កម្មករដែលគាំទ្រសម្ព័ន្ធសហជីពចលនាកម្ពុជា បានឃុំខ្លួនមន្ត្រីបីរូបមកពីសហជីពសេរីកម្មករនៅក្នុងរោងចក្រអូសេអង់ (Ocean Garment) ក្នុងរាជធានីភ្នំពេញអស់រយៈពេលប្រាំបីម៉ោងកាលពីម្សិលមិញ បន្ទាប់ពីសហជីពទាំងពីរនេះឈ្លោះគ្នាដណ្ដើមចេញមុខតំណាងឲ្យកម្មករនៅក្នុងវិវាទប្រាក់ខែ។
កម្មករប្រមាណ១.០០០នាក់នៅរោងចក្រអូសេអង់ បានធ្វើការតវ៉ាចាប់តាំងពីចុងខែឧសភាមកម្លេ៉ះ បន្ទាប់ពីរោងចក្រនេះបានផ្អាកប្រតិបត្តិការរយៈពេលមួយខែ ដោយសារតែទទួលបានបញ្ជាទិញតិចតួច ដោយសុខចិត្តបើកប្រាក់ខែឲ្យកម្មករត្រឹមតែ១៥ដុល្លារប៉ុណ្ណោះសម្រាប់រយៈពេលនេះ។ សម្ព័ន្ធសហជីពចលនាកម្ពុជា ជាអ្នកតំណាងឲ្យកម្មករនៅក្នុងវិវាទនេះ ដែលត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីខែមុន បន្ទាប់ពីភាគីទាំងពីរមិនបានឈានដល់ការព្រមព្រៀង។
ទោះជាយ៉ាងណា កាលពីព្រឹកម្សិលមិញមន្ត្រីសហជីពសេរីកម្មករចំនួនប្រាំមួយរូបបានចុះទៅជួបកម្មករតាមផ្ទះនៅជិតបរិវេណរោងចក្រ ដើម្បីផ្ដល់ប្រាក់ឲ្យពួកគេ ប្រសិនបើពួកគេព្រមចុះហត្ថលេខាលើឯកសារបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយរោងចក្រនេះ នេះបើយោងតាមការលើកឡើងរបស់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជា។
លោកបានមានប្រសាសន៍ថា “ពួកគេបានជំរុញកម្មករ ហើយបានប្រាប់ពួកគេថា ប្រសិនបើពួកគេមិនយកប្រាក់នេះមុនពេល [មន្ត្រីសហជីពសេរីកម្មករ] ចាកចេញទេ ពួកគេនឹងមិនទទួលបានអ្វីទាំងអស់”។
លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា សកម្មភាពរបស់សហជីពសេរីកម្មករចុះទៅតាមផ្ទះរបស់កម្មករបានបង្កជាមន្ទិលដល់សមាជិកសម្ព័ន្ធសហជីពចលនាកម្ពុជា នៅរោងចក្រនេះ ដែលបានទៅដល់កន្លែងកើតហេតុ និងចាប់ក្រៀកមន្ត្រីសហជីពសេរីកម្មករបីរូបចូលទៅក្នុងរោងចក្រ ដោយឃាត់ខ្លួនពួកគេធ្វើជាចំណាប់ខ្មាំងរហូតដល់ម៉ោង៥ល្ងាច។
មន្ត្រីសហជីពសេរីកម្មករចំនួនបីរូបទៀតបានរត់ភៀសខ្លួនទាំងការភ័យខ្លាច។ លោកបានមានប្រសាសន៍កាលពីរសៀលម្សិលមិញថា “មន្ត្រីបីរូបកំពុងត្រូវកម្មកររោងចក្រអូសេអង់ ចាប់ឃុំនៅក្នុងរោងចក្រនៅឡើយ ពីព្រោះកម្មករទាំងនេះចង់ដឹងថាលុយនោះជារបស់អ្នកណា។ ប្រសិនបើសហជីពសេរីកម្មករគ្មានសហជីពពាក់ព័ន្ធនៅក្នុងរោងចក្រនេះទេ ពួកគេគួរតែឈប់ជ្រៀតជ្រែកបញ្ហានេះ”។
ចំណែកឯលោក ជា មុនី ប្រធានសហជីពសេរីកម្មករបានមានប្រសាសន៍ថា លោកគ្រាន់តែបញ្ជូនតំណាងឲ្យទៅបើកប្រាក់ជូនកម្មករប្រហែល៤០នាក់ប៉ុណ្ណោះ បន្ទាប់ពីពួកគេសុំឲ្យលោកជួយចរចាក្នុងវិវាទនេះ។ លោកមានប្រសាសន៍ទៀតថា “យើងមិនបានឃុបឃិតជាមួយរោងចក្រទេ ពីព្រោះកម្មករដែលនិយាយថាពួកគាត់ត្រូវការប្រាក់ បានអង្វរករខ្ញុំ។ ប្រសិនបើកម្មករ ឬរោងចក្រមិនបានស្នើមកខ្ញុំទេ ខ្ញុំមិនជួយធ្វើជាតំណាងឲ្យកម្មករទាំងនោះឡើយ។ ខ្ញុំជួយពីព្រោះខ្ញុំមានកម្មករមួយចំនួនដែលគាំទ្រសហជីពរបស់ខ្ញុំកាលពីលើកមុនៗ”។
យោងតាមលោក ហួន វណ្ណា មន្ត្រីសម្ព័ន្ធសហជីពចលនាកម្ពុជា បានឲ្យដឹងថា លោក ម៉ាន់ សេងហាក់ ជំនួយការរបស់លោក ជា មុនី បានបើកប្រាក់ផ្ដាច់សរុប១.២០០ដុល្លារដល់កម្មករប្រាំបីនាក់ មុនពេលគាត់ត្រូវបានចាប់ឃុំខ្លួននៅក្នុងរោងចក្រនេះ៕ សុខុម