29 C
Phnom Penh

កម្មករ​រោងចក្រ​អូសេអង់​តវ៉ា​បន្ទាប់ពី​រោ​ងចក្រ​មិន​អើពើ​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ប្រហែល​៤០០​នាក់​បាន​ធ្វើការ​តវ៉ា​ និង​ដុត​កង់​ឡាន​នៅ​ខាង​ក្រៅ​រោងចក្រ​កាត់​ដេរ​អូសេអង់ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានីភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​រោងចក្រ​នេះ​មិន​បាន​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​កាលពី​ថ្ងៃ​ពុធ​ ឲ្យ​បើក​ប្រាក់​ដល់​កម្មករ​ក្នុង​ម្នាក់​ៗ​១២០​ដុល្លារ​ ជា​ប្រាក់​សម្រាប់​ពេល​ឈប់​សម្រាកពី​ការ​ងារ​ដោយ​សារ​រោង​ចក្រ​នេះ​បាន​ផ្អាក​ប្រតិបត្តិការ​។

នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​​កម្មករ​បាន​ដុត​កង់​ឡាន​ចំនួន​១០​ ហើយ​បាន​បិទ​ផ្លូវ​ទៅ​កាន់​​រោងចក្រ​រយៈ​ពេល​ពីរ​ម៉ោង​មុន​​ពេល​សម្រេច​ពន្យារពេល​តវ៉ា​រហូត​ដល់​ថ្ងៃ​ច័ន្ទ ដែល​នៅ​ពេល​នោះ ​​ពួកគេ​មាន​គម្រោង​ហែក្បួន​ពី​​​​​​​​រោងចក្រ​ទៅ​កាន់​ក្រសួង​ការ​ងារ​។

​ឈ្មោះ ស៊ិន សុភ័ណណារិន អាយុ​៥១​ឆ្នាំ​ ជា​កម្មករ​នៅ​រោងចក្រ​កាត់​ដេរ​​អូសេអង់ ដែល​បាន​ចូល​រួម​ការ​តវ៉ា​​បាន​និយាយ​ថា ” ខ្ញុំ​ខឹង​ខ្លាំង​ណាស់​។ ខ្ញុំ​ត្រូវ​ការ​ប្រាក់​ដើម្បី​បង់​ថ្លៃឈ្នួល​​ផ្ទះ និង​ចំណាយលើ​អ្វី​ៗផ្សេង​ទៀត។ ខ្ញុំ​បាន​រង់​ចាំ​បើក​​ប្រាក់​ពី​រោងចក្រ​រយៈ​ពេល​យូរ​មក​ហើយ​”។

ឈ្មោះ ឃុត ម៉ាលី ជា​អ្នក​តវ៉ា​ម្នាក់​ទៀត​បាន​និយាយ​ថា ” ប្រសិន​បើ​យើង​មិន​ដុត​កង់​​ឡាន​ទេ​នោះ​ ស្ថាប័ន​ពាក់ព័ន្ធ​​នឹង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​ពួកយើង​ឡើយ​។គ្រាន់​តែ​ដុត​កង់​ឡាន​វា​ទាន់មិន​គ្រប់​គ្រាន់​ទេ យើង​ត្រូវ​ហែក្បួន​ចូលក្នុង​​ក្រុង​​ទៀត​”។

កម្មករ​បាន​ធ្វើ​ការ​តវ៉ា​នៅ​រោងចក្រ​នេះ ដោយសារ​អ្នក​គ្រប់​គ្រង​រោងចក្រ​អូសេអង់​ បាន​និយាយ​កាល​ពី​ខែមុន​ថា រោងចក្រ​នឹង​បើក​ប្រាក់​ឲ្យ​កម្មករ​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ បន្ទាប់ពី​ផ្អាក​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ដោយ​សារ​មិន​មាន​ការ​បញ្ជា​ទិញ​។

កាលពី​ខែ​មុន ក្រសួង​ការ​ងារ​បាន​បញ្ជូន​ករណី​នេះ​ទៅក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​សេចក្ដី​សម្រេច​របស់​ខ្លួន​មិន​ភ្ជាប់​​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​ បន្ទាប់ពី​មិន​មាន​ដំណោះ​ស្រាយ​។

លោក ហួន វណ្ណា មន្ត្រី​ម្នាក់​នៅ​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​តវ៉ា​គឺ​ដើម្បី​រំឭក​រោងចក្រ​ថា រោងចក្រ​មិន​បាន​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​។

លោក​បាន​មាន​ប្រសាសន៍​ថា ” នេះ​គឺ​ជា​វិធី​ទី១ដើម្បី​រំឭក​រោងចក្រ​ ពីព្រោះពួកគេ​មិន​បាន​គោរព​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​”។

យោងតាម​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក គង់ ផលលក្ខណ៍ ប្រធាន​ក្រុម​ប្រឹក្្សា​អាជ្ញា​កណ្ដាលមាន​ខ្លឹម​សារ​ថា ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​បាន​សម្រេច​ថា រោងចក្រ​អូសេអង់ ត្រូវ​បើក​ប្រាក់​ចំនួន​១២០​ដុល្លារ​ឲ្យ​កម្មករណាដែល​បាន​ធ្វើការ​នៅ​រោងចក្រ​នេះ​លើសពី​មួយ​ឆ្នាំ។

លិខិត​ដដែល​នេះ​លើក​ឡើង​ថា ” ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​សូម​ស្នើ​ឲ្យ​រោងចក្រ​បើក​ប្រាក់​ឲ្យ​កម្មករ​១០០​ភាគរយ ​​ដោយ​សារ​ពេល​ផ្អាក​ដំណើរ​ការ​នោះ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

កាលពី​ព្រឹក​​ថ្ងៃ​ពុធ រោងចក្រ​អូសេអង់ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ថា រោងចក្រ​នឹង​បើក​ប្រាក់​ឲ្យ​កម្មករ​ណា​ដែល​បាន​ធ្វើការ​លើស​ពី​១ឆ្នាំ តែ​១០០​ដុល្លារ​បុ៉ុណ្ណោះ​ក្នុង​ម្នាក់​ៗ ហើយ​កម្មករ​ណា​ដែល​បានធ្វើការ​ក្រោម​៦​ខែ ​ចំនួន៥០​ដុល្លារ។

លោក ទិត្យ សុភ័ណ ប្រធាន​ការិយាល័យធនធាន​មនុស្ស​រោងចក្រ​អូសេអង់​ បាន​មាន​ប្រសាសន៍​ថា រោងចក្រ​មិន​មាន​គម្រោង​បើក​ប្រាក់​ឲ្យ​កម្មករ​លើស​ពី​១០០​ដុល្លារ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ” រោងចក្រ​នឹង​មិន​បើក​លើស​ពី​១០០​ដុល្លារ​ទេ​…​បើទោះជា​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ចេញ​សេចក្ដី​សម្រេច​ក៏ដោយ​៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស