28 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​​​​និយាយ​​​ការពារ​​​ប្រាក់​​​រង្វាន់​​លើក​​​ទឹក​​​ចិត្ត​​​យ៉ាង​​​​​​ច្រើន​​​សម្រាប់​​​ខ្លួន​​​ឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ (ACU) បាន​​​បង្ហោះ​​​​​​​​​លើ​​​គេ​​​ហទំព័រ​​​របស់​​​ខ្លួន​​​នូវ​​​ឯកសារ​​​បួន​​​ទំព័រ​​​ ដែល​​​បញ្ជាក់​​​ពីការ​​​ឆ្លើយ​​​តប​​​របស់​​​​​​​​​លោក ត្រាំ អីុវ​​​តឹក​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារ​​​ណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​ ទៅ​​​នឹង​​​ពាក្យ​​​បណ្តឹង​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​ក្រសួង​​​របស់​​​លោក​​​ រួម​​​ទាំង​​​ពាក្យ​​​បណ្តឹង​​​ដែល​​ចោទ​​​​​​ថា លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ផ្តល់​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ច្រើន​​​ហួស​​​ហេតុ​​​សម្រាប់​​​ខ្លួន​​​ឯង​​​ផង​​​ដែរ​​​។ 

ACU បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​ឯកសារ​​​នេះថា ខ្លួន​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​មួយ​​​ចំនួន​​​​​​ដែល​​​ចោទ​​​ប្រកាន់​​​​​​ថា មន្ត្រី​​​ជាន់​​​ខ្ពស់​​​រួម​​​​​​ទាំង​​​លោក ត្រាំ​​​ អីុវ​​​តឹក​​​ ផង ​​​បាន​​​បំពាន​​​ប្រព័ន្ធ​​​ផ្តល់​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ផ្អែក​​​លើ​​​​​​​​​គុណ​​​សម្បត្តិ​​​ការ​​​ងារ ដើម្បី​​​ផ្តល់​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​ខ្លួន​​​ឯង​​​យ៉ាង​​​ច្រើន ដោយ​​​​​​មិន​​​អើ​​​ពើ​​​​​​នឹង​​​​​​មន្ត្រី​​​ដទៃ​​​ទៀត​​​ឡើយ​​​។

ពាក្យ​​​បណ្តឹង​​​ដែល​​​ ACU ទទួល​​​បាន​​​ទាំង​​​នេះ​​​លើក​​​ឡើង​​​ថា មន្ត្រី​​​ថ្នាក់​​​ក្រោម​​​មិន​​​ទទួល​​​បាន​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​សម្រាប់​​​ឆ្នាំ​​​២០១៣​​​ទេ ហើយ​​​គ្មាន​​​ដំណើរ​​​ការ​​​តម្លា​​​ភាព​​​នៅ​​​ក្នុង​​​ការ​​​កំណត់​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ឡើយ​​​។

ឯកសារ​​​របស់​​​ACUនេះ​​​លើក​​​ឡើង​​​ថា ” ឯក​​​ឧត្តម​​​រដ្ឋ​​​មន្ត្រី [ លោក ត្រាំ អីុវ​​​តឹក​​​ ]​​​​​​​​​ ទទួល​​​បាន​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​៩​​​ភាគ​​​រយ​​​ ហើយ​​​ខុទ្ទកាល័យ​​​​​​របស់​​​រដ្ឋ​​​មន្ត្រី​​​ទទួល​​​បាន​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​៤​​​ភាគ​​​រយ​​​”។ ឯកសារ​​​នេះ​​​លើក​​​ឡើង​​​ទៀត​​​​​​ថា រដ្ឋ​​​លេខាធិការ​​​ពីរ​​​រូប​​​នៃ​​​ក្រសួង​​​សាធារណការ និង​​​ដឹក​​​ជញ្ជូន​​​ទទួល​​​បាន​​​ប្រាក់​​​រង្វាន់​​​លើក​​​​​​ទឹក​​​ចិត្ត៥,៣៣​​​ភាគ​​​រយ​​​ មួយ​​​រូប​​​ទទួល​​​បាន​​​៣,៣៣​​​ភាគ​​​រយ​​​ និង​​​បួន​​​រូប​​​ទៀត​​​ទទួល​​​បាន​​​១,៣៣​​​ភាគ​​​រយ​​​។

ឯកសារ​​​នេះ​​​បញ្ជាក់​​​ថា អនុរដ្ឋ​​​លេខា​​​ធិការ​​​១០​​​រូប​​​បន្ថែ​​​ម​​​ទៀត​​​ និង​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​មួយ​​​ចំនួន​​​ ក៏ទទួល​​​បាន​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ដែរ​​​ តែ​​​តិច​​​តួច​​​ជាង​​​នេះ​​​។ ឯកសារ​​​េនះ​​​មិន​​​បញ្ជាក់​​​ថា ក្នុង​​​មន្ត្រី​​​មួយ​​​រូ​​​បៗ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​​​​គោល​​​ប៉ុន្មាន​​​​​​ទេ​​​។

ឯកសារ​​​របស់​​​ ACU ​​​នេះ​​​ផ្តល់​​​​​ចម្លើយ​​​របស់​​​លោក ត្រាំ អីុវ​​​តឹក​​​ ទៅ​​​នឹង​​​ពាក្យ​​​បណ្តឹង​​​ដែល​​​ចោទ​​​ប្រកាន់​​​ថា ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​របស់​​​លោកផ្អែក​​​លើ​​​គុណ​​​សម្បត្តិ​​​។ ឯកសារ​​​នេះ​​​លើក​​​ឡើង​​​ទៀត​​​ថា ” ដោយ​​​សារ​​​ឯកឧត្តម​​​រដ្ឋ​​​មន្ត្រី  [ លោក​​​ ត្រាំ អីុវតឹក ]  មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ច្រើន​​​ជាង​​​គេ​​​ លោកគួរ​​​ត្រូវ​​​បាន​​​៩​​​ភាគ​​​រយ។ ផ្អែក​​​លើ​​​ការ​​ធ្វើ​​​ការ​​​ងារ​​​បាន​​​ល្អ និង​​​គុណ​​​តម្លៃ​​​ ដែល​​​ខុទ្ទកាល័យ​​​ដើរ​​​តួនាទី​​​ក្នុងការ​​​សម្រួល​​​រាល់​​​ឯកសារ​​​ទាំង​​​អស់ មុន​​​​​​នឹង​​​បញ្ជូន​​​ទៅ​​​លោករដ្ឋ​​​មន្ត្រី ក្រសួង​​​បាន​​​សម្រេច​​​ផ្តល់​​​ឲ្យ​​​៤​​​ភាគ​​​រយ​​​”។

មន្ត្រី​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​នៅ​​​ក្រសួ​​​ងសា​​​ធារណការ​​​ និង​​​ដឹក​​​ជញ្ជូន ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ដោយសារ​​​ការ​​​ខ្លាច​​​បាត់​​​បង់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ បាន​​​លើ​​​ក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​មន្ត្រី​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ក្រសួង​​​ ចាប់​​​ពី​​​មន្ត្រី​​​ថ្នាក់​​​ក្រោម​​​រហូត​​​ដល់​​​រដ្ឋ​​​លេខា​​​ធិការ បាន​​​​​​ប្តឹង​​​ទៅ​​​ ACU ដោយ​​​សារ​​​ការ​​​ច្រណែន​​​រឿង​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​។

មន្ត្រី​​​រូប​​​នេះ​​​ បាន​​​ពន្យល់​​​ថា “មាន​​​មន្ត្រី​​​មួយ​​​ចំនួន​​​មិន​​​សប្បាយ​​​ចិត្ត​​​ ដូច្នេះ​​​ហើយ​​​ពួក​​​​​​គេ​​​ក៏​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​បញ្ហា​​​នេះ​​​”។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ មន្ត្រី​​​រូប​​​នេះ​​​លើក​​​ឡើ​​​ង​​​ថា វា​​​ជា​​​សិទ្ធិ​​​របស់​​​លោក ត្រាំ អីុវតឹក រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណ​​​ការ​​​ និង​​​​​​ដឹក​​​ជញ្ជូន​​​​​​​​​ក្នុង​​​ការ​​​សម្រេច​​​ផ្តល់​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​​​​មន្ត្រី​​​។ មន្ត្រី​​​ដដែល​​​បាន​​​ថ្លែង​​​​​​ទៀត​​​ថា ” វា​​​ជា​​​ឆន្ទានុសិទ្ធិ​​​របស់​​​លោក​​​រដ្ឋមន្ត្រី​​​​​​ក្នុង​​​ការ​​​លៃ​​​ទុក​​​ប្រាក់​​​ប៉ុន្មាន​​​គួរ​​​ឲ្យទៅ​​​មន្ត្រី​​​។ នេះ​​​មិន​​​មែន​​​ជា​​​អំពើ​​​ពុក​​​រលួយ​​​ទេ​​​”។

ចាប់​​​តាំ​​​ងពី​​​ខែ​​​ឧសភា ឆ្នាំ​​​២០១៣​​​មក ក្រសួង​​​សាធារណការ និង​​​ដឹក​​​ជញ្ជូន​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​ដោយ​​កិច្ចព្រម​​​ព្រៀង​​​គ្នា​​​របស់​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញ​​​វត្ថុ​​​រក្សា​​​ទុក​​​​​​២៩​​​ភាគ​​​រយ​​​នៃ​​​ប្រាក់​​​ចំណូល​​​ដែល​​​ខ្លួន​​​ទទួល​​​បាន​​​ដើម្បី​​​ផ្តល់​​​ប្រាក់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​មន្ត្រី​​​ ដែល​​​បំពេញ​​​ការ​​​ងារ​​​បាន​​​ល្អ​​​នៅ​​​ក្នុង​​​ការ​​​ប្រមូល​​​ចំណូល​​​ និង​​​ការ​​​ផ្តល់​​​សេវា​​​សាធារណៈ​​​។

លោក​​​ ពេជ្រ ពិសី អ្នក​​​នាំា​​​ពាក្យ​​​របស់​​​អង្គការ​​​តម្លាភាព​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា វិធាន​​​ការ​​​ដែល​​​ធ្វើ​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​ទប់ស្កាត់​​​អំពើ​​​ពុក​​​រលួយ​​​តាម​​​រយៈ​​​ការ​​​ផ្តល់​​​គ្រឿង​​​​​​​​​រង្វាន់់​​​លើក​​​ទឹក​​​ចិត្ត​​​និង​​​ប្រភព​​​ចំណូល​​​ផ្សេង​​​ៗ​​​ទៀត​​​ដល់​​​មន្ត្រី មិន​​​ទាន​​​់​​​បង្ហាញ​​​ទី​​​ការ​​​លើក​​​ទឹក​​​ចិត្ត​​​ទេ​​​។

លោក​​​បាន​​​បន្ត​​​ថា ” វិធី​​​ដែល​​​មាន​​​ប្រសិទ្ធភាព​​​ជាង​​​នេះ​​​គឺ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​មន្ត្រី​​​រាជ​​​ការ​​​ និង​​​ចាត់​​​តាំង​​​ការ​​​ងារ​​​ឲ្យ​​​ពួក​​​គេ​​​យោង​​​ទៅ​​​តាម​​​តួនាទី​​​ ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​ផ្តល់​​​សេវា​​​សាធារណ​​​ៈ​​​ប្រកប​​​ដោយ​​​​​​ប្រសិទ្ធ​​​ភាព”​​៕ សុខុម​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស