នៅក្នុងទិដ្ឋភាពដែលធ្វើឲ្យគេនឹងឃើញដល់ថ្ងៃបន្ទាប់ពីសម្តេចឪ នរោត្តម សីហនុ ចូលទិវង្គតនៅខែតុលា ឆ្នាំ២០១២ ព្រះសង្ឃរាប់រយអង្គ និមន្តអង្គុយចុះគួរជាទីគោរពសក្ការៈនៅខាងមុខព្រះបរមរាជវាំងកាលពីម្សិលមិញ នៅពេលពិធីរយៈពេលបីថ្ងៃ ដើម្បីដង្ហែព្រះបរមអដិ្ឋយកទៅតម្កល់បានចាប់ផ្តើម។
ព្រះសង្ឃប្រមាណ៣.៦០០អង្គត្រូវបាននិមន្តមកពីទូទាំងប្រទេសដើម្បីរាប់បាត និងសូត្រធម៌ប្រោះព្រំកាលពីព្រឹកម្សិលមិញ ខណៈដែលមន្ត្រីព្រះបរមរាជវាំងត្រៀមរៀបចំដើម្បីដង្ហែព្រះបរមអដ្ឋិជុំវិញរាជធានីនៅថ្ងៃនេះ។ នៅពេលល្ងាចម្សិលមិញ ព្រះសង្ឃ និងដូនជីប្រមាណ១.០០០អង្គ-នាក់បានជួបជុំគ្នានៅខាងមុខព្រះបរមរាជវាំងម្តងទៀត ដើម្បីអុជទៀន និងធ្វើសមាធិ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីគណបក្សប្រឆាំងផ្សេងទៀតក៏បានចូលរួមក្នុងពិធីនេះដែរ។ លោក កឹម សុខា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា លោកនិងសហការីរបស់លោកបានទទួលការអញ្ជើញជាផ្លូវការឲ្យចូលរួមក្នុងពិធីនេះពីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ហើយបានទៅគោរពព្រះបរមរូបនៃព្រះបរមរតនកោដ្ឋ។
លោកបានមានប្រសាសន៍ថា “ព្រឹកនេះមន្ត្រី២៥រូបរបស់យើងដែលតំណាងឲ្យខេត្តក្រុងទាំង២៥បានទៅ គោរពព្រះបរមរូបព្រះបរមរតនកោដ្ឋ”។សំដៅដល់ការបន្តធ្វើពហិការរបស់គណបក្សលោកមិនចូលសភា ដើម្បីជំទាស់លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំមុន លោកបានមានប្រសាសន៍ថា ” យើងចូលរួមពិធីនេះក្នុងនាមជាសមាជិកគណបក្សសង្គ្រោះជាតិ មិនមែនក្នុងនាមជាតំណាងរាស្ត្រឡើយ ពីព្រោះយើងមិនទាន់ស្បថចូលរដ្ឋសភាទេ”។
សាធារណជន ដែលចូលរួមក្នុងពិធីនេះកាលពីម្សិលមិញ មានចំនួនតិចតួច គឺមិនដូចថ្ងៃបន្ទាប់ពីសម្តេចឪ នរោត្តម សីហនុ ចូលទិវង្គត និងរយៈពេលពីរបីខែក្រោយនៅមុន និងអំឡុងព្រះរាជពិធីបុណ្យព្រះសពដ៏អធិកអធ័មនោះទេ។
លោកយាយ គង់ វ៉ាន អាយុ៧៩ឆ្នាំរស់នៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គាត់ចង់ជូនបាយទឹកដល់តាជីយាយជី។ លោកយាយលើកឡើងទៀតថា ” ខ្ញុំសប្បាយចិត្ត និងរំភើបណាស់ដែលខ្ញុំអាចចូលរួមក្នុងពិធី ពីព្រោះខ្ញុំស្រឡាញ់សម្តេចឪ។ យើងក្រៀមក្រំណាស់នៅពេលសម្តេចឪចូលទិវង្គត គ្មានអ្វីដែលយើងអាចប្រៀបធៀបនឹងការចូលទិវង្គតរបស់ព្រះអង្គបានឡើយ”។
លោក ម៉ម នាង ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា នៅថ្ងៃនេះ ព្រះបរមអដ្ឋិនឹងត្រូវដង្ហែចេញពីព្រះបរមរាជវាំងតាមបណ្តោយផ្លូវលេខ១៨៤ឆ្ពោះទៅមហាវិថីព្រះនរោត្តម និងតាមបណ្តោយមហាវិថីព្រះសីហនុ និងមហាវិថី សុធារស មុនពេលដង្ហែត្រឡប់ទៅកាន់ព្រះបរមរាជវាំងវិញ៕ សុខុម