កាលពីម្សិលមិញ លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឲ្យក្រុមហ៊ុន KDCInternational ដែលគ្រប់គ្រងដោយលោកស្រី ជា ខេង ជាភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ផ្អាកការអភិវឌ្ឍរបស់ខ្លួនលើដីមានជម្លោះ រហូតដល់មានដំណោះស្រាយជាមួយក្រុមអ្នកភូមិ ដែលអះអាងសិទ្ធិកាន់កាប់ដីនោះ។
ការថ្លែងរបស់លោកបានធ្វើឡើង បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរយៈពេលប៉ុន្មានថ្ងៃនៅកន្លែងមានជម្លោះក្នុងខេត្តកំពង់ឆ្នាំង ដែលមានទាំងការប៉ះទង្គិចគ្នារវាងកម្មករ អ្នកភូមិ និងនគរបាលផងដែរ។ ទោះជាដូចនេះក្តី ក្រុមហ៊ុន ខេឌីស៊ី បានបន្តផែនការសង់របងលើដីនោះដដែល។
លោក ស៊ូបេឌី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ” ឥឡូវនេះមានរយៈពេលជាង១០ឆ្នាំហើយ សហគមន៍មូលដ្ឋានបាននិងកំពុងពាក់ព័ន្ធក្នុងជម្លោះជុំវិញដីទំនាស់ ហើយពាក្យបណ្តឹងដែលពួកគេបានស្វះស្វែងដាក់នៅតុលាការជំទាស់នឹងអាជ្ញាធរ ហើយនឹងក្រុមហ៊ុន KDCInternational ពីបទចោទការបំភិតបំភ័យ ការប្រើអំពើហិង្សា និងការបាត់បង់ដី នៅតែមិនទាន់ដោះស្រាយនៅឡើយ”។
លោកបានមានប្រសាសន៍ថា ” ខ្ញុំអំពាវនាវឲ្យក្រុមហ៊ុន KDCInternational ផ្អាកការអភិវឌ្ឍលើដីមានជម្លោះជាបន្ទាន់ រហូតដល់ការទាមទារទាំងអស់ ដោយគ្រួសារនីមួយៗ ត្រូវបានវាយតម្លៃត្រឹមត្រូវដោយស្ថាប័នឯករាជ្យតាមវិធីត្រឹមត្រូវ និងតម្លាភាព”៕មានិត