​សណ្ឋាគារ​មួយ​​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ពេល​ទៀប​ភ្លឺ​ព្រឹក​ម្សិលមិញ បន្ទាប់ពី​គាត់​បាន​ធ្លាក់​ពី​ជាន់​ទី៤​តាម​ប្រឡោះជណ្ដើរ​យន្ត​ដែល​មិន​ទាន់​សាង​សង់​រួច​រាល់​នៅ​សណ្ឋាគារ​នេះ ដែល​កម្មករ​សំណង់​មិន​បាន​ដាក់​រនាំង​បាំង​។

​បុគ្គលិក​សណ្ឋាគារ​បាន​និយាយ​ថា លោក ហម មុត អាយុ​៣៩​ឆ្នាំ ​បាន​ស្លាប់​នៅ​សណ្ឋាគារ​ MidlandHotel នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក បន្ទាប់ពី​គាត់​ត្រឡប់​មក​ពី​បរិភោគ​អាហារ​ពេល​ល្ងាច​នៅ​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ​ជាមួយ​គ្រួសារ​របស់​គាត់ និង​សហការី​មួយ​ក្រុម​ដែល​ស្នាក់​នៅ​សណ្ឋាគារ​នេះដែរ​។

លោក គុយ លាង បុគ្គលិក​នៅ​កន្លែង​ទទួល​ភ្ញៀវ​នៃ​សណ្ឋាគារ​នេះ​បាន​និយាយ​ថា ភ្ញៀវ​មួយក្រុម​នេះ​បាន​​ចុះ​ឈ្មោះ​ចូល​ស្នាក់នៅ​ក្នុង​បន្ទប់​ចំនួន​ប្រាំពីរ​បន្ទប់​នៅ​ម៉ោង​ប្រហែល​៥​ល្ងាច​ថ្ងៃ​ច័ន្ទ ហើយ​បន្ទាប់​មក​បាន​ចាក​ចេញ​ទៅ​បរិភោគ​អាហារ​ពេល​​ល្ងាច​ភ្លាម​ៗ​តែ​ម្ដង​។

លោក លាង បាន​និយាយ​ថា គ្រួសារ​របស់​លោក ហម មុត បាន​សង្កេត​ឃើញ​ថា គាត់​បាន​បាត់​ខ្លួន​ពី​បន្ទប់​ភ្លាមៗ​បន្ទាប់ពី​វិល​ត្រឡប់​មក​វិញ ប៉ុន្តែ​បាន​សន្និដ្ឋាន​ថា គាត់​បាន​ចាក​ចេញ​ពី​សណ្ឋាគារ​ទៅ​កម្សាន្តកន្លែង​ផ្សេង​ទៀត​។

នៅ​ចុង​ក្រោយ​ដោយ​មិនអាច​ទាក់ទង​លោក ហម មុត បាន​ គ្រួសារ​បាន​ចាប់​ផ្ដើម​ស្វែង​រក​នៅ​ក្នុង​សណ្ឋាគារ​នេះ ដោយ​សង្ឃឹម​ថា​គាត់​នៅ​ទីនោះ។ លោក​ លាង បាន​និយាយ​ថា នៅ​ម៉ោង​ប្រហែល​៥​ព្រឹក​ មាន​ការ​ផ្អើល​អំពី​ជន​រងគ្រោះ​ដែល​បាត់ខ្លួន។​ កូនៗ​សួរ​ម្ដាយ​ថា តើ​ប៉ា​នៅ​ឯណា​?”

ក្រុមអ្នក​ស្វែង​រក​បាន​ប្រទះឃើញ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថរូប​នេះ​ដេក​ផ្កាប់​មុខ​នៅ​ជាន់​ផ្ទាល់​ដី​ត្រង់​ប្រឡោះជណ្ដើរ​យន្ត​ដែល​មិន​ទាន់​សាង​សង់រួចនេះ ដោយ​ស្លៀក​តែ​ខោ​ទ្រនាប់​ខ្មៅ​ប៉ុណ្ណោះ​។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែត គ្រូពេទ្យ​ប្រាប់​ថា គាត់​បាន​ស្លាប់​ហើយ​។

រូប​ភាព​ពី​កាមេរ៉ា​សុវត្ថិភាព​ ដែលគេ​បង្ហោះ​នៅ​តាម​គេហ​ទំព័រ​ព័ត៌មាន​ដើម​អម្ពិល​បង្ហាញ​ថា លោក ហម មុត ចាក​ចេញ​ពី​បន្ទប់​គាត់ ហើយ​បាន​ដើរ​ទៅ​ដើរ​មក​តាម​ផ្លូវ​ដើរ​នៅ​មុខ​បន្ទប់​សណ្ឋាគារ​នេះ ដោយ​ស្លៀក​តែ​ខោ​ទ្រនាប់​ ប៉ុន្តែ​វីដេអូ​នេះ​បាន​ចប់​មុន​ពេល​គាត់​ធ្លាក់​តាម​ប្រឡោះ​ជណ្ដើរ​យន្ត​នោះ។

រូប​ភាព​វីដេអូ​ដែល​ចាប់​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​សណ្ឋាគារ​នេះ​បង្ហាញ​ម៉ោង​៨និង​៤៩​នាទីព្រឹក​ថ្ងៃសៅរ៍ ប៉ុន្តែ​បុគ្គលិក​សណ្ឋាគារ​ឮគេ​និយាយ​ថា ម៉ាស៊ីន​កាមេរ៉ា​នេះ​ដើរ​ខុស​ម៉ោង​។

លោក រ័ត្ន ស៊្រាង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ” អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ការ​ស្លាប់​របស់​វរសេនីយ៍​ទោ​ ហម មុត ប៉ុន្តែ​សម្រាប់​ពេល​នេះ​យើង​អាច​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​គាត់​គឺ​ធ្លាក់​ដោយ​ចៃដន្យ​”។

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដែល​ធ្លាប់​ធ្វើ​​ជា​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ រហូត​ដល់​ឆ្នាំ​មុន​​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​លោក​ ហម មុត អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

លោក រ័ត្ន ស៊្រាង បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ណាស់​ចំពោះ​ការ​បាត់​បង់​សហការី​ដ៏ល្អ​របស់​ខ្ញុំ​ ដែល​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ដ៏ល្អ​សម្រាប់​ប្រជាពល​រដ្ឋ​នៅ​​ក្រុង​ប៉ោយ​ប៉ែត។ សូម្បីតែ​ខ្ញុំ​ឈប់​ធ្វើជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​​ជ័យ​ហើយ​ក៏ដោយ ក៏​សហការី​របស់​ខ្ញុំ និង​ខ្ញុំ​ចាត់​ទុក​គាត់​ជា​បង​ប្អូន​​និង​គ្រួសារ​តែ​មួយ​ដែរ”។

លោក​បានមាន​ប្រសាសន៍​ថា ” វរសេនីយ៍​ទោ ហម មុត គឺ​ជា​កង​រាជ​អាវុធ​ហត្ថ​ជំនាន់​ខ្ញុំ​ និង​ជា​អ្នក​​ដែល​ខ្ញុំ​បង្ហាត់ គាត់​គោរព​វិន័យ​របស់​កង​រាជ​អាវុធ​ហត្ថ​ និង​ធ្វើ​​ការ​ងារ​ល្អ​ក្នុង​តួនាទី​របស់​គាត់​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត”។

លោក ឱក បូរិន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ថ្មី​នៃ​ខេត្ត​បន្ទាយ​មានជ័យ បាន​មាន​​ប្រសាសន៍​ថា លោក​មាន​​ការ​សោក​ស្តាយ​ណាស់​​ចំពោះ​ការ​ស្លាប់​នេះ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា គេ​គួរ​តែ​ដាក់​រនាំង​បាំង​នៅ​មុខ​ច្រក​ចូល​ជណ្ដើរ​យន្ត​នោះ​។

លោក​បានមាន​ប្រសាសន៍​ថា ” យើង​ទាំង​អស់​គ្នា​នៅ​​ទីបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ការ​សោក​ស្ដាយណាស់​ ដោយ​បាន​ឮថា វរសេនីយ៍​ទោ ហម​ មុត បាន​ស្លាប់​។ វា​ជា​ឧបទ្ទវហេតុ ប៉ុន្តែ​វា​ជា​កំហុស​ដ៏ធំ​របស់​ម្ចាស់​សណ្ឋាគារ​ ដែលត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​វរសេនីយ៍ទោ ហម មុត”។

លោក បូរិន បាន​មាន​ប្រសាសន៍​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថក្រោម​បញ្ជា​របស់​លោក​ ហម មុត តែង​តែ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ព្រំដែន​ចូល​មក​ក្រុង​ប៉ោយ​ប៉ែត ដែល​ជា​កន្លែង​ជួញដូរ​គ្រឿង​ញៀន​​៕ គឹមហឿន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស