33 C
Phnom Penh

មន្ត្រី​កង​រាជ​អាវុធ​ហត្ថចោទ​ប្រកាន់​អភិបាលរង​រាជធានី​ពីបទ​មនុស្សឃាតដោយអចេតនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជ្រាង សុផាន់ អភិបាល​រង​រាជ​ធានីភ្នំពេញ ជា​ម្ចាស់​សណ្ឋាគារ​កន្លែងដែល​លោក ហម មុត មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ស្លាប់​បន្ទាប់ពី​ធ្លាក់​តាម​ប្រឡោះ​ជណ្ដើរ​យន្ត​ដែល​មិនទាន់​សាង​សង់​រួចនោះ កាលពី​ម្សិលមិញ​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ចោទ​​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ ហើយ​បានបញ្ជូន​សំណុំរឿង​នេះ​ទៅ​សាលា​ដំបូង​រាជ​ធានី។

លោក ហម មុត ​អាយុ​៣៩​ឆ្នាំ​បាន​ធ្លាក់ពី​លើ​ជាន់ទី៤​ស្លាប់​ បន្ទាប់ពី​ត្រឡប់​មកពី​ដើរ​កម្សាន្ត​ពេល​យប់នៅ​ប្រហែល​ម៉ោង​៣​រំលង​អធ្រាត្រ​​ ទៅ​ដល់​សណ្ឋាគារ MidlandHotel ​ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួល​គោក។ លោក​ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​នៅ​បាត​ប្រឡោះ​ជណ្ដើរ​យន្ត​ បន្ទាប់ពី​ក្រុម​គ្រួសារ​របស់​លោក​ដឹង​ថា លោក​បាន​បាត់​ពី​បន្ទប់​។

លោកវរសេនីយ៍​ឯក ប៉ុល ដាវី មេបញ្ជាការ​រង​កង​រាជអាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​នេះ​បាន​ចប់ហើយ​កាល​ពីម្សិលមិញ ហើយ​ថា សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចោទ​ម្ចាស់​សណ្ឋាគារ​ពី​បទ​មនុស្ស​ឃាត​ដោយអចេតនា​តាម​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក ប៉ុល ដាវី​ បាន​មាន​ប្រសាសន៍​ថា “ម្ចាស់​សណ្ឋាគារ​ គឺ​លោក ជ្រាង សុផាន់ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​”។ លោក​បាន​ពន្យល់​ប្រាប់​ថា កង​រាជអាវុធ​​​ហត្ថ​ជឿ​ថា ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​បុគ្គលិក​សណ្ឋាគារ​មិន​បាន​ដាក់​រនាំង​បាំង​ប្រឡោះ​ជណ្ដើរ​យន្ត​ដែល​មិន​ទាន់​សាង​សង់​រួចនេះ។ លោក​បានមាន​ប្រសាសន៍​ថា “វា​មិន​មែន​ជា​ករណី​មនុស្ស​ឃាត​ទេ”។

លោកវរសេនីយ៍​ឯក ប៉ុល ដាវី បាន​បន្ថែមថា ឥឡូវ​នេះ លោក សុផាន់ កំពុង​ដោះ​ស្រាយ​រឿង​នេះ​ជាមួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ប៉ុន្តែ​ ទោះ​ជា​យ៉ាង​ណា សំណុំ​រឿង​ដែល​​កង​រាជ​អាវុធ​ហត្ថ​បាន​ធ្វើ​​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ហើយ។

នៅពេល​ទាក់​ទង​តាមទូរស័ព្ទ​ លោក ជ្រាង សុផាន់ ដែល​ជា​អភិបាល​រង​រាជ​ធានី​ទទួល​បន្ទុក​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម​ និង​សំណង់ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ចោទ​ប្រកាន់ពី​បទ​មនុស្ស​ឃាត​​​ដោយអចេតនា​នេះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ” លោក​​មិន​មែន​ជា​អាជ្ញា​​​ធរ​ដែល​គេ​ចាត់​តាំង​ឲ្យ​មក​សួរ​ខ្ញុំ​បែប​នេះ​ទេ។ តើ​មន្ត្រីកង​រាជ​អាវុធ​ហត្ថ​រូប​ណា​និយាយ​បែប​នេះ?។ សូម​ឲ្យ​គាត់​ទូរស័ព្ទ​មក​ខ្ញុំ​”។ លោក ជ្រាង សុផាន់ បាន​បន្ត​ថា “​ ការ​ចោទ​ប្រកាន់​បែប​នេះ​គ្រាន់តែ​ជាបញ្ហាដែល​កាសែត​ ខេមបូឌា ដេលី បាន​លើក​ឡើងតែ​ប៉ុណ្ណោះ។​លោក​មិន​​អាច​ទូរស័ព្ទ​មក​សួរ​​ចម្លើយ​ខ្ញុំ​បាន​ទេ”។

តាម​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ។​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​គឺ​ជា​អំពើ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ដោយៈ ​ការ​ធ្វេស​ប្រហែស​ ការ​មិន​ប្រុង​ប្រយ័ត្ន ឬការ​ខ្ជីខ្ជា” ឬតាម​រយៈ​ ” ការ​បំពាន​លើ​កាតព្វកិច្ច​សន្តិសុខ​ ឬ​កាតព្វកិច្ច​ប្រុង​ប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ​”។

លោក ហម មុត ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​សណ្ឋាគារ Midland បន្ទាប់​​ពី​ម៉ោង​៥​ទៀបភ្លឺថ្ងៃអង្គារ ដោយ​ស្លៀក​តែ​ខោ​ទ្រនាប់ពណ៌ខ្មៅ​​ប៉ុណ្ណោះ។ រូបភាព​វីដេអូ​តាមរយៈ​កាមេរ៉ាសុវត្ថិភាព​​ ដែល​បង្ហោះនៅ​ក្នុង​គេហទំព័រ​ព័ត៌មាន​ដើម​អម្ពិលនៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​បាន​បង្ហាញ​ថា គាត់​បានដើរ​ចេញ​ពីបន្ទប់​របស់​គាត់​​ដោយស្លៀក​តែ​ខោ​ទ្រនាប់ ហើយ​បន្ទាប់​មក​បាន​ដើរ​តាម​ច្រក​ផ្លូវ​ដើរ​នៅ​សណ្ឋាគារ​នេះ។

រូប​ភាព​វីដេអូ​នេះ​មិន​បាន​បង្ហាញ​ពេល​គាត់​ធ្លាក់​ចូល​ក្នុងប្រឡោះ​ជណ្ដើរ​យន្ត​ដែល​មិន​ទាន់​សាង​សង់​រួចនោះ​ទេ ហើយ​ម៉ោង​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព​នោះ គឺ​ម៉ោង​៨​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ ប៉ុន្តែ​បុគ្គលិកសណ្ឋាគារបាន​និយាយ​ថា រូបភាព​វីដេអូ​របស់លោក ហម មុត គឺ​កើត​ឡើង​កាល​ពីព្រឹក​ថ្ងៃ​អង្គារ​ គឺមុន​ពេល​គាត់​ស្លាប់​បន្តិច។

បុរស​ម្នាក់​ដែល​លើក​ទូរស័ព្ទ​លោក ហម មុត កាលពី​ម្សិលមិញ បាន​និយាយ​ថា ពិធី​បុណ្យ​សពលោក​មេបញ្ជាការ​បាន​ធ្វើឡើង​នៅ​ផ្ទះ​របស់​លោក​ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហើយ​ថា សាក​សពរបស់​លោក​នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​អាទិត្យ​។

បុរស​រូ​ប​នេះដែល​អះអាង​ថា ជា​សហការី​របស់លោក ហម មុត ប៉ុន្តែ​បាន​ប្រាប់​តែ​ឈ្មោះ​ហៅក្រៅ​ថា ត្រដោក នោះ បាន​និយាយ​ពី​ពិធីបុណ្យ​សព​ថា លោក​ ហម មុត តែ​ង​តែ​មក​ស្នាក់​នៅ​សណ្ឋាគារ​ Midland នៅ​ពេល​លោក​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ៕​គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ ផាន់ អាណា​)​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស