បុរសជនជាតិបែលហ្ស៊ិកម្នាក់ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នពីពន្ធនាគារខេត្តកំពតបន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលមួយឆ្នាំក្នុងនាមជាជនសង្ស័យដ៏សំខាន់ក្នុងករណីឃាតកម្មលើភ្ញៀវទេសចរជនជាតិបារាំងនោះបាននិយាយកាលពីថ្ងៃច័ន្ទថា លោកបានវិលត្រឡប់ទៅប្រទេសកំណើតរបស់លោកវិញហើយ។
លោក Oliviervanden Bogaert អាយុ៤១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០១៣ ប្រហែល១០សប្តាហ៍បន្ទាប់ពីសាកសព OphelieBegnis អាយុ២៥ឆ្នាំបានអណ្តែតមកទើនៅមាត់ស្ទឹងកំពត។
កាលពីយប់ថ្ងៃច័ន្ទ បើទោះជាមានការស៊ើបអង្កេតបន្តលើការធ្វើឃាត Ophelie Begnis ក៏ដោយ ក៏លោក vanden Bogaert បានលើកឡើងតាមអីុម៉េលថាលោកបានត្រឡប់ទៅប្រទេសបែលហ្ស៊ិកវិញហើយ។ ជនសង្ស័យនៅក្នុងរឿងក្តីមនុស្សឃាតនេះបានបដិសេធមិននិយាយថា តើលោកអាចចាកចេញពីប្រទេសនេះដោយវិធីណានោះឡើយ។
នគរបាលនិងមន្ត្រីតុលាការបានលើកឡើងកាលពីម្សិលមិញថា អាជ្ញាធរបានរក្សាទុកលិខិតឆ្លងដែនរបស់លោក vanden Bogaert ប៉ុន្តែគ្មាននរណាម្នាក់បញ្ជាក់ច្បាស់ថា អាជ្ញាធរមួយណារក្សាទុកលិខិតឆ្លងដែននោះទេ។
លោក ឃុន លាងម៉េង ចៅក្រមសាលាឧទ្ធរណ៍ ដែលកាលពីខែមេសាបានបង្គាប់ឲ្យដោះលែងលោក vanden Bogaert ដោយសារខ្វះភ័ស្តុតាងនោះបានមានប្រសាសន៍ថា សាលាដំបូងខេត្តកំពតទទួលខុសត្រូវក្នុងការរក្សាទុកលិខិតឆ្លងដែននេះ។
មុនដាក់ទូរស័ព្ទអ្នកយកព័ត៌មានចុះ លោកចៅក្រម លាងម៉េង បានមានប្រសាសន៍ថា “ចៅក្រមស៊ើបសួរបានដកហូត [លិខិតឆ្លងដែនរបស់លោក vanden Bogaert រួចហើយ]”។
លោក ហង្ស សុគន្ធវឌ្ឍនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានមានប្រសាសន៍ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានដកយកឯកសារធ្វើដំណើររបស់ជនសង្ស័យរូបនេះទុក។ លោកបានមានប្រសាសន៍ថា ” ព្រះរាជអាជ្ញាបានដកយកលិខិតឆ្លងដែនរួចហើយ”។ ប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិតពីអ្វីដែលលោកលើកឡើងថា ជា”ការស៊ើបអង្កេតសម្ងាត់របស់តុលាការ”។
ទោះជាយ៉ាងណា លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកមិនដឹងអំពីរឿងក្ដីលោក vanden Bogaert ទេ ហើយបានបង្វែរសំណួរទាំងអស់ទៅសាលាឧទ្ធរណ៍។
នគរបាលខេត្តកំពតបានលើកឡើងកាលពីសប្ដាហ៍មុនថា ពួកគេមិនមានភ័ស្តុតាងដាក់បន្ទុកលើលោក vanden Bogaert ទេ ហើយថា ពួកគេនៅតែស្វែងរកជនបរទេសសក់ក្រហមម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ ប៉ុន្តែបានបដិសេធមិននិយាយលម្អិតបន្ថែមឡើយ។
កាលពីខែមីនា នគរបាលបារំាងមួយក្រុម រួមទាំងអ្នកជំនាញផ្នែកកោសល្យវិច័យផងបានធ្វើដំណើរទៅខេត្តកំពត ដើម្បីប្រមូលសំណាកDNA បន្ទាប់ពីមានពាក្យបណ្ដឹងប្ដឹងទៅរដ្ឋាភិបាលបារាំងពីក្រុមគ្រួសារ Ophelie Begnis ។ មិនមានព័ត៌មានអំពីការធ្វើតេស្ត DNA ឬតម្រុយផ្សេងទៀតឡើយ។
លោក Nicolas Baudouin លេខាទី១នៅស្ថានទូតបារាំង បានមានប្រសាសន៍ថា ខណៈដែលរឿងក្ដីនេះនៅតែបើកចំហក្នុងប្រទេសបារាំងនោះ នគរបាលមូលដ្ឋាននៅតែជាអ្នកទទួលបន្ទុករឿងក្តីនេះ។ លោកបានមានប្រសាសន៍ថា ” ស្ថានទូតមិនទទួលបន្ទុករឿងក្ដីនេះទេ។ វាអាស្រ័យលើនគរបាលកម្ពុជា និងចៅក្រមស៊ើបសួរ ដែលត្រូវយកចិត្តទុកដាក់រឿងនេះ៕ សារុន