នគរបាលបាននិយាយថា មន្ត្រីអាមេរិកបានសហការជាមួយនគរបាលកាលពីម្សិលមិញក្នុងការស៊ើបអង្កេតលើការសម្លាប់លោក វីលៀម ហ្គ្លិន អាយុ៤៣ឆ្នាំមកពីរដ្ឋ មីស៊ីស៊ីពី ដែលគេប្រទះឃើញស្លាប់ដោយសារការរឹតក ហើយយកវាំងននរុំយកទៅបោះចោលនៅលើគំនរសំរាមនៅជាយក្រុងភ្នំពេញកាលពីថ្ងៃពុធ។
យោងតាមលោក អេង សោភា នាយនគរបាលព្រហ្មទណ្ឌរាជធានីបានឲ្យដឹងថា ក្រុមស៊ើបអង្កេតមិនទាន់រកឃើញមូលហេតុចំពោះការធ្វើឃាតគាត់នៅឡើយទេ។ លោកបានមានប្រសាសន៍ថា “មន្ត្រីបីនាក់មកពីស្ថានទូតអាមេរិកបានសហការជាមួយនគរបាលចុះស៊ើបអង្កេតនៅថ្ងៃនេះ មានខ្មែរពីរនាក់ និងជនជាតិអាមេរិកម្នាក់ស្លៀកពាក់ស៊ីវិល។ យើងមិនទាន់ដឹងមូលហេតុនៅពីក្រោយករណីនេះនៅឡើយទេ ប៉ុន្តែយើងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកំណត់អត្តសញ្ញាណជនដៃដល់”។
សាកសពជនរងគ្រោះដែលទើបតែមកដល់ប្រទេសកម្ពុជាពីទីក្រុងបាងកកកាលពីពីរខែមុន និងបានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅតាមសាលារៀនមួយចំនួនក្នុងទីក្រុងនោះ ត្រូវបានគេប្រទះឃើញនៅតាមផ្លូវលំក្នុងខណ្ឌព្រែកព្នៅ។ អ្នកភូមិបានរាយការណ៍ថា បានឃើញរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងនិងម៉ូតូមួយគ្រឿងបើកតាមផ្លូវលំនោះនៅម៉ោង៣រំលងអធ្រាត្រព្រឹកថ្ងៃពុធ ហើយបន្ទាប់មកឈប់នៅកន្លែងចាក់សំរាម មិនដល់បីម៉ោងផងមុនពេលគេប្រទះឃើញសាកសព។
អ្នកស្រី និតតាយ៉ា ហ្គ្លិន អាយុ៤៤ឆ្នាំ ជាប្រពន្ធជនរងគ្រោះបាននិយាយពីក្រុងបាងកកថា ថ្មីៗនេះអ្នកស្រីបានបែកគ្នាពីប្តីអ្នកស្រីដែលបានរស់នៅជាមួយគ្នាប្រាំឆ្នាំ ប៉ុន្តែនៅតែបន្តទាក់ទងគ្នាតាមទូរស័ព្ទជាទៀងទាត់រហូតដល់ទាក់ទងគ្នាលែងបានកាលពីថ្ងៃអង្គារ។
អ្នកស្រីបាននិយាយថា “គាត់បានទូរស័ព្ទមកខ្ញុំជាច្រើនដង ហើយនិយាយថា ជនជាតិខ្មែរមួយចំនួនចង់បានអ្វីមួយពីគាត់ គាត់ភ័យខ្លាច ហើយចង់ចាកចេញឲ្យបានឆាប់។ អ្នកស្រីបាននិយាយថា ពួកគាត់បាននិយាយគ្នាលើកចុងក្រោយនៅយប់ថ្ងៃច័ន្ទ ។ អ្នកស្រីបាននិយាយថា “ខ្ញុំបានប្រាប់គាត់ឲ្យធ្វើដំណើរទៅប្រទេសចិនកន្លែងដែលគាត់ធ្លាប់បានធ្វើការបានប្រាំមួយខែ។ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងចេញថ្លៃសំបុត្រយន្តហោះឲ្យគាត់”។
អ្នកស្រី ហ្គ្លិន បាននិយាយថា អាជ្ញាធរកម្ពុជានិងអាមេរិកមិនបានប្រាប់អ្នកស្រីអំពីការស្លាប់ប្តីរបស់អ្នកស្រីទេ ហើយអ្នកស្រីទើបតែដឹងរឿងនេះនៅពេលអ្នកស្រីមិនអាចទាក់ទងគាត់បាន ហើយបានស្វែងរកឈ្មោះគាត់បានប្រព័ន្ធអីុនធើណិត។ អ្នកស្រីបាននិយាយថា បន្ទាប់មក អ្នកស្រីបានទូរស័ព្ទទៅម្តាយក្មេកអ្នកស្រីនៅអាមេរិក ហើយបានប្រាប់គាត់ពីការស្លាប់កូនប្រុសរបស់គាត់។
អ្នកស្រី ហ្គ្លិន បាននិយាយថា ប្តីអ្នកស្រីមានបញ្ហាដោយសារការផឹកស៊ី ហើយជួនកាលគាត់ឆេវឆាវទៀតផង ប៉ុន្តែបញ្ហានេះមិនដែលធ្ងន់ធ្ងរនាំឲ្យគាត់មានបញ្ហាធំទេ តាំងពីពួកគាត់បានរៀបការមក។
អ្នកស្រីបាននិយាយថា ” ពិតមែនហើយយើងមានបញ្ហាក្នុងគ្រួសារដូចមនុស្សជាច្រើនទៀតដែរ ហើយជួនកាលគាត់បានវាយតប់នៅពេលគាត់ស្រវឹងស្រា ប៉ុន្តែខ្ញុំមិនយល់ទេថា ក្នុងរយៈពេលប្រាំឆ្នាំក្នុងទីក្រុងបាងកក បញ្ហានេះតែងតែត្រូវបានដោះស្រាយ ប៉ុន្តែក្នុងរយៈពេលពីរខែដែលគាត់ស្នាក់នៅក្នុងប្រទេសកម្ពុជា គាត់ត្រូវបានគេធ្វើឃាត”។
នៅឯផ្ទះសំណាក់ Tattoo ក្នុងខណ្ឌ៧មករា កន្លែងដែលជនរងគ្រោះបានស្នាក់នៅចាប់តាំងពីថ្ងៃទី២៥ ខែឧសភាមក អ្នកទទួលភ្ញៀវឈ្មោះ អុី មករា បាននិយាយថា នគរបាលនិង “FBI” ហើយបានចំណាយពេលបួនម៉ោងឆែកឆេរបន្ទប់ជនរងគ្រោះកាលពីម្សិលមិញបានយករបស់របររបស់គាត់ទាំងអស់ធ្វើជាភ័ស្តុតាង។
លោកបាននិយាយថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលជនរងគ្រោះមិនត្រឡប់មកវិញនៅយប់ថ្ងៃអង្គារ ពីព្រោះជាទូទៅគាត់តែងតែរក្សាទម្លាប់របស់គាត់ ដោយចាកចេញទៅធ្វើការនៅម៉ោងប្រហែល៦និង៣០នាទីព្រឹក និងត្រឡប់មកវិញនៅពេលល្ងាច។ លោកបាននិយាយថា ” គាត់តែងតែអង្គុយម្នាក់ឯងសរសេរសៀវភៅ ឬវាយកុំព្យូទ័ររបស់គាត់ ប៉ុន្តែគាត់តែងតែត្រឡប់មកវិញរាល់យប់ សូម្បីថ្ងៃចុងសប្ដាហ៍”។
គឹម ឆឺន អាយុ២២ឆ្នាំជាអ្នកទទួលភ្ញៀវបាននិយាយថា នៅពេលមកដល់រាជធានីភ្នំពេញ លោក វីលៀម ហ្គ្លិន បានមកចុះឈ្មោះស្នាក់នៅផ្ទះសំណាក់បៃតង ស្ថិតនៅតាមផ្លូវលេខ១២៥ បន្ទាប់ពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភា ក្រោយពីបានធ្វើដំណើរតាមរថយន្តក្រុងពីទីក្រុងបាងកក។ គាត់បាននិយាយថា ” ខ្ញុំគ្រាន់តែបាននិយាយជាមួយគាត់នៅពេលដែលគាត់មកដល់ ប៉ុន្តែនៅពេលដែលខ្ញុំឃើញគាត់ គាត់តែងនៅម្នាក់ឯង ហើយស្រវឹងស្រាញ្ឹកញាប់ ប៉ុន្តែគាត់មិនដែលបង្កបញ្ហាទេ ហើយតែងតែត្អូញត្អែរពីប្រព័ន្ធអុីនធើណិត”៕ សារុន