41.3 C
Phnom Penh

របាយការណ៍​​​របស់​​​ក្រសួង​​​ឧស្សាហ​​​កម្ម​​​ និង​​​​​​សិប្បកម្ម​​​បង្ហាញ​​​ថា ​​​ចំនួន​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​កើន​​​ឡើង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​អះ​​​អាង​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយខែ​​​​មក​​​នេះ​​​ ដែល​​​លើក​​​ឡើង​​​ថា វិស័យ​​​កាត់​​​ដេរ​​​កំពុង​​​តែ​​​ជួប​​​បញ្ហា​​​ជាច្រើន​​​ក្រោយ​​​ពី​​​មាន​​​ការ​​​តវ៉ា​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ដែល​​​ត្រូវ​​​បាន​​​បង្ក្រាប​​​ដោយ​​​ហិង្សា​​​កាល​​​ពី​​​ខែ​​​មករា​​​ ហាក់​​​ដូ​​​ច​​​ជា​​​ផ្ទុយ​​​គ្នា​​​ទៅ​​​នឹង​​​តួ​​​លេខ​​​ថ្មី​​​របស់​​​ក្រសួង​​​ឧស្សាហកម្ម​​​ និង​​​សិប្ប​​​កម្ម​​​ដែល​​​បង្ហាញ​​​ពី​​​កំណើន​​​រឹង​​​មាំ​​​នៅ​​​ឆ្នាំ​​​នេះ​​​នៅ​​​ក្នុង​​​​​​ឧស្សាហកម្ម​​​កាត់​​​ដេរ ដែល​​​រក​​​ចំណូល​​​បាន​​​ប្រមាណ​​​៥ពាន់​​​​​​​លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​។

តួ​​​លេខ​​​នេះ​​​បង្ហាញ​​​ពី​​​ការ​​​កើន​​​ឡើង​​​៨​​​ភាគ​​​រយ​​​នូវ​​​ចំនួន​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ដែល​​​បាន​​​ចុះ​​​បញ្ជី​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​នៅ​​​ដើម​​​ឆ្នាំ​​​នេះ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ ដែល​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កើន​​​ឡើង​​​រហូតដល់​​​១.២០០​​​រោង​​​ចក្រ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​ការ​ឲ្យ​​​ដឹង​​​ពី​​​លោក ហួត ផេង ប្រធាន​​​នាយក​​​ដ្ឋាន​​​ចុះ​​​បញ្ជី​​​នៃ​​​ក្រសួង​​​ឧស្សា​​​ហ​​​កម្ម​​​ និង​​​សិប្បកម្ម​​​។ លោក​​​ ហួត ផេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បច្ចុប្បន្ន​​​នេះ​​​កម្មករ​​​កាត់ដេរ​​​​​​មាន​​​ចំនួន​​​៧៣៣.៣០០​​​នាក់​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​ពី​​​ចំនួន​​​៦៧៧.៦០០​​​នាក់​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

​​​លោក​​​មាន​​​ប្រសាសន៍​​​ថា ” រដ្ឋាភិបាល​​​កំពុង​​​តែ​​​បង្ហាញ​​​ពី​​​ជោគ​​​ជ័យ​​​​​​ធំ​​​ធេង​​​នៅ​​​ក្នុង​​​ការ​​​ងារ​​​របស់​​​ខ្លួន”។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ចំនួន​​​រោង​​​ចក្រ​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​ក៏​​​កំពុង​​​តែ​​​កើន​​​ឡើង​​​ជា​​​លំដាប់​​​ដែរ ដោយសារ​​​តែ​​​គោល​​​នយោបាយ​​​របស់​​​រដ្ឋាភិបាល​​​ ដែល​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​វិនិយោគ​​​នៅ​​​ខាង​​​ក្រៅ​​​តំបន់​​​កណ្តាល​​​ក្រុង និង​​​ការ​​​វិនិយោគ​​​លើ​​​ផលិត​​​កម្ម​​​ប្រើ​​​បច្ចេក​​​​​​វិទ្យា​​​ទំនើប​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ពី​​​មុន​​​កម្មករ​​​សម្រុក​​​ទៅ​​​រក​​​ការ​​​ធ្វើ​​​នៅ​​​តាម​​​​​​​​​​​​​​​​​​​​​​​រោង​​​ចក្រ​​​នៅ​​​ក្នុង​​​ក្រុង​​​ ប៉ុន្តែ ពេល​​​នេះ​​​យើង​​​ឃើញ​​​រោង​​​ចក្រ​​ថ្មី​​​ៗ​​​បើ​​​ក​​​ដំណើរ​​​ការ​​​រៀង​​​រាល់​​​ថ្ងៃ​​​​​​នៅ​​​តាម​​​តំបន់​​​ជន​​​បទ​​​ក្នុង​​​បណ្តា​​​ខេត្ត​​​”។

ប៉ុន្តែ លោក​​​ កែន លូ អគ្គលេខា​​​ធិការ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ (GMAC) បាន​​​ព្រមាន​​​ចំពោះ​​​ការ​​​បក​​​ស្រាយ​​​អំពី​​​ការ​​​កើន​​​ឡើង​​​ចំនួន​​​ចុះ​​​បញ្ជី​​​រោង​​​ចក្រ​​​ថ្មី​​​ៗ អំឡុង​​​ពេល​​​នេះ​​​ ថា​​​ជា​​​សញ្ញា​​​បង្ហាញ​​​ថា ឧស្សា​​​ហកម្ម​​​កាត់​​​ដេរ​​​បាន​​​ចៀ​​​ស​​​ផុត​​​​​​​​​ពី​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ធ្ងរ​​​បង្ក​​​ឡើង​​​ដោយ​​​កូដ​​​កម្ម​​​កាល​​​ពី​​​ខែ​​​មករា។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា  “មាន​​​ការ​​​ងារ​​​ជាច្រើន​​​ដែល​​​​​​​​ចាំ​​បាច់​​​ត្រូវ​​​ធ្វើ​​​​​​​​​​​​ មុន​​​ពេល​​​ដំណើរ​​​ការ​​​ចុះ​​​បញ្ជី​​​​​​រោង​​​ចក្រ​​​ថ្មី​​​ៗ ដែល​​​មាន​​​ន័យ​​​ថា ពួក​​​គេ​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ធ្វើ​​​ផែនការ​​​ មុន​​​ពេល​​​ផ្ទុះ​​​កូដកម្ម​​​”។ លោក​​​បាន​​​បន្ត​​​​​​ថា បណ្តា​​​វិនិយោគិន​​​ផ្លាស់​​​ប្តូរ​​​ទីតាំង​​​ទៅ​​​តាម​​​ខេត្ត​​​​​​ គឺ​​​ដើម្បី​​​ចៀស​​​វាង​​​​​​ថ្លៃ​​​ជួល​​​ខ្ពស់​​​​​​នៅ​​​ក្នុង​​​តំបន់​​​ឧស្សាហកម្ម​​​ក្នុង​​​​​​ក្រុង​​​។ ​​​​​​​​​​​​​​​

លោក​​​មាន​​​ប្រសាសន៍​​​ថា ផល​​​ប៉ះពាល់​​​ពិត​​​ប្រាកដ​​​នៃ​​​ចលាចល​​​ក្នុង​​​​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​ នឹង​​​ចាប់​​​ផ្តើម​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​នៅ​​​ប៉ុន្មាន​​​ខែ​​​ខាង​​​មុខ​​​នេះ នៅ​​​ពេល​​​ការ​​​បញ្ជា​​​ទិញ​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជាក់​​​មុន​​ពេល​​​ស្ថានភាព​​​ចលាចល​​​បាន​​​ចាប់​​​ផ្តើម​​​​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា ចាប់​​​ផ្តើម​​​អស់​​​ ហើយ​​​ស្ថានភាព​​​នេះ​​​នឹង​​​ត្រូវ​​​លាត​​​ត្រដាង​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” ជា​​​ការ​​​ពិត​​​ណាស់​​​យើង​​​ដឹង​​​​​​ហើយ​​​ថា ការ​​​បញ្ជា​​​ទិញ​​​កំពុង​​​ធ្លាក់​​​ចុះ​​​។ នោះ​​​​​​ជា​​​មូល​​​ហេតុ​​​ដែល​​​រយៈ​​​ពេល​​​បី​​​ទៅ​​​ប្រាំ​​​មួយ​​​ខែ​​​ក្រោយ​​​ មាន​​​សារៈសំខាន់​​​ខ្លាំង​​​ ​​​ដោយ​​​សារ​​​ការ​​​បញ្ជា​​​ទិញ​​​ជាច្រើន​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​វិញ​​​ជា​​​បណ្តោះ​​​អាសន្ន​​​ ហើយ​​​ត្រង់​​​ថា ពួកគេ​​​​​​ត្រឡប់​​​មក​​​វិញ​​​ឬ​​​អត់​​​នឹង​​​បង្ហាញ​​​ថា តើ​​​មាន​​​ទីផ្សារ​​​សម្រាប់​​​ក្រុម​​​ហ៊ុន​​​ថ្មីៗ​​​ឬ​​​យ៉ាង​​​ណា”។

ខណៈ​​​ពេល​​​ដែល​​​ទស្សន​​​វិស័យ​​​​​​នេះ​​​ នៅ​​​តែ​​​មាន​​​ភាព​​​មិន​​​ប្រាកដប្រជា​​​ លោក​​​ កែន លូ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ទប់​​​ស្កាត់​​​កូដ​​​កម្ម​​​ខុស​​​ច្បាប់​​​ដែល​​​បាន​​​កើត​​​ឡើង​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​នៅ​​​ឆ្នាំ​​​មុន គួរ​​​តែ​​​ជា​​​បញ្ហា​​​អាទិភាព​​​របស់​​​​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ទាក់​​​ទាញ​​​ឲ្យ​​​វិនិយោគ​​​ិន​​​មាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​វិញ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” ប្រសិនបើ​​​ យើង​​​​​​បាន​​​ត្រៀម​​​ខ្លួន​​​ឲ្យ​​​បាន​​​ល្អ​​​ ​​អ្នក​​​​​​ទិញ​​​​​​​​នឹង​​​ត្រឡប់​​​មក​​​វិញ​​​។

លោក​​​ មឿន​​​ តុលា​​​ ប្រធាន​​​កម្មវិធី​​​ការ​​​ងារ​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហ​​​គមន៍​​​បាន​​​យល់​​​ស្រប​​​ថា តួ​​​លេខ​​​ថ្មី​​​នេះ​​​មិន​​​​​​បង្ហាញ​​​ថា ឧស្សាហកម្ម​​​កាត់​​​ដេរ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ល្អ​​​នោះ​​​ទេ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា កូដ​​​កម្ម​​​គឺជា​​​រោគ​​​សញ្ញា​​​នៃ​​​ប្ញសគល់​​​នាំ​​​ឲ្យ​​​មាន​​​អស្ថិ​​​រ​​​ភាព។ លោក​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​មើល​​​មិន​​​ឃើញ​​​ថា ឧស្សា​​​ហ​​​កម្ម​​​កាត់​​​ដេរ​​​កំពុង​​​ស្ថិត​​​​​​ក្នុង​​​ស្ថានភាព​​​ល្អ​​​នោះ​​​ទេ ប៉ុន្តែ GMAC មិន​​​គួរ​​​ទម្លាក់កំហុស​​​លើ​​​​​​កូ​​​ដ​​​កម្ម​​​​ពាក់​ព័ន្ធ​នឹង​ប្រាក់​​​ខែ​​​គោល​​​ដ៏​​​ទាប​​​ និង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​អន់​​​នោះ​ទេ​”។

ការ​​​ស្រាវ​​​ជ្រាវ​​​ផ្ទាល់​​​របស់​​​រដ្ឋាភិបាល​​​បាន​​​បង្ហាញ​​​ថា ប្រាក់​​​ខែ​​​គោល​​​នា​​​ពេល​​​បច្ចុប្បន្ន​​​​​​១០០​​​ដុល្លារ ​​​គឺ​​​តិច​​​ជាង​​​ប្រាក់​​​ខែ​​​អាច​​​រស់​​​បាន​​​​​​យ៉ាង​​​ហោច​​​ណាស់៦០​​​ដុល្លារ​​​ ប៉ុន្តែ និយោជក​​​លើក​​​ឡើង​​​ថា នៅ​​​ពេល​​​បូក​​​បន្ថែម​​​​​​អត្ថ​​​ប្រយោជន៍​នានា​​​​​ និង​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ចូល​​​គ្នា​​​ ​​​កម្មករ​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​​​អ្វី​​​ដែល​​​ច្បាប់​​​បាន​​​កំណត់​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា ក្រុមហ៊ុន​​​សម្លៀ​​​ក​​​បំពាក​​​់​​​លំដាប់​​​ពិភព​​​លោក​​​​​​មួយ​​​ចំនួន​​​ ដែល​​​បញ្ជា​​​ទិញសម្លៀក​​​បំពាក់​​​ពី​​​កម្ពុជា​​​ និយាយ​​​ថា ពួក​​​​​​គេ​​​នឹង​​​ឧបត្ថម្ភ​​​គាំទ្រ​​​ដល់​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​កម្មករ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ភាគ​​​ី​​ពាក់​​​ព័ន្ធ​​​បង្កើត​​​យន្តការ​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​​​​ថ្មី​​​ឲ្យ​​​បាន​​​ឆាប​​​់​​​រហ័ស​​​។  “[ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់]​​​​​​​​​​​​ ​​​មិន​​​គាំទ្រ​​​ប្រាក់​​​ខែ​​​គោល​​​​​​​​​នេះ​​​ទេ​​​ ពីព្រោះ​​​ពួកគេ​​​យល់​​​ថា វា​​​ជា​ប្ញសគល់​​​បង្ក​​​ឲ្យ​​​មាន​​​ [ចលាចល] ហើយ​​​ថា ដរាប​​​ណា​​​ គ្មាន​​​ការ​​​​​​ដោះ​​​ស្រាយ​​​ទេ​​​នោះ ទំនាក់​​​ទំនង​​​វិជ្ជាជីវៈ​​​ទំនង​​​ជា​​​នឹង​​​មិន​​​ប្រសើរ​​​ឡើយ​​​”៕

​​​​​​​​​​​​

​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស