យោងតាមនគរបាលបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់នៅពេលដែលកងរាជអាវុធហត្ថបានបាញ់រថយន្តមួយគ្រឿងដែលសង្ស័យដឹកឈើខុសច្បាប់ចេញពីព្រៃការពារនៅស្រុកកែវសីមា ក្នុងខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃពុធ។
វ៉ាន់ សុផានិត អាយុ២៥ឆ្នាំ ជាអ្នកបើកបររថយន្តនោះបានស្លាប់បន្ទាប់ពីត្រូវបានបាញ់ធ្លាយទ្រូង។ ផាត ស៊ូកានី អាយុ២២ឆ្នាំ ជាកូនចុងរបស់មេបញ្ជាការរងកងរាជអាវុធហត្ថេខត្តនេះក៏ត្រូវបានបាញ់ចំដងខ្លួនដែរ ហើយត្រូវបានបញ្ជូនទៅព្យាបាលរបួសធ្ងន់នៅក្នុងប្រទេសវៀតណាម។
យោងតាមលោក ញ៉ែម វណ្ណី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ផេង សុខេង ដែលនគរបាលនិយាយថា ជាអ្នកបាញ់នោះ គឺជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានបញ្ជូនទៅខេត្តនេះឲ្យជួយការពារព្រៃឈើនៅស្រុកកែវសីមា។
លោក វណ្ណី បាននិយាយថា រថយន្តដែលមានមនុស្សជិះបួននាក់នេះ មិនព្រមឈប់នៅកន្លែងត្រួតពិនិត្យទេ នៅពេលដែលបើកបរចេញពីព្រៃនេះ ដោយធ្វើឲ្យមន្ត្រីនៅទីនោះបាញ់ព្រមានជាច្រើនគ្រាប់ ហើយបន្ទាប់មកបានបាញ់មួយគ្រាប់ទៅលើរថយន្តនោះ។
លោក វណ្ណី បាននិយាយថា ” កងរាជអាវុធហត្ថមួយក្រុមបានហៅរថយន្តនោះឲ្យឈប់ ពីព្រោះពួកគេគិតថា មនុស្សទាំងនោះប្រហែលជាប្រព្រឹត្តបទល្មើសណាមួយហើយ ប៉ុន្តែពួកគេមិនបានឈប់ឡើយ”។ លោកបានឲ្យដឹងថា ” គ្រាប់កាំភ្លើងមួយគ្រាប់ត្រូវបានបាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ត្រូវបុរសដែលអង្គុយនៅកៅអីក្រោយ ហើយបានប្លាតទៅត្រូវបុរសដែលជាអ្នកបើកបររថយន្ត”។
លោក វណ្ណី បាននិយាយថា បន្ទាប់ពី វា៉ន់ សុផានិត បានត្រូវគ្រាប់ហើយ រថយន្តនោះបានធ្វើដំណើរទៅមុខបានប្រហែល៣០០ម៉ែត្រមុនពេលឈប់។ មនុស្សដែលមិនរងរបួសទាំងពីរនាក់បានរត់ចូលទៅក្នុងព្រៃ។ ក្រុមមន្ត្រីដែលមានបំណងបញ្ឈប់រថយន្តតូយ៉ូតាកាមរីនេះ រួមមានមន្ត្រីរដ្ឋបាលព្រៃឈើ និងទាហាន ហើយបន្ទាប់មកបានឆែករថយន្តនោះ និងមិនបានរកឃើញថា រថយន្តនោះមានដឹកឈើទេ។
លោក វណ្ណី បាននិយាយថា លោក សុខេង ដែលជាអ្នកបាញ់ កំពុងត្រូវបានកងរាជអាវុធហត្ថខេត្តសាកសួរ។ លោកបានមានប្រសាសន៍ថា ” ការប្រើប្រាស់អាវុធបែបនេះនៅពេលដែលជនសង្ស័យគ្មានអាវុធ ឬឈរស្ងៀមនោះ វាមិនត្រឹមត្រូវទាល់តែសោះ”។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានភាពតានតឹងខ្លាំងណាស់ពាក់ព័ន្ធការកាប់ឈើខុសច្បាប់នៅភាគខាងត្បូងក្នុងខេត្តមណ្ឌលគិរី ដោយអ្នកភូមិដែលពឹងផ្អែកលើព្រៃឈើដើម្បីផ្គត់ផ្គង់ជីវភាព បាននិយាយកាលពីខែមិថុនាថា ពួកគេមិនអាចពឹងផ្អែកលើអាជ្ញាធរឲ្យការពារព្រៃឈើបានទៀតទេ ពីព្រោះពួកគេតែងតែចូលរួមនៅក្នុងការកាប់ឈើខុសច្បាប់។
កាលពីខែកុម្ភៈ នគរបាលនិងកងរាជអាវុធហត្ថខេត្តមួយក្រុមមានគ្នាជាង២០នាក់បានឡោមព័ទ្ធផ្ទះឧត្តមសេនីយ៍ត្រី ឈិត ម៉េង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅក្នុងស្រុកមណ្ឌលសីមា ដែលជាប់សង្ស័យថា បានជាប់ពាក់ព័ន្ធនៅក្នុងការរកស៊ីឈើខុសច្បាប់។
អាជ្ញាធរបានរកឃើញឈើប្រណីតជាង៥០ដុំនៅក្នុងផ្ទះរបស់ឧត្តមសេនីយ៍ត្រី ឈិត ម៉េង ប៉ុន្តែមិនមានការចាប់ខ្លួនមនុស្សទេ។
កាលពីខែឧសភា អំឡុងពេលឆ្មក់ចាប់នៅមុនពេលថ្ងៃរះទៅលើក្រុមអ្នកដឹកឈើមួយក្រុម មន្ត្រីកងរាជអាវុធហត្ថម្នាក់បានទាញកាំភ្លើងភ្ជង់ក្បាលលោក ស៊ិន វណ្ណវុធ អភិបាលស្រុកកែវសីមា មុនពេលគេចខ្លួន។
កាលពីខែមករា លោក សុខ រដ្ឋា ជាអ្នកស៊ើបអង្កេតនៅអង្គការអាដហុក បានធ្វើពាក្យបណ្ដឹងពីបទប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីអ្នកបើកបររថយន្តទំនើបមួយគ្រឿងបានប៉ុនប៉ងបុកសម្លាប់គាត់ ពេលគាត់ស៊ើបអង្កេតលើការអះអាងថា ក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនរបស់ភរិយាលោក យឹម លុច អភិបាលរងខេត្ត បានរានដីខុសច្បាប់នៅក្រុងសែនមនោរម្យ។
កាលពីដើមខែនេះ លោក ហេង ចន្ត្រា នាយខណ្ឌរងរដ្ឋបាលព្រៃឈើក្រុងសែនមនោរម្យ ត្រូវបានជនល្មើសមិនស្គាល់មុខម្នាក់បាញ់នៅពេលគាត់កំពុងស៊ើបអង្កេតលើសេចក្ដីរាយការណ៍មួយថា រថយន្តដឹកឈើប្រណីតកំពុងបើកបរឆ្ពោះទៅព្រំដែនវៀតណាម។
លោក ស្វាយ សំអេង អភិបាលរងខេត្តម្នាក់ទៀតបាននិយាយថា បន្ទាប់ពីមានឧបទ្ទវហេតុកាលពីម្សិលមិញ លោកបានកោះប្រជុំជាមួយមន្ត្រីមូលដ្ឋានដើម្បីពិភាក្សាអំពីភាពអនាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគិរី។
លោក សំអេង បាននិយាយថា នៅពេលដែលមានការកាប់ឈើកាន់តែច្រើនគ្រប់គ្រងលែងបាន និងមានអ្នកកាប់ឈើកាន់តែច្រើននោះ មានមន្ត្រី និងសកម្មជនការពារព្រៃជាច្រើនបានចុះមកខេត្តនេះ ហើយលោកមិនបានតាមដានថា តើមន្ត្រីណាបានធ្វើអ្វីខ្លះ និងមន្ត្រីណាបានប្រព្រឹត្តខុសច្បាប់នោះទេ។
លោកបាននិយាយថា ” ដើម្បីជៀសវាងភាពអនាធិបតេយ្យ យើងត្រូវមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ថា មន្ត្រីណាខ្លះមកចូលរួមជាមួយកងរាជអាវុធហត្ថ និងត្រួតពិនិត្យលើការប្រើប្រាស់អាវុធ”៕ គឹមហឿន