27 C
Phnom Penh

អ្នកភូមិ​មានគម្រោង​រៀបចំពិធីដាក់បណ្តាសា​ជុំវិញវិវាទដីធ្លី​ជាមួយ​ក្រុមហ៊ុន​អ្នកស្រី​ ជា ខេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ជា​ច្រើនគ្រួសារ​ដែល​បាន​ជាប់​ពាក់​ព័ន្ធក្នុង​វិវាទ​ដីធ្លី​យូរ​​ឆ្នាំ​មក​ហើយ​ជាមួយ​អ្នក​ស្រី ជា​ ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពលនោះបាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ពួកគាត់​មាន​គម្រោង​រៀបចំពិធី​ដាក់​បណ្ដាសា​រយៈ​ពេល​ពីរ​ថ្ងៃ​ បន្ទាប់ពី​ក្រុម​ហ៊ុន​ខេឌីស៊ីរបស់​អ្នកស្រី​មិន​បាន​ផ្ដល់​សំណង​សម​រម្យ​ដល់ពួកគាត់​ចំពោះ​ការ​បាត់​បង់​ដីស្រែ​ស្ថិត​ក្នុង​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង។

លោក ស្ងួន ញឿន ស្ថិត​​ក្នុង​ចំណោម​អ្នក​ភូមិ​១៦​គ្រួសារ​ ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លីរយៈ​ពេល​ជាង​​ប្រាំពីរឆ្នាំ​ជាមួយ​ក្រុមហ៊ុន​អ្នកស្រី ជា ខេង ដែល​បាន​​គាប​សង្កត់​អ្នកភូមិ​ឲ្យ​ទទួល​យក​សំណង​ ដែលពួកគាត់​បាន​លើកឡើង​ថាមិន​គ្រប់​គ្រាន់​នោះ ​បាន​និយាយ​ថា “យើង​មិន​ចង់​បង្ហូរ​ឈាម​ជាមួយ​កម្មករ​របស់​ក្រុម​ហ៊ុន​នេះ​ទេ ពីព្រោះ​ពួកគេ​ភាគ​ច្រើន​ជា​អ្នក​ភូមិ​មូល​ដ្ឋាន​នៅ​ក្នុង​ឃុំនេះ”។

លោក ញឿន បាន​និយាយ​ថា ” ក្រុម​ហ៊ុន​បាន​សាង​សង់​របង​បេតុង​លើ​ដី​ដែល​មាន​វិវាទ​នេះ​​ ដូច្នេះ​ជម្រើស​ប្រសើរ​បំផុត​ដើម្បី​ចៀស​វាង​ការ​បង្ហូរ​ឈាម​ គឺ​ត្រូវ​រៀបចំ​ពិធី​ដាក់​បណ្ដាសាវិញ”។

អ្នកភូមិ​ដែល​បាន​ប៉ះទង្គិច​គ្នា​បីលើក​ជាមួយ​កម្មករ​ និង​នគរ​បាល​កាលពី​សប្ដាហ៍​មុន មាន​គម្រោង​ស្ងោរ​ក្បាល​ជ្រូក​ ហើយ​គ្រវាស​អំបិល​ និង​ម្ទេស​ទៅ​លើ​ភ្លើង ហើយ​ដុត​រូប​សំណាក​នៅ​ថ្ងៃ​ទី១៩ និង​ថ្ងៃ​ទី២០ ខែកក្កដា ដោយ​មា​ន​បំណង​ធ្វើ​ឲ្យ​អារក្ស​អ្នកតា​ធ្វើ​បាប​អ្នក​ស្រី​ ជា ខេង តំណាង​ក្រុម​ហ៊ុន​ និង​ប្រធាន​ភូមិ​ម្នាក់​នៅ​ជិត​នោះ៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស