32 C
Phnom Penh

តុលាកា​របើក​សវនាការ​ជំនុំជម្រះរឿងក្តីប្តីប្រពន្ធ​ពីរនាក់​ពីបទ​ទិញកុមារយក​ទៅសុំទាននៅ​ម៉ាឡេស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្ដី​ប្រពន្ធ​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​ ដែល​បាន​ចំណាយ​ប្រាក់​៤០០​ដុល្លារ​ ដើម្បី​យក​ទារិកាម្នាក់​ទៅ​ចិញ្ចឹម​​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ​កាល​ពី​ម្សិលមិញ​ដែល​​​ថា ពួក​គាត់​មាន​បំណង​នាំ​កុមារ​នេះ​​ទៅ​ប្រទេស​ម៉ាឡេស៊ី​​ជាមួយ​ពួកគាត់​ ដើម្បី​ជួយ​រក​លុយពេល​ពួក​គេ​ធ្វើ​ជា​អ្នកសុំទាន។

លោក ហេង ឆុន អាយុ​៤៨​ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ សំ ណាង អាយុ​៣៨​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ខណៈ​ដែល​ព្យាយាម​ឆ្លងព្រំដែននៅ​​ប៉ោយ​ប៉ែត ទៅ​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​ទារិកា​រូប​នេះ​ កុមារ​ពីរ​នាក់​ទៀត និង​បុរ​ស​ម្នាក់​ទៀត​។

លោក តាំង សុ៊នឡាយ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ប្រាប់​ប្ដី​ប្រពន្ធ​នេះនៅ​តុលាការ​កាលពី​ម្សិលមិញ​ថា ” អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​”។

មេធាវី​តំណាង​លោក ឆុន និង​អ្នកស្រី ណាង បាន​លើក​ឡើង​ថា ពួកគាត់​ទាំង​ពីរ​នាក់​បាន​ផ្ដល់​ប្រាក់​ដល់​ឪពុក​ម្ដាយ​ទារិកា​រូប​នេះដោយ​ការ​អាណិត​អាសូរ​ មិន​មែន​ជា​ការ​ទិញ​ដូរ​ឡើយ​។

លោក ជូង ជូងី មេធាវី​តំណាង​លោក ឆុន បាន​មាន​ប្រសាសន៍​ថា ” ពួកគាត់​បាន​ផ្ដល់​ប្រាក់​៤០០​ដុល្លារ​ដល់ឪពុក​ម្ដាយ​ទារិការូប​នេះ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា ពួកគាត់​បាន​ទិញ​នាង​ទេ”​។

លោកស្រី ជាតិ សុខា មេធាវី​តំណាង​អ្នកស្រី ណាង បាន​មាន​ប្រសាសន៍​ថា ប្ដី​ប្រពន្ធ​នេះ​បាននាំ​​ទារិកា​រូបនេះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​ពួកគាត់​ ពីព្រោះ​ពួកគាត់​មិន​ដឹង​ទុក​នាងឲ្យ​នៅ​ជាមួយនរណា​ក្នុងប្រទេស​កម្ពុជា​។ លោកស្រី សុខា បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សូម​ស្នើឲ្យ​ចៅក្រម​ដោះ​លែង​កូន​ក្ដី​របស់​ខ្ញុំ ពីព្រោះ​ការ​ចោទ​ប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​ គឺ​មិនពិត​ឡើយ​”។

លោក ឆុន បាន​ទទួល​ស្គាល់​ថា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​សុំ​ទាន​នៅ​ប្រទេស​ម៉ាឡេស៊ីក្នុង​ពេល​​កន្លង​មក​ ប៉ុន្តែ​នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន គាត់​បាន​បដិសេធ​ថា គាត់​បាន​នាំ​នាង​មក​ជាមួយ​ខ្លួន​មិនមែនក្នុង​គោល​បំណង​បែប​នេះ​ឡើយ។ លោក ឆុន បាន​និយាយ​ថា ” ខ្ញុំ​មិន​ទទួល​យក​ការ​ចោទ​ប្រកាន់នេះទេ ពីព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ជួញដូរ​មនុស្សឡើយ​។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​សុំទាន​នៅ​ប្រទេស​ម៉ាឡេស៊ី [ក្នុង​ពេល​កន្លង​មក​] ពីព្រោះ​វា​ស្រួល​រក​លុយ​”។

ប៉ុន្តែ​លោក កែវ ធា នាយនគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជ​ធានី​បាន​ប្រាប់​តុលាការ​ថា ប្ដី​ប្រពន្ធ​នេះ​មាន​ប្រវត្តិ​ជួញដូរ​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​រក​ប្រាក់​ដោយ​ការ​សុំទាន​។ លោក​ កែវ ធា បានមាន​ប្រសាសន៍​ថា ” ពួកគាត់​​ទាំង​ពីរ​ធ្លាប់​នាំ​មនុស្ស​ក្រីក្រ​ និង​កុមារ​ជាច្រើន​នាក់​ទៀត​ទៅ​ឲ្យសុំទាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ពេល​កន្លង​មក​ មុន​ពេល​ត្រូវ​បាន​ចាប់ខ្លួន​”។

ប្ដី​ប្រពន្ធ​នេះ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ពីរ​១៥​ឆ្នាំ​ដល់​២០​ឆ្នាំ​ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​។ លោក​ចៅក្រម តាំង ស៊ុនឡាយ បាន​មាន​ប្រសាសន៍​ថា តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស