កាលពីម្សិលមិញ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលាក្ដីខ្មែរក្រហមជុំវិញការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។
ស្តូបដែលត្រូវចំណាយទឹកប្រាក់៧៧០.០០០ដុល្លារ មានកម្ពស់៥ម៉ែត្រ និងត្រូវបានផ្ដល់មូលនិធិមួយចំណែកធំដោយរដ្ឋាភិបាលអាល្លឺម៉ង់នោះ នឹងត្រូវសាងសង់នៅលើដីរាងចតុកោណនៅកាច់ជ្រុងភាគឦសាននៃសារមន្ទីរទួលស្លែង ដែលធ្លាប់មានស្តូបឈើនៅទីនោះពីមុន។នេះគឺជាគម្រោងសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធក្រៅប្រព័ន្ធតុលាការ មានន័យថា ស្តូបនេះសាងសង់ឡើងសម្រាប់ជនរងគ្រោះទាំងអស់ក្នុងរបបខ្មែរក្រហម មិនមែនសម្រាប់តែដើមបណ្ដឹងរដ្ឋប្បវេណីនៅសាលាក្ដីឡើយ។
ថ្លែងនៅពិធីមួយនៅឯសារមន្ទីរពន្ធនាគារនេះ លោក Joachim Baronvon Marshall ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានមានប្រសាសន៍ថា ការធ្វើដំណើរទៅកាន់ជំរំធ្វើទារុណកម្មនៅអាល្លឺម៉ង់បានធ្វើឲ្យលោកមានអារម្មណ៍មិនល្អដូចគ្នាទោះជាលោកបានមកទីនេះហើយក្តី”។ លោកបានមានប្រសាសន៍ថា ” ស្តូបនេះគឺជាសំណងជានិមិត្តរូបសម្រាប់ជនរងគ្រោះ និងសាក្សីក្នុងរបបខ្មែរក្រហម”។
លោកបានបន្ថែមថា “ការសរសេរឈ្មោះជនរងគ្រោះនៅក្នុងក្រាំងមាសគ្មាននរណាចាំទេ ប៉ុន្តែប្រសិនបើយើងដាក់ឈ្មោះទាំងនេះជារូបថតនៅក្នុងសារមន្ទីរ វាធ្វើឲ្យយើងនឹកឃើញថា របបប្រល័យពូជសាសន៍មិនមែនជាអព្ភូតហេតុអរូបីឡើយ ប៉ុន្តែវាជារឿងពិតដែលមនុស្សគ្រប់រូបនិងជនរងគ្រោះទាំងអស់បានជួបប្រទះ។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្ដីទីសាលាក្ដីបានលើកឡើងនៅពេលថ្លែងសុន្ទរកថាថា ស្តូបថ្មីនេះ នឹងធ្វើជាឧបករណ៍សិក្សាសម្រាប់មនុស្សជំនាន់ក្រោយចងចាំ និងទប់ស្កាត់កុំឲ្យរបបខ្មៅងងឹតនេះវិលត្រឡប់មកវិញ”។ ទោះជាយ៉ាងណា លោក ប៊ូ ម៉េង អាយុ៧៣ឆ្នាំ ជាអ្នកនៅរស់ពីគុកទួលស្លែងបានមានប្រសាសន៍ថា លោកគួរតែទទួលបានសំណងហិរញ្ញវត្ថុសម្រាប់ការស្លាប់ប្រពន្ធរបស់លោកនៅក្នុងរបប ប៉ុល ពត។
លោកបានមានប្រសាសន៍ថា ” ខ្ញុំចង់បានសំណងពីប្រទេសផ្ដល់ជំនួយ និងពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា”។ លោកបានបន្ថែមថា ខ្ញុំចង់បានសំណងជាសាច់ប្រាក់សុទ្ធ គឺ៥.០០០ដុល្លារគ្រប់គ្រាន់ហើយ៕សារុន
រាយការណ៍បន្ថែមដោយ ផន បុប្ផា )