បន្ទាប់ពីការចាកចេញដ៏គំហុកនៃពលករចំណាកស្រុកខ្មែរពីប្រទេសថៃកាលពីខែមុន អង្គការទស្សនៈពិភពលោក (World Vision) បានឲ្យដឹងថា ចំនួនកុមារដ៏ច្រើនបានវង្វេង និងបានបែកពីឪពុកម្ដាយរបស់ពួកគេនៅព្រំដែន។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីម្សិលមិញ អង្គការនេះក៏បានឲ្យដឹងដែរថា ជាថ្មីម្ដងទៀត កុមារជាច្រើនបានត្រឡប់ចូលប្រទេសថៃដោយខុសច្បាប់ជាមួយគ្រួសាររបស់ខ្លួន ដោយធ្វើឲ្យពួកគេងាយរងគ្រោះ និងគ្មានឯកសារ។
លោក ចាសុន អុីវ៉ាន នាយកអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “បុគ្គលិករបស់យើងដែលធ្វើការនៅបណ្ដោយព្រំដែន បានរាយការណ៍អំពីជនចំណាកស្រុកជាច្រើនក្រុមដែលធ្វើដំណើរត្រឡប់ចូលប្រទេសថៃវិញ ដោយមិនរង់ចាំការធ្វើឯកសារស្របច្បាប់ ព្រោះគិតថា ដំណើរការធ្វើឯកសារនឹងប្រើពេលយូរ”។
លោក អុីវ៉ាន បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍នោះថា “ក៏ប៉ុន្តែកង្វល់ជាចម្បងរបស់យើង គឺចំពោះកុមារដែលទៅជាមួយ ពួកគេត្រូវប្រឈមនឹងហានិភ័យកាន់តែខ្លាំង ព្រោះត្រូវនាំចូលប្រទេសមួយផ្សេងដោយគ្មានឯកសារ និងគ្មានការការពារ”។ លោកបានមានប្រសាសន៍ថា ជាធម្មតាក្មេងទទួលបានផលប្រយោជន៍ជាច្រើនពីការស្នាក់នៅជាមួយក្រុមគ្រួសារសាច់ញាតិក្នុងប្រទេសកម្ពុជា ជាទីដែលពួកគេមានសុវត្ថិភាពជាង និងបានទៅរៀនសូត្រ។
សេចក្ដីថ្លែងការណ៍ដដែលឲ្យដឹងទៀតថា ” ចេញពីបទពិសោធន៍របស់យើងនៃការឆ្លើយតបទៅនឹងការចាកចេញពលករដ៏គំហុកនៅច្រកព្រំដែនប៉ោយបែ៉តកាលពីខែមុន យើងបានជួបប្រទះករណីជាច្រើននៃក្មេងវង្វេងឪពុកម្ដាយ គឺក្មេងដែលរកឪពុកម្ដាយរបស់វាមិនឃើញ ខណៈដែលពួកគេចេញពីប្រទេសថៃ។ ប្រសិនបើឪពុកម្ដាយបន្តធ្វើចំណាកស្រុកជាធម្មតានោះ ក្មេងៗនឹងបន្តបែកចេញពីឪពុកម្ដាយរបស់ពួកគេ”។
លោក ស៊ុន សំអាត នាយនគរបាលអន្តោប្រវេសន៍ក្រុងបោ៉យប៉ែត បានមានប្រសាសន៍ថា ក្មេង២៤នាក់ស្ថិតក្នុងចំណោមក្មេងខ្មែរ៤២០នាក់ត្រូវបានប្រមូលនៅប្រទេសថៃ ហើយត្រូវបានបញ្ជូនមកព្រំដែនកាលពីម្សិលមិញ។ លោកបានឲ្យដឹងទៀតថា “ខ្ញុំមិនដឹងថា ច្រកព្រំដែនណាដែលពួកគេបានប្រើដើម្បីចូលទៅទេ ប៉ុន្តែពួកគេត្រូវបានបញ្ជូនមកវិញតាមច្រករបស់ខ្ញុំ។ ពួកគេបានចាញ់បោកមេខ្យល់”។
ខណៈដែលលោក សំអាត បានឲ្យដឹងថា ពលរដ្ឋខ្មែររាប់ពាន់នាក់កំពុងធ្វើដំណើរចូលប្រទេសថៃវិញរាល់ថ្ងៃនោះ មានចំនួនតិចតួចប៉ុណ្ណោះជាកុមារ។ លោកបានមានប្រសាសន៍ថា ” ក្មេងពីរទៅបីនាក់មានលិខិតឆ្លងដែន ក៏ឆ្លងព្រំដែនរាល់ថ្ងៃដែរ”៕ មានិត