38 C
Phnom Penh

អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ការ​​​​​​សង្កេត​​​ការ​​​ណ៍ក្នុង​​​ការ​​​ប្រឡង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​ (TI) នៅ​​​កម្ពុជា​​​បាន​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​នឹង​​​មិន​​​បញ្ជូន​​​អ្នក​​​សង្កេត​​​ការ​​​ណ៍ទៅ​​​សង្កេត​​​ការណ៍​ការ​ប្រឡង​សញ្ញាបត្រ​​​​​​មធ្យម​​​សិក្សា​​​ទុតិយ​​​ភូមិ​​​នៅ​​​ថ្ងៃ​​​ទី​​​៤និង​​​ទី​​​៥ ខែ​​​សីហា​​​ខាង​​​មុខ​​​នេះ​​​ទេ​​​​​​​​​ បន្ទាប់​​​ពី​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ (ACU)  និង​​​ក្រសួង​​​អប់​​​រំ​​​បាន​​​ឲ្យដឹង​​​ថា គេ​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​អ្នក​​​សង្កេ​​​ត​​​ការណ៍​​​បម្រុង​​​នៅ​​​សាល​​​ប្រឡង​​​ទេ​​​។

អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា គោល​​​ការណ៍​​​​​​ផ្ទៃ​​​ក្នុង​​​របស់​​​ខ្លួន​​​​​​តម្រូវ​​​ឲ្យ​​​អង្គការ​​​នេះ​​​បញ្ជូន​​​អ្នក​​​សង្កេ​​ត​​​​​​ការ​​​ណ៍​​​បម្រុង​​​ សម្រាប់​​​ករណី​​​ដែល​​​អ្នក​​​បាន​​​ចុះ​​​ឈ្មោះ​​​ហើយ​​​ មិន​​​អាច​​​ធ្វើ​​​ការ​​​នៅ​​​ថ្ងៃ​​​ប្រឡង​​​នោះ​​​បាន​​​។ យ៉ាង​​​នេះ​​​ក្តី​​​ ក្រុម​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ចាំបាច់​​​ត្រូវ​​​មាន​​​បញ្ជី​​​ឈ្មោះ​​​ជាក់​​​លាក់​​​ ចំពោះ​​​អ្នក​​​ដែល​​​នឹង​​​ធ្វើ​​​ការ​​​សង្កេត​​​ការណ៍​​​នៅ​​​ថ្ងៃ​​​នោះ​​​។

អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​​​​​​​មក​​​ហើយ​​​ ដែល​​​ការ​​​ប្រឡង​​​សញ្ញា​​​បត្រ​​​ទុតិយ​​​ភូមិ​​​ពោ​​​រ​​​ពេញ​​​ដោយ​​​អំពើ​​​ពុក​​​រលួយ​​​ ហើយ​​​​​​មាន​​​ការ​​អះ​​​អាង​​​ថា សិស្ស​​​បាន​​​បង់​​​លុយ​​​ឲ្យ​​​គ្រូ​​​ ឬ​​​អនុរក្ស​​​ដល់​​​ទៅ​​​ប្រាំ​​​ដុល្លារ​​ដើម្បី​​​បាន​​​សន្លឹក​​​ចម្លើយ​​​វិញ្ញាសា​​​​​​​​​​​​​​​​​​​​​។

ក្នុង​​​កិច្ច​​​​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ការ​​​ប្រឡង​​​នេះ​​​ស្អាត​​​ស្អំ​​​ សម្រាប់​​​​ការ​​​​​​ចូល​​​រៀន​​​នៅ​​​តាម​​​សាកល​​​វិទ្យាល័យ​​​រដ្ឋ​​​នោះ​​​ ក្រសួង​​​អប់​​​រំ​​​​​​បាន​​​​​​រៀប​​​ចំ​​​ថវិកា​​​បន្ថែម​​ ដើម្បី​​​បើកទូទាត់​​​​ឲ្យ​​​អនុរក្ស​​​និង​​​បានដក​​​​អ្នក​​​សង្កេត​​​ការណ៍​​​​ពី​​​ខាង​​​ក្រៅ។ អង្គ​​​ភាព​​​ ACU ថែម​​​ទាំង​​​បាន​​​លើក​​​ឡើង​​​​​​​​​នៅ​​​ដើម​​​ឆ្នាំ​​​នេះ​​​ថា ​​​ទា​​ំង​​​សិស្ស​​​និង​​​គ្រូ​​​បង្រៀន​​​ ដែល​​​ត្រូវ​​​គេ​​​រក​​​ឃើញ​​​ថា ប្រព្រឹត្ត​​មិន​​​ត្រឹម​​​ត្រូវ​​​ អាច​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​។

ក្នុង​​​សេច​​​ក្តី​​​ប្រកាស​​​មួយ​​​ អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា គោល​​​ការ​​​ណ៍​​​របស់​​​​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ការ​​​ដាក់​​​អ្នក​​​សង្កេត​​ការណ៍​​​​ម្នាក់​​​ក្នុង​​​មួយ​​​បន្ទប់​​​ នឹង​​​រារាំង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​​​​មិន​​​ឲ្យ​​​អនុវត្ត​​​វិធីសាស្ត្រ​​​សង្កេ​​ត​​​ការណ៍​​​​​​​ដែល​​​ផ្អែក​​​លើ​​​គំរូ​​​វិទ្យាសាស្ត្រ​​​របស់​​​ខ្លួន​​​ ដែល​​​នឹង​​​ដាក់​​​អ្នក​​​សង្កេត​​​ការណ៍​​​​​​​នៅ​​​តាម​​​សាល​​​ប្រឡង​​​ដែល​​​ជ្រើស​​​រើស​​​ដោយ​​​ចៃដន្យ​​​។

សេចក្តី​​​ប្រកាស​​​​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា “អ​​​វត្ត​​​មាន​​​​​​នៃ​​​អ្នក​​​សង្កេត​​​ការណ៍​​​​ណា​​​មួយ​​​នឹង​​​ប៉ះ​​​ពាល់​​​ជា​​​ខ្លាំង​​​ដល់​​​លទ្ធផល​​​នៃ​​​របាយការណ៍​​​ និ​​​ង​​​មិន​​​មាន​​​លក្ខណៈ​​​សម្បត្តិ​​​ត្រឹម​​​ត្រូវទេ​ ដូច្នេះ​​​ហើយ​​​អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​​​​នៅ​​​កម្ពុជា​​​ចាំបាច់​​​ត្រូ​​​វ​​​មាន​​​អ្នក​​​សង្កេត​​​ការណ៍​​​បម្រុង​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ​​​អង្គការ​​​នេះ​​​​​​មិន​​​ត្រូ​​​វ​​​បាន​​​គេ​​​អនុញ្ញាតឲ្យ​​​​​​​មាន​​​អ្នក​​​សង្កេត​​​ការណ៍​​​បម្រុង​​​ឡើយ​​​”។

​​​លោក រស់​​​ សាលីន ប្រធាន​​​ខុទ្ទកាល័យ​​​​​​ក្រសួង​​​អប់រំ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​នឹង​​​មិន​​​​​​បារម្ភ​​​ទេ​​​​​​​ដែល​​​ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​​អង្គការ​​​តម្លាភាព​​​អន្តរ​​​ជាតិ​​​​​​នឹង​​​មិន​​​ចូល​​​រួម​​​ក្នុង​​​ដំណើរ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ការ​​​ប្រឡង​​​នេះ​​​ ពី​​​ព្រោះ​​​សាធារណជន​​​មាន​​​ជំនឿ​​​លើ​​​អ្នក​​​សង្កេត​​​ការណ៍​​​​ផ្សេង​​​ទៀត​​​ដូច​​​ជា ក្រុម​​​មន្ត្រី​​​ ACU ជា​ដើម​ ដែល​​​នឹង​​​​​​ធ្វើ​​​ការ​​​សង្កេត​​​ការណ៍​​​​ការ​​​ប្រឡង​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា ” ចូល​​​រួម​​​ ឬ​​​មិន​​​ចូល​​​រួម​​​ នឹង​​​មិន​​​ប៉ះ​​​ពាល់​​​ដល់​​​ការ​​​ប្រឡង​​​នេះ​​​ទេ​​​ ពីព្រោះ​​​នៅ​​​ពេល​​​នេះ​​​ [គ្រូបង្រៀន​​​]​​​​​​​​​​​​​​​​​​ ខ្លាច​​​ញញើត​​​នឹង​​​ការ​​​ចាប់​​​​​​ខ្លួន​​​ទៅ​​​ហើយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពេល​​​ណា​​​ ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​​​​​ចាប់​​​បាន​​​គ្រ​​​ូ​​​បង្រៀន​​​ ពេល​​​នោះ​​​គេ​​​នឹង​​​ផ្តល់​​​ព័ត៌​​​មាន​​​ឲ្យ​​​ ACU” ។ លោក​​​បាន​​​បន្ថែម​​​ថា មិន​​​មែ​​​ន​​ក្រសួង​​​អប់​​​រំ​​​ទេ គឺ​​​ ACU​​​ ទៅ​​​វិញ​​​ទេ​​​ដែល​​​ជា​​​អ្នក​​ទទួល​​​ភារៈ​​​ក្នុង​​​ការ​​​មើល​​​ខុស​​ត្រូវ​​​ការ​​​ប្រឡង​​​នេះ​​​៕មានិត(រាយការណ៍​​​បន្ថែម​​​ដោយ ផាន់ អាណា)​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស