27 C
Phnom Penh

ភាគី​ជម្លោះ​ជូរចត់​នៅបឹង​កក់​ប្ដឹង​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាគី​ប្រជែង​គ្នា​ក្នុង​ជម្លោះ​ដ៏​ជូរចត់​កាន់​តែ​ខ្លាំង​ឡើង​​ជុំវិញ​បញ្ហា​ដី​នៅ​តំបន់​បឹង​កក់​ ក្នុងរាជធានីភ្នំពេញ បាន​ប្ដឹង​គ្នា​​ទៅវិញ​ទៅមក​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ​ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​កាលពីចុង​ខែ​មុន​។

ភាគីទាំង​ពីរ​ ដែល​ធ្លាប់តែ​រួប​រួម​គ្នា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​លោក​ ឡាវ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា នៅ​ជិត​ដី​មួយ​កន្លែង​នៅ​បឹង​កក់ ទី​ដែល​កង​រាជ​​អាវុធ​ហត្ថ​ខណ្ឌ​បាន​ចាប់​ផ្ដើម​ការ​សាង​សង់​ទីបញ្ជាការ​ដ្ឋាន​ថ្មី​មួយ​។

ភាគី​មួយ​ ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រី ទេព វន្នី សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ បាន​តវ៉ា​នៅ​កន្លែង​​នោះ ពីព្រោះពួកគេ​ជឿ​ថា វា​ស្ថិត​នៅ​លើ​ដី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទុក​ដោយ​ឡែក​សម្រាប់​គ្រួសារ​អ្នក​ភូមិ​បឹង​កក់​កាលពី​ឆ្នាំ​២០១១​។ ភាគី​ម្ខាង​ទៀត​ រួម​មាន​អតីត​អ្នក​បឹង​កក់​មួយ​ចំនួន​ដែល​ពីមុន​ធ្លាប់​រួបរួម​គ្នា​​​ បាន​​ជួប​ពួកគេ​(ភាគីទី១​)នៅ​ទីនោះ​ ហើយ​បាន​ចោទ​ថា បា​ន​ដក​បង្គោល​សម្គាល់​ដី​របស់​ខ្លួន​នៅ​ម្ខាង​ទីបញ្ជាការ​ដ្ឋាន​ថ្មី​នោះ។

ភាគី​នីមួយៗ​ចោទ​គ្នា​ថា ចាប់​ផ្ដើម​​ធ្វើ​ឲ្យមាន​ការ​ប៉ះទង្គិច​គ្នា​ ដែល​មាន​​ទាំង​ការ​រុញ​ច្រាន គ្នា​ និង​ការ​ចោល​ដុំថ្ម​ដាក់​គ្នា​។ អ្នក​ស្រី ង៉ែត ឃុន ដែល​នៅ​ខាង​អ្នកស្រី វន្នី បាន​ដាក់ពាក្យ​ប្ដឹង​ឈ្មោះ តុល ស្រីពៅ ដោយ​ចោទ​គាត់​ថា បាន​ចោល​ដុំថ្ម​ត្រូវ​ក្បាល​អ្នកស្រី​ ហើយ​បាន​ទាម​ទារ​សំណង​៥០​លាន​រៀល (១២.៥០០​ដុល្លារ​)​។

អ្នកស្រី ឃុន ដែល​មាន​ស្នាម​របួស​លើ​ចិញ្ចើម​ស្ដាំ​​បាន​និ​យាយ​ថា “ខ្ញុំប្ដឹង​ តុល ស្រីពៅ ព្រោះ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​។ ខ្ញុំ​មាន​ភ័ស្តុ​តាង​បង្ហាញ​ថា នាង​បាន​ចោល​ដុំថ្ម​។ ប្រសិន​បើ​ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​ណាមួយ​ពី​តុលាការ​ក្នុង​ពេល​មួយ​សប្ដាហ៍​ទេ​នោះ ខ្ញុំនឹង​ទៅ​តវ៉ា​នៅមុខ​តុលាការ​នេះ​ជា​ថ្មីទៀត​”។ អ្នកស្រី ឃុន និង​អ្នក​គាំទ្រ​ប្រហែល​៣០​នាក់​បាន​តវ៉ា​មួយ​ភ្លែត​នៅ​តុលាការ​ ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​​រុញ​ច្រាន​ឲ្យទៅ​ម្ខាង​ផ្លូវ​។

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ អ្នកស្រី ស្រីពៅ ​បាន​និយាយ​ថា អ្នកស្រី​ក៏​បាន​ប្ដឹង​អ្នកស្រី ឃុន អ្នកស្រី វន្នី និង​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ដែរ​កាលពី​ម្សិលមិញ ដោយ​ទាម​ទារ​សំណង​ប្រហែល​១២.៥០០​ដុល្លារ​ពី​មនុស្ស​ម្នាក់ៗ​។ អ្នកស្រី​បាន​​និយាយ​ថា “ខ្ញុំ​មាន​រូប​ថត​ និង​ស្នាម​របួស​ដើម្បី​បង្ហាញ​តុលាការ​ថា ពួកគេ​បាន​រុញ​ច្រាន​ និង​បាន​ទាញ​ខ្ញុំ​”​។

អ្នកស្រី ស្រីពៅ បាន​ទទួល​ស្គាល់​​ថា អ្នកស្រី​បាន​ចោល​ដុំថ្ម​មែន​ ប៉ុន្តែ​បាន​បញ្ជាក់​ថា វា​ជា​ការ​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ​។ អ្នកស្រី​បាន​និយាយ​ថា ” ខ្ញុុំ​បាន​ចោល​ដុំថ្មមួយ​ដុំ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថាដុំថ្មនោះត្រូវ​ចំ​ [អ្នកស្រី ឃុន] ឬយ៉ាង​ណាទេ។ នៅពេល​នោះ គេ​បានឃើញ​ ទេព វន្នី និង​ [អ្នកស្រី ឃុន] ប៉ុន​ប៉ង​វ៉ៃ​ខ្ញុំ​ ដូច្នេះ​យើង​បាន​ចោល​ដុំថ្ម​លើ​ពួកគេ​”៕មានិត​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស