កាលពីម្សិលមិញ សាលាដំបូងខេត្តសៀមរាបបានចោទប្រកាន់នាយកសាលាភាសាអង់គ្លេសគ្មានអាជ្ញាប័ណ្ណមួយពីបទលក់ពេស្យាចារកុមារ ដែលតាមចោទថា គាត់បានធ្វើសញ្ចរកម្មសិស្សវ័យជំទង់របស់ខ្លួនទៅឲ្យជនបរទេសដែលស្ម័គ្រចិត្តបង្រៀននៅសាលារបស់គាត់។
លោក ឡុង វេហា អាយុ៣២ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីការស៊ើបអង្កេតរយៈពេលមួយខែលើការចោទប្រកាន់ពីអតីតអ្នកស្ម័គ្រចិត្តម្នាក់នៅសាលា Underprivileged Children School ស្ថិតក្នុងស្រុកសូទ្រនិគមថា នាយកសាលារូបនេះបានធ្វើសញ្ចរកម្មសិស្សរបស់ខ្លួនឲ្យរួមភេទជាមួយអ្នកស្ម័គ្រចិត្តដែលបានបរិច្ចាគដល់សាលារៀននេះ។
លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា “យើងបានចោទប្រកាន់គាត់រួចហើយ ហើយគាត់ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តដើម្បីឃុំខ្លួនបណ្ដោះអាសន្នមុនការកាត់ក្តី”។ លោក វណ្ណារ៉េត បានបដិសេធមិននិយាយថា តើលោក ឡុង វេហា បានសារភាពឬផ្ដល់ព័ត៌មានលម្អិតអំពីបទល្មើសដូចការចោទប្រកាន់ឬអត់ឡើយ។
កាលពីថ្ងៃអង្គារ លោកស្រី ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានមានប្រសាសន៍ថា លោក ឡុង វេហា បានបដិសេធការចោទប្រកាន់ទាំងនេះ រួមទាំងការអះអាងថា លោកបានធ្វើសញ្ចរកម្មកុមារអាយុ១៧ឆ្នាំយ៉ាងតិចពីរនាក់។
ក្មេងប្រុសទាំងពីរនាក់នេះស្ថិតក្នុងចំណោមសិស្សប្រាំបួននាក់ ដែលគេឃើញស្នាក់នៅផ្ទះជួលជាមួយលោក ឡុង វេហា នៅក្រុងសៀមរាបនៅពេលចាប់ខ្លួនគាត់ ហើយឥឡូវនេះស្ថិតក្រោមការថែទាំនៅមន្ទីរសង្គមកិច្ចខេត្ត។
លោក ចៅ លក្ខណ៍វណ្ណា អ្នកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូ ដែលបាននិយាយជាមួយកុមារទាំងប្រាំបួននាក់ និងឪពុកម្ដាយរបស់ពួកគេមួយចំនួនបានមានប្រសាសន៍ថា កុមារទាំងអស់នេះបានអះអាងថា ការចោទប្រកាន់លោក ឡុង វេហា គឺមិនពិតទេ ហើយថា ឪពុកម្ដាយរបស់ពួកគេជឿថា លោក ឡុង វេហា គ្មានកំហុសឡើយ។
លោកបានមានប្រសាសន៍ថា “ពួកគេបានស្នើឲ្យអង្គការរបស់យើងជួយធ្វើយ៉ាងណាឲ្យមានការលើកលែងការចោទប្រកាន់លើលោក ឡុង វេហា ពីព្រោះគាត់ជាមនុស្សល្អ ហើយតែងតែជួយកុមារនៅក្នុងភូមិឲ្យបានរៀនភាសាអង់គ្លេស”។
លោកស្រី ថាវរី បានមានប្រសាសន៍ថា អាជ្ញាធរមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើលោក ឡុង វេហា ដែលអាចជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ។ លោកស្រីបានមានប្រសាសន៍ថា ” មនុស្សទាំងនេះអាចជំទាស់នឹងការចាប់ខ្លួនគាត់ ពីព្រោះវាជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែយើងមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា លោក ឡុង វេហា ពិតជាបានប្រព្រឹត្តដូចគេបានចោទប្រកាន់មែន”។
នគរបាលលើកឡើងថា ពួកគេបានតាមដានសកម្មភាពរបស់លោក ឡុង វេហា អំឡុងការស៊ើបអង្កេត ហើយមានភ័ស្តុតាងពីប្រព័ន្ធអុីនធើណិតដែលមិនបញ្ជាក់ឲ្យដឹងថា គាត់ពិតជាបានរៀបចំឲ្យអ្នកស្ម័គ្រចិត្តរួមភេទជាមួយសិស្សរបស់ខ្លួនមែន៕ សារុន