កម្មករប្រមូលសំរាមក្នុងរាជធានីភ្នំពេញ បានបញ្ចប់កូដកម្មរបស់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានសន្យាថា នឹងដំឡើងប្រាក់ខែ ដោយនៅសល់ពេលពីរថ្ងៃដើម្បីបោសសម្អាតនៅតាមដងផ្លូវមុនពេលព្រះរាជពិធីនៅថ្ងៃសុក្រដង្ហែព្រះបរមអដ្ឋិរបស់ព្រះបរមរតនកោដ្ឋសម្ដេចឪ នរោត្ត សីហនុ យកទៅតម្កល់។
លោក ងួន ស៊ីផេង នាយកប្រតិបត្តិក្រុុមហ៊ុនស៊ីនទ្រី ដែលមានសិទ្ធិផ្ដាច់មុខប្រមូលសំរាមក្នុងរាជធានីបានមានប្រសាសន៍ថា ក្រុមហ៊ុនបានយល់ព្រមដំឡើងប្រាក់ខែ១០ដុល្លារដល់កម្មករប្រមូលសំរាមចាប់ពីខែសីហាទៅ ដោយធ្វើឲ្យកម្មករដែលមានប្រាក់ខែទាបបំផុតឡើងដល់១០០ដុល្លារ។
អ្នកបោសសម្អាតផ្លូវ អ្នកបើកបររថយន្ត និងជាងជួសជុលរថយន្តដែលទទួលបានប្រាក់ខែលើសពី១០០ដុល្លារហើយនោះ នឹងទទួលបានការដំឡើងប្រាក់ខែ៥ដុល្លារ។
លោក ស៊ីផេង បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ីនទ្រីដែលមានការបារម្ភអំពីគំនរសំរាមនៅជិតព្រះបរមរាជវាំងមុនព្រះរាជពិធីនៅថ្ងៃសុក្រនោះ បានដាក់កម្មករបន្ថែមនៅខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោក។
លោក ស៊ីផេង បានមានប្រសាសន៍ថា ” យើងដឹងថា សំរាមគឺជាបញ្ហាដ៏ធំដែលត្រូវដោះស្រាយ ដោយសារវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងរាជធានី ជាពិសេសវាកៀកនឹងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះបរមរតនកោដ្្ឋយកទៅតម្កល់ផង”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា សន្តិសុខខណ្ឌដែលកាលពីថ្ងៃអង្គារត្រូវបានបញ្ជូនឲ្យទៅប្រមូលសំរាម ព្រមទាំងមន្ត្រីក្រុងថ្នាក់ក្រោមមួយចំនួនទៀតនឹងបន្តប្រមូលសំរាមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក ឡុង ឌីម៉ង់ ដែលកាលពីខែតុលាឆ្នាំមុន បានមានប្រសាសន៍ថា កិច្ចសន្យារវាងក្រុមហ៊ុនស៊ីនទ្រី និងសាលារាជធានីចាំបាច់ត្រូវពិនិត្យឡើងវិញ ហើយលោកបានព្រមានកាលពីម្សិលមិញថា នឹងលុបចោលកិច្ចសន្យានេះ ប្រសិនបើ ” ក្រុមហ៊ុននេះមិនធ្វើតាមកាតព្វកិច្ចក្នុងកិច្ចសន្យា [នាពេលអនាគត]” ទេនោះ។
លោក ប្រាក់ សុខា តំណាងកម្មករបានមានប្រសាសន៍ថា កូដកម្មបានបញ្ចប់ហើយ បើទោះជាក្រុមហ៊ុនបដិសេធមិនផ្ដល់ប្រាក់ថ្លៃជួលផ្ទះ ធានារ៉ាប់រងសុខភាព និងថ្លៃធ្វើដំណើរសរុបចំនួន៣៥ដុល្លារក៏ដោយ។ លោកបានមានប្រសាសន៍ថា ” កម្មករបានបញ្ឈប់កូដកម្មរបស់ខ្លួន ពីព្រោះពួកគេទទួលបានការផ្ដល់ឲ្យប្រសើរជាង [កាលពីដើមសប្ដាហ៍] ហើយក្រុមហ៊ុនមិនអាចផ្ដល់ឲ្យច្រើនជាងនេះបានទេ”។
ទោះជាយ៉ាងណា អ្នកស្រី ខៀវ ណេត អាយុ២៨ឆ្នាំ ជាអ្នកប្រមូលសំរាមបាននិយាយថា គាត់ខកចិត្តនឹងដំណោះស្រាយនេះណាស់។ អ្នកស្រីបាននិយាយថា ” ខ្ញុំគិតថា ប្រាក់នេះមិនគ្រប់គ្រាន់សម្រាប់កម្មករទេ ប៉ុន្តែខ្ញុំត្រូវបង្ខំចិត្តទទួលយកការព្រមព្រៀងរវាងភាគីទាំងពីរ”៕ សារុន