ប័ណ្ណសារ

កម្មវិធី​សិក្សា​ស្ដីពី​យេនឌ័រ​ត្រូវ​បាន​ដាក់​បញ្ជូល​សាក​ល្បង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​

By

July 10, 2014

ការ​សិក្សា​ពីយេន​ឌ័រនឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​សាកល​វិទ្យាល័យ​ធំបំផុត​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​កែប្រែ​ផ្នត់​គំនិត​របស់​និស្សិត​ពូកែៗ​បំផុត​នៅ​ក្នុង​ប្រទេស​ លើ​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​សង្គម នេះ​បើ​យោង​តាម​អ្វី​ដែល​អ្នកអប់រំ​​ និង​អ្នក​ជំនាញ​បាន​លើកឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​វគ្គសិក្សា​នេះ​កាលពី​ម្សិលមិញ​។

កម្មវិធី​សាក​ល្បង​មួយ​នឹង​ចាប់​ផ្ដើម​នៅ​​ដេប៉ាតឺម៉ង់​ភូមិវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឆ្នាំ​ក្រោយ​ ដោយ​និស្សិត​ឆ្នាំ​ទី១​ទាំង​អស់​ត្រូវ​សិក្សា​វគ្គ​យេន​ឌ័រ​រយៈ​ពេល​១៥​សប្ដាហ៍ ដែល​នឹង​លើក​ឡើង​ពី​ប្រធាន​បទ​នានា​ រួម​ទាំង​ការ​លើក​តម្កើង​ស្ត្រី​នៅ​អាស៊ី អំពើ​ហិង្សា​​ផ្លូវ​ភេទ​ និង​ភេទ​ផង​ដែរ​។

ចាប់​ពី​ឆ្នាំ​២០១៦​ទៅ​ វគ្គ​សិក្សា​នេះ​នឹង​ត្រូវ​ពង្រីក​ទៅ​ដេបា៉តឺម៉ង់​ផ្សេងៗ​ទៀត ដោយ​រង់ចាំ​ការ​អនុម័ត​ពីគណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​របស់​កម្ពុជា​ ដែល​វាយ​តម្លៃ​លើ​មុខ​វិជ្ជាសិក្សា​របស់​សាកល​វិទ្យាល័យ​រដ្ឋទាំង​អស់​រាល់​ប្រាំ​ឆ្នាំ​ម្ដង​។

លោក​ស្រី រស់ សុភាព នាយិកាអង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​ចំណាយ​ពេល​បួន​ឆ្នាំ​ធ្វើការ​ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដើម្បី​អនុវត្ត​កម្មវិធី​នេះ​។

លោកស្រីបាន​មាន​ប្រសាសន៍​នៅឯ​សិក្ខា​សាលា​រៀប​ចំ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថា “កម្ពុជា​ គឺ​ជា​សង្គម​បិតា​ធិបតេយ្យ ហើយ​ [មាន​] ការ​រើស​អើង​យ៉ាង​ពិត​ប្រាកដ​។ ទោះ​បី​ជា​ពេល​នេះ​សង្គម​របស់​យើង​បើកទូលាយ​ខ្លាំង​បើ​ប្រៀប​ធៀប​ទៅ​កាល​ពី​១០​ឆ្នាំ​មុន​ក្ដី ក៏​មាន​តំបន់​ជាច្រើន​ដែល​នៅ​តែ​មាន​គម្លាត​ខុស​គ្នា​ខ្លាំង​ [ឧទាហរណ៍​] អំពើ​ហិង្សា​លើ​ស្ត្រី​ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តែ​ខ្លាំង​ក្លា​នៅ​ឡើយ​”។

លោក ហៃ​ សាំង សាស្ត្រាចារ្យ​ផ្នែក​ភូមិវិទ្យា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​និស្សិត​បញ្ចប់​ការ​សិក្សា​ជា​ច្រើន​​នាក់​នៅ​សាកល​វិទ្យាល័យ​នេះ​ក្លាយ​ជា​គ្រូ​បង្រៀន​ លោក​សង្ឃឹម​ថា ពួកគេ​នឹង​អប់រំ​កូន​សិស្ស​របស់​ខ្លួន​ឲ្យ​យល់​ដឹងអំពី​ភាព​ស្មើ​គ្នា​រវាង​ភេទ​។

លោក​មាន​ប្រសាសន៍​ទៀត​ថា ” ពួកគេ​ [នឹង​] មាន​ចំណេះដឹង​ដើម្បី​ផ្សព្វ​ផ្សាយពី​បញ្ហា​នេះ​ទៅ​ដល់​កូន​សិស្ស​របស់​ពួកគេ​នៅ​តាម​វិទ្យាល័យ ដូច្នេះ​យើង​រំពឹង​ថា មនុស្ស​ជំនាន់​ក្រោយ​នឹង​មាន​ការ​យល់​ដឹង​ច្បាស់​អំពីអ្វីដែល​ហៅ​ថា យេន​ឌ័រ និង​ពី​វិធី​​លើក​កម្ពស់​ការ​ផ្ដល់​សិទ្ធិ​”។

តំណាង​មក​ពី​សាកល​វិទ្យាល័យ​ប្រាំពីរ​ផ្សេង​ទៀត​ក៏បាន​ចូលរួម​សិក្ខា​សាលា​កាលពី​ម្សិល​មិញ​នេះ​ដែរ។ លោក មិន សីហា ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​​សាកល​វិទ្យាល័យ​នេះ​ផ្ដល់​វគ្គ​សិក្សា​តែ​មួយ​វគ្គ​ប៉ុណ្ណោះ​ស្ដីពី​យេន​ឌ័រ ប៉ុន្តែ​ពេល​នេះ​កំពុង​តែ​ពិចារណា​ពង្រីក​វា​ទៅ​ជា​មុខ​វិជ្ជា​សិក្សា​ដ៏សំខាន់​។

និស្សិត​មិន​ទាន់​បញ្ចប់​ការ​សិក្សា​មួយ​ចំនួន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រួម​ទាំង​​ ស្រេង ចាន់ណារ័ត្ន អាយុ​១៩​ឆ្នាំ​ ជា​និស្សិត​ផ្នែក​មនុស្ស​សាស្ត្រ​​ផង​ដែរ និយាយ​ថា ពួក​គេ​គាំទ្រ​គម្រោង​នេះ​។ ពួក​គេ​និយាយ​ថា ” [វា​នឹង​ជួយ​] ជំរុញ​ឲ្យ​ស្ត្រី​ចូល​រួម​ក្នុង​សង្គម​ ហើយ​មាន​សេចក្ដី​ក្លាហាន​ និង​ផ្ដល់​ឱកាស​ឲ្យពួកគេ​បង្ហាញ​បុរស​ៗ​ថា ស្ត្រី​មិន​អន់​ជាង​បុរស​ទៀត​ទេ​៕ សុខុម​​​​​​​​​